រឿង ជីវិតខ្ញុំ

          ឈ្មោះ​ពិត ស៊ឹន អាន ឈ្មោះ​ប្រើ​សព្វថ្ងៃ ស៊ឹន អ៊ាន ជា​កូន​ទី ៦ ក្នុង​ចំណោម​បងប្អូន ៨ នាក់ មាន​ស្រី ៣ ប្រុស ៥ ជា​កូន​លោក​ឪពុក ស៊ឹន ឃុត ជា​កសិករ និង​ម្ដាយ សំ ឡាយ ជា​មេផ្ទះ ទីលំនៅ​មុន​ឆ្នាំ ១៩៧៥ គឺ​ខាងជើង​សាលា​ដែក ខាង​ត្បូង​វត្ត ឧត្តរាវត្តី គីឡូម៉ែត្រ​លេខ ៥ ភ្នំពេញ។
          តាម​ការ​និយាយ​ប្រាប់​របស់​ឪពុក​ម្ដាយ​ថា ខ្លួន​ខ្ញុំ​នេះ​បាន​ចាប់​ផ្ទៃ​ម្ដាយ​នៅ​ឯ ត្បូងឃ្មុំ ខេត្ត កំពង់ចាម ដល់​ពេល​គម្រប់​ខែ ម្ដាយ​ខ្ញុំ​ថា បាន​ឆ្លង​ទន្លេ​ខ្ញុំ​នេះ​នៅ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្ត​តាកែវ ឯណោះ​វិញ (ឆ្នាំជូត)។ គាត់​ទាំងពីរ​បាន​និយាយ​ដំណាល​ថា កាល​ពី​ឆ្នាំ ១៩៤៤-៤៥ នៅ​ខេត្ត​តាកែវ​មាន​កើត​គ្រោះ​រាំងស្ងួត ធ្វើ​ស្រែ​ភ្លឺ​មិនបានសោះ គាត់​ទាំងពីរ​បាន​នាំ​កូនចៅ​ទាំងអស់ រួម​ទាំង​បងប្អូន​មីង​មា​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់​នៅ​ឯ​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​កូន។ នៅ​បាន​ជាង​មួយ​ឆ្នាំ​ឮ​ថា ស្រុក​កំណើត​មាន​ភ្លៀង​ធ្លាក់​ជោគ​ជំ​វិញ គាត់​ក៏​ត្រឡប់​មក​ស្រុក​វិញ ដោយ​ម្ដាយ​ខ្ញុំ​មាន​គភ៌​ខ្ញុំ​ជិត​គ្រប់ខែ។ ខ្ញុំ​បាន​ចាប់​កំណើត​ឆ្នាំ ១៩៤៧ ត្រូវ​នឹង​ឆ្នាំជូត មិន​ដឹង​ថ្ងៃ​ណា​ទេ។ តែ​ពេល​នោះ​ខ្មែរ​យើង​មាន​បារាំង​គ្រប់គ្រង ហើយ​ក៏​មាន​ទ័ព​ខ្មែរ​ឥស្សរៈ ចេះ​តែ​ប្រយុទ្ធ​គ្នា នឹង​គ្មាន​ពេលណា​លោះ អីចឹង​រូប​ខ្ញុំ​នេះ​កើត​មក​ជួប​សង្គ្រាម​តែ​ម្ដង។
          ឆ្នាំ ១៩៥២ ពេល​ខ្ញុំ​មាន​វ័យ ៦ ឆ្នាំ ម្ដាយ​ឪពុក​ខ្ញុំ​បាន​មក​រស់នៅ​ភ្នំពេញ​ហើយ​បាន​យក​កូន​ចៅ​ទាំងអស់ ៧ នាក់ មក​ជាមួយ ទុក​តែ​បងស្រី​ធំ​ទី ២ នៅ​មើល​ផ្ទះសម្បែង ដីធ្លី​នៅ​ស្រុក​កំណើត។ ការ​មក​រស់នៅ​ភ្នំពេញ ឪពុក​ខ្ញុំ​ធ្វើ​កម្មករ​ក្រុមហ៊ុន សុរាគារ​ខ្មែរ (SKD) ឯ​ម្ដាយ​ខ្ញុំ​លក់​បន្លែ​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ ៦។ ឆ្នាំ ១៩៥៦ ខ្ញុំ​អាយុ ១០ ឆ្នាំ ឪពុក​ម្ដាយ​ខ្ញុំ​ឲ្យ​ចូល​រៀន​នៅ​សាលា​បឋមសិក្សា ឧត្តរាវត្តី ក្រោយ​មក​ប្ដូរ​ជា សាលា​បឋមសិក្សា ឫស្សីកែវ​វិញ។ ឆ្នាំ ១៩៦២-៦៣ ខ្ញុំ​បាន​ប្រលង​ជាប់​រៀន​នៅ​វិទ្យាល័យ សង្គមរាស្ត្រនិយម (ទួលគោក)។ ឆ្នាំ ១៩៦៦-៦៨ ខ្ញុំ​រៀន​នៅ មហាវិទ្យាល័យ ពាណិជ្ជសាស្ត្រ (ទល់មុខ​ព្រះ​សក្យមុនី​ចេតិយ) មុខ​រ៉ា​រទេះភ្លើង លុះ​ដល់​ខែ​កក្កដា ឆ្នាំ ១៩៦៨ ខ្ញុំ​ប្រលង​ចេញ​ជាប់ ហើយ​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន SONATEX (រហូត​ដល់​ឆ្នាំ ១៩៧០)។ ឆ្នាំ ១៩៧១ ខ្ញុំ​ប្រលង​ជាប់​ធ្វើការ​នៅ អគ្គិសនី​កម្ពុជា (EDC) រហូត​ដល់​ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥។
          សង្ខេប​ពី​ប្រវត្តិ​តស៊ូ​ខ្លះ​ៗ ពី​អាយុ ១០ ឆ្នាំ ដល់​បាន​រៀនចប់​ចូល​ធ្វើការ​៖
          ក្នុង​នាម​ឪពុក​ជា​កម្មករ ម្ដាយ​ជា​អ្នក​លក់​បន្លែ ហើយ​មាន​ភារកិច្ច​ចិញ្ចឹម​កូនប្រុស ៤ នាក់ ឲ្យ​រៀន​សូត្រ តើ​គាត់​ពិបាក​យ៉ាងណា? ចាប់​ពី​អាយុ ១០ ឆ្នាំ ខ្ញុំ ប្អូន​ខ្ញុំ​ពីរ​នាក់ និង​មាន​បងប្រុស ១ នាក់ ចេះ​ចែក​រំលែក​ការងារ​គ្នា ធ្វើការ​ក្នុង​ផ្ទះ គឺ​បង​ប្រុស​ដាំ​ស្ល ខ្ញុំ​លាងចាន ប្អូន​បន្ទាប់​ឲ្យ​បាយជ្រូក មាន់ ទា។ ដល់​ខ្ញុំ​ដាំ​ស្ល បង​ប្រុស​ឲ្យ​បាយជ្រូក ប្អូន​បន្ទាប់​លាង​ចាន គឺ​ផ្លាស់ប្ដូរ​វេន​គ្នា​ជា​ប្រចាំ។ ដូច្នេះ​ហើយ​ទើប​ការងារ​ក្នុង​ផ្ទះ​ខ្ញុំ ម្ដាយ​ឪពុក​ខ្ញុំ​មិន​ពិបាក​ទេ គឺ​ពិបាក​តែ​នៅ​ធ្វើការ​និង​លក់​ដូរ​តែ​ប៉ុណ្ណោះ។ រូប​ខ្ញុំ​នេះ ទោះ​ជា​ពេល​ចូល​រៀន​ក្ដី​ក៏​ខ្ញុំ​នៅ​តែ​ឆ្លៀត​លក់​នំប៉័ង​ពេល​ព្រឹក។ គឺ​ម៉ោង ៤ ទៅ​យក​នំប៉័ង​ចំនួន ២០ នំ ចាប់​ដើរ​លក់​ពី​ម៉ោង 5:០០-6:៣០ គឺ​ដើរ​ដាក់​តាម​ផ្ទះ​ម៉ូយ​ដែល​គេ​ធ្លាប់​យក​រាល់ថ្ងៃ គឺ ១ ផ្ទះ​នំ ៣។ នំប៉័ង​ពីមុន គឺ ១.២០ រៀល ដល់​ដាក់​ស្ករស​ឲ្យ​គេ​ផង គឺ​មួយ ២ រៀល តែ​បើ​គេ​យក ៣ ម្ដង​លក់​តែ ៥ រៀល វា​ចំណេញ​តិច​តែ​លក់​ឆាប់​អស់​ប្រញាប់​បាន​ចូល​រៀន​វិញ​ផង។ ដល់​អាយុ ១២ ឆ្នាំ ឡើង​មក​ខ្ញុំ និង​បងប្រុស​ខ្ញុំ អាច​រែក​ទឹក​អណ្ដូង​លក់ ឬ​ទឹក​ម៉ាស៊ីន​លក់​ទៀត ទឹក​អណ្ដូង ១ អម្រែក (ធុង​ប្រេងកាត​ពី​ដើម​ចំណុះ ២០ លីត្រ) ១ រៀល បើ​ទឹក​ម៉ាស៊ីន​ទិញ​គេ ១ អម្រែក ០.៥០ លក់​វិញ ២ រៀល។ ក្រោយ​មក​ឪពុក​ខ្ញុំ​បាន​ទិញ​រទេះ​ទឹក​មួយ​ឲ្យ​អូស​លក់ គឺ​ធុង​សាំង​ចំណុះ ២០០ លីត្រ លក់ ១ ធុង ១០ រៀល ទិញ​គេ​មួយ​ធុង ៣ រៀល ដាក់​ផ្ទាល់​ដី បើ​ឲ្យ​រែក​ឡើង​លើ​ផ្ទះ​គឺ ១៣ ទៅ ១៥ រៀល តាម​ផ្ទះ​ខ្ពស់​ទាប។ កាល​ដែល​ខ្ញុំ​ចេះ​រែក​ទឹក អូស​ទឹក លក់​នំប៉័ង ក៏​បាន​ជួយ​មួយ​ចំណែក​ពី​ការ​ចំណាយ​ដូចជា ការ​ទិញ​សៀវភៅ​រៀន សំលៀកបំពាក់​រៀន។ ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ចំណាយ​ពី​ឪពុក​ខ្ញុំ និង​ម្ដាយ​ខ្ញុំ គឺ​មាន​បងស្រី​ខ្ញុំ​ពីរ​នាក់​ទៀត​ដែល​ខ្ញុំ​ទៅ​នៅ​បម្រើការ​គេ តាម​ភោជនីយដ្ឋាន គឺ​លាង​ចាន បង​ស្រី​នោះ គឺ​បង​ទី ៣ និង​ទី ៤ តែ​បង​ទី ៣ ត្រូវ ប៉ុល ពត សម្លាប់​ហើយ នៅ​តែ​បង​ទី ៤ ដែល​ជា​អ្នកមានគុណ មក​លើ​ពួក​ខ្ញុំ ដែល​នៅ​ក្នុង​វ័យ​សិក្សា​នោះ។
​          ឆ្នាំ ១៩៦២ ឪពុក​ខ្ញុំ​ត្រូវ​ចូល​និវត្តន៍ ម្ដាយ​ខ្ញុំ​នៅ​លក់​បាន​ខ្លះ​ៗ អីចឹង​ភារកិច្ច​ពួក​ខ្ញុំ​រឹត​តែ​ខំ​ប្រឹង​បន្ថែម​ទៀត គឺ​ពេល​វ៉ាកង (វិស្សមកាល) ត្រូវ​ប្រឹង​ធ្វើការ​រកលុយ​សម្រាប់​ចូលរៀន​វិញ។ បន្ទាប់​ពី​ចូល​និវត្តន៍ ឪពុក​ខ្ញុំ​បាន​សុំ​សាលារៀន​ជិត​ផ្ទះ​ចូល​លក់ដូរ​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​កូន គឺ​លក់​ទឹកកក​ឈូស នំនែក​ខ្លះ​ៗ ក្នុង​មួយ​ថ្ងៃ​ចំណេញ​បាន ៣០-៤០ រៀល។ ដោយ​ប្រឹងប្រែង​ឈរ​លក់ ឪពុក​ខ្ញុំ​ត្រូវ​ខ្យល់គរ​ដួល​នៅ​នឹង​កន្លែង​ក្នុង​សាលា។ ពួក​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ បាន​ស្រែក​ឲ្យ​គេ​ជួយ ទើប​ឪពុក​ខ្ញុំ​ចាក​ផុត​ពី​សេចក្ដី​ស្លាប់​ពេល​នោះ។ អាយុ​ខ្ញុំ​ពេញវ័យ​ហើយ ឆ្នាំ ១៩៦៤-៦៥ ពេល​វ៉ាកង ខ្ញុំ​បាន​មក​ធ្វើ​កម្មករ​សាងសង់ បូរីកីឡា គឺ​មួយ​ថ្ងៃ​បាន ២៥ រៀល មួយ​អាទិត្យ​បើក​ម្ដង មួយ​ថ្ងៃ​ហូប​បាយ​មួយ​ពេល​អស់ ២-៣ រៀល។ ខ្ញុំ​ភ្លេច​លើក​យក​ទឹក​ចិត្ត​បងប្អូន​ប្រុស​របស់​ខ្ញុំ​បី​នាក់​មក​និយាយ លើកលែង​តែ​ប្អូនពៅ​មួយ​នៅ​ក្មេង​ជាង​គេ​ចេញ។ ក្រោយ​ពេល​ឪពុក​ចូលនិវត្តន៍ និង​ក្រោយ​ពេល​ដែល​ពួក​ខ្ញុំ​ប្រលង​រួច​ហើយ ប្អូន​បន្ទាប់​ថ្នាក់​ទី ៤ នៅ​រៀន​ពេល​នោះ​ខ្ញុំ​ទាំង​បី​បាន​សម្រេច​ឯកភាព​គ្នា ដោយ​មាន​ការ​យល់ព្រម​ពី​ឪពុក​ចាស់ ម្ដាយ​ជរា គឺ​សម្រេច​ប្រលង​ចូល​សាលា​ជំនាញ​ទាំងអស់​គ្នា។ អ្នកណា​ប្រលង​ធ្លាក់ គឺ​ឈប់​រៀន ដើម្បី​ធ្វើការ​ចិញ្ចឹម​ឪពុក​ម្ដាយ។ ដល់​ពេល​សម្រេច ក៏​ទៅ​ប្រលង​ទាំង​បី​នាក់ ដោយ​យក​សាលា​ខុស​ៗ​គ្នា​ទាំងអស់ បងប្រុស​ប្រលង​សាកលវិទ្យាល័យ ប្រជារាស្ត្រ ខ្ញុំ​ប្រលង​ចូល​មហាវិទ្យាល័យ​ពាណិជ្ជកម្ម ប្អូន​ប្រុស​ប្រលង​ចូល​សាលា​កសិកម្ម​ព្រែក​លាប។ ពេល​នោះ​បងប្រុស​ខ្ញុំ និងខ្ញុំ​ប្រលង​ជាប់ រី​ឯ​ប្អូន​ប្រុស​ប្រលង​ធ្លាក់ គឺ​ត្រូវ​ឈប់​រៀន ហើយ​ធ្វើ​កម្មករ​រោងចក្រ​ទឹកក្រូច Pepsi Cola មួយ​ខែ​បាន ១,៥០០ រៀល។ ចំណែក​បង​ប្រុស​ខ្ញុំ និង​ខ្ញុំ​ចូលរៀន​ត្រូវ​រដ្ឋ​ឧបត្ថម្ភ​អាហារូបករណ៍​ប្រចាំខែ ដែល​ធ្វើ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ​មិន​ជា​ពិបាក​ណាស់ណា​ទេ។ គឺ​ខ្ញុំ​អាច​ចាយ​វាយ ទិញ​សៀវភៅ ទិញ​សំលៀកបំពាក់ និង​សល់​ប្រាក់​ខ្លះ​សម្រាប់​ឪពុក​ម្ដាយ​នៅផ្ទះ។ ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​នៅ​ថ្ងៃ​ទី ០៥ វិច្ឆិកា ១៩៦៨ ប្រពន្ធ​ខ្ញុំ​ឈ្មោះ ឌុក សាភូ ក្រោយ​រៀបការ​នៅ​ថ្ងៃ ២៦ កញ្ញា ១៩៦៩ ចំណង​ដៃ​ទី ១ គឺ​កូនស្រី​ម្នាក់​មាន​ឈ្មោះ ស៊ឹន សោភ័ណ។
          ថ្ងៃ ១៨ មីនា ១៩៧០ ពេល​នោះ​ខ្ញុំ​កំពុង​ធ្វើការ​ក្នុង​ក្រុមហ៊ុន SONATEX វេលា​ម៉ោង ១ រសៀល ស្រាប់​តែ​វិទ្យុ​ផ្សាយ​ថា សម្ដេច​សីហនុ​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច។ ពេល​នោះ​ ខ្ញុំ​ក៏​ដូច​ជា​បុគ្គលិក​ធ្វើការ មាន​ការ​ភាំង​ស្មារតី​គ្រប់គ្នា​ដោយ​មិន​នឹក​ស្មាន​ជា​មាន​រឿង​អីចឹង​កើត​ឡើង ។
          ក្រោយ​ថ្ងៃ ១៨ មីនា ១៩៧០ ប្រជាជន​មាន​ភាព​ជ្រួលច្របល់ តាម​ជនបទ ស្រុក​ស្រែ​ចម្ការ និង​ទីក្រុង​ធំ​ៗ។ ថ្ងៃ ២៣ មិនា ១៩៧០ រូប​ខ្ញុំ​និង​នាយក​ក្រុមហ៊ុន​ត្រូវ​ទៅ​ធ្វើ​បេសកកម្ម​នៅ​រោងចក្រ​តម្បាញ​កំពង់ចាម (សាខា​ក្រុមហ៊ុន SONATEX)។ ថ្ងៃ ២៤ មីនា នេះដែរ ដោយ​នៅ​មុខ​រោងចក្រ និង​ក្នុង​ខេត្ត​មាន​ភាព​មិន​ប្រក្រតី ម៉ោង​ប្រហែល ៩ ព្រឹក ខ្ញុំ និង​នាយក​ក៏​សម្រេច​ត្រឡប់​មក​ភ្នំពេញ​វិញ​ជា​បន្ទាន់ ដោយ​ជិះ​រថយន្ត ID ដឺសឺវូ បារាំង។ នៅ​តាម​ផ្លូវ ខ្ញុំ​ឃើញ​ប្រជាកសិករ​មាន​កាន់​កាំបិត ដំបង ឈរ​តាម​ផ្លូវ​ជាតិ​ជា​ហូរហែ​ដល់​ជិត​ភ្នំពេញ។ ពេល​ដល់​ភ្នំពេញ នៅ​ឯ​ខាង​កំពង់ចាម​វិញ ឮ​គេ​ថា​ពួក​បាតុករ ចាប់​តំណាងរាស្ត្រ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ហើយ ឥឡូវ​កំពុង​ដង្ហែក្បួន​មក​ភ្នំពេញ​ទៀត ដើម្បី​តវ៉ា​រឿង​ទម្លាក់​សម្ដេចឪ​ចេញ​ពី​អំណាច។
          ចាប់​ពី​ពេល​នោះ​មក គេ​ឮ​សូរ​សំឡេង​ក្ដុងក្ដាំង​ខ្លះ​ៗ ហើយ​តាម​បណ្ដា​ភូមិ​ស្រុក​មួយ​ចំនួន ពួក លន់ ណុល ដែល​មាន​កម្លាំង​សហរដ្ឋអាមេរិក​ជា​បង្អែក ក៏​បាន​ធ្វើការ​ប្រយុទ្ធ​ជាមួយ​ពួក រណសិរ្សរំដោះ​ដែល​ស្និទ្ធ និង​គាំទ្រ​សម្ដេចឪ។ ការ​ចាប់​យុវជន​ធ្វើ​កំណែន​ទ័ព ក៏​មាន​ភាព​ជ្រួល​ច្របល់ តម្លៃ​ទំនិញ​សព្វសរពើ​ក៏​ឡើង​ថ្លៃ ធ្វើ​ឲ្យ​ប្រជាជន​គ្មាន​ភាព​កក់​ក្ដៅ​ឡើយ។ ឆ្នាំ ១៩៧៤-៧៥ គ្រាប់ប្លោង​ធ្លាក់​ជុំវិញ​ទីក្រុង ជាពិសេស​ផ្ទះ​ខ្ញុំ​ដែល​នៅ​ខាងជើង​សាលា​ដែក​នោះ ក៏​ត្រូវ​រង​គ្រាប់ប្លោង​ដូចគ្នា គ្មាន​លោះ​ថ្ងៃ​ណា​ទេ។ ដោយ​ម្ខាង​ទៀត​តម្រង់​រក​កន្លែង​ស្តុក​ប្រេង​ឫស្សីកែវ ដែល​ធំ​ជាងគេ ដើម្បី​ឲ្យ​វា​ឆេះ។ ភ្នំពេញ​កាន់​តែ​រួម​ទៅ​ៗ រហូត​ដល់​ថ្ងៃ ១៦ មេសា ១៩៧៥ ប៉ែក​ខាងជើង ម៉ោង​ប្រហែលជា ៣ រសៀល ពួក​ម្ខាង​ទៀត​ចូល​ដល់​គីឡូម៉ែត្រ​លេខ ៦ រោងចក្រ SKD ពេល​នោះ ដោយ​ភ័យ​ខ្លាច​គេ​ចាប់​ខ្ញុំ ឪពុក​ម្ដាយ​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ សម្រេច​ឲ្យ​ខ្ញុំ​រត់​មក​ដេក​នៅ​ស្នាក់​ការ​អគ្គិសនី​កម្ពុជា EDC ខាង​មុខ​វត្តភ្នំ​វិញ។ ពេល​ខ្ញុំ​ចេញដំណើរ​ពី​ផ្ទះ​សំដៅ​មក​វត្តភ្នំ សម្លេង​កាំភ្លើង​ពី​ទិស​ខាងជើង វា​ចេះ​តែ​ខិត​ចូល​មក​បន្តិច​ម្ដង​ៗ ឯ​ប្រជាជន​ក៏​ជ្រួល​ច្របល់ ខ្លះ​រត់​ចេញ ខ្លះ​រត់​ចូល​មក​ភ្នំពេញ។ ពេល​មកដល់​កន្លែង​ធ្វើការ​មិត្ត​រួម​ការងារ​ជាច្រើន ក៏​គេ​រត់​មក​កន្លែង​ធ្វើការ​ដែរ ដោយ​ខ្លះ​នាំ​ប្រពន្ធ​កូន​មក​ជាមួយ ដោយ​ឡែក​តែ​ខ្ញុំ​មក​តែ​ឯង ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ព្រួយ ឪពុកម្ដាយ កូន ប្រពន្ធ នៅ​ឯ គ.ម. ៥ (នៅផ្ទះ) មិន​ដឹង​ជា​យ៉ាងម៉េច។ យប់​នោះ​មាន​ភាព​ជ្រួល​ច្របល់​ខ្លាំង​ពេញ​ទីក្រុង ខ្ញុំ និង​មិត្តភ័ក្ដិ​គ្មាន​នរណា​មួយ​ដេក​លក់​ទេ បន់​ឲ្យ​តែ​ភ្លឺ ដើម្បី​រត់​មក​ផ្ទះ​សួរ​ដំណឹង​អ្នកផ្ទះ។ ព្រលឹម​ស្រាង​ៗ ប្រជាជន​ណែន​ណាន់​តាន់​តាប់ មក​ពី​គ្រប់​ទិសទី​ពេញ​វត្តភ្នំ ពេល​នោះ​ម៉ោង​ប្រហែល ៧ ព្រឹក គ្រាប់ប្លោង​ធ្លាក់ ១ គ្រាប់​ចំ​សួន​កម្សាន្ត​ក្មេង​វត្តភ្នំ ធ្វើ​ឲ្យ​អ្នក​រត់​មក​ទាំង​នោះ​ស្លាប់ និង​របួស​យ៉ាង​ច្រើន ពេល​នោះ​គ្មាន​នរណា​មើល​នរណា​ទេ ព្រោះ​ពួក​អាវ​ខ្មៅ​ចូល​ដល់​វត្តភ្នំ​ហើយ បើក​រថក្រោះ​យ៉ាង​ទ្រហឹង​អឺងអាប់។ ចំពោះ​ខ្ញុំ​វិញ​បាន​រីករាយ​ខ្លះ ដោយ​នឹក​ថា កងទ័ព​មក​រំដោះ​ឲ្យ​រួច​ពី​ពួក​អាមេរិក​ហើយ។ ពេល​នោះ​ខ្ញុំ​រត់​ចូល​បន្ទប់​ធ្វើការ ខ្ញុំ​ទាញ​វាំងនន​ពណ៌​ស​មួយ​ផ្ទាំង​មក​ជួត​ក្បាល ហើយ​ជិះ​ម៉ូតូ​សំដៅ​ទៅ​ផ្ទះ​វិញ។
          ពុទ្ធោ! មក​ដល់​ផ្លូវ​ចូល​ផ្ទះ​តាម​មុខ​រោងចក្រ​ទឹកក្រូច​សំដៅ​ទៅ​វត្ត ស្ងាត់ឈឹង គ្មាន​មនុស្ស​មួយ​សោះ។ ពេល​នោះ​ម៉ោង ៨ ព្រឹក ខ្ញុំ​ចាប់​ផ្ដើម​ភ័យ​ពី​សុវត្ថិភាព​ឪពុកម្ដាយ កូន​ប្រពន្ធ​ខ្ញុំ​មិន​ដឹង​យ៉ាងណា។ មក​ដល់​ផ្ទះ​ស្ងាត់​ឈឹង គ្មាន​នរណា​សោះ ខ្ញុំ​សឹង​តែ​សន្លប់​បាត់ស្មារតី តែ​ពេល​នោះ​មីង​ម្នាក់​ដែល​ជួល​ផ្ទះ​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា ពូ​មីង និង​កូន​ប្រពន្ធ​ក្មួយ​ឯង គេ​ដេញ​ចេញ​ពី​យប់មិញ​ជាមួយ​អ្នកភូមិ​ទាំងអស់​ហើយ តែ​​គេ​ឲ្យ​ចេញ​តែ ៣ ថ្ងៃ​ទេ ព្រោះ​ខ្លាច​យន្តហោះ​អាមេរិក​ទម្លាក់​គ្រាប់បែក។ ហើយ​ឥឡូវ​គាត់​បាន​ដើរ​ត្រឡប់​មក​វិញ​ហើយ ក្មួយ​កុំ​ភ័យ​អី ខ្ញុំ​អន់​ភ័យ​បន្តិច តែ​បារម្ភ​ដដែល​ពី​សុវត្ថិភាព​គ្រួសារ​ខ្ញុំ ជា​ពិសេស​ម្ដាយ​ខ្ញុំ​គាត់​មាន​ជំងឺ​ផង។ ពី​ម៉ោង ៨ ព្រឹក រហូត​ដល់​ម៉ោង ៦ ល្ងាច នៅ​តែ​មិន​ឃើញ​គ្រួសារ​ត្រឡប់​មក​វិញ​ទៀត ដោយ​យប់​ទៅ​ហើយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដេក​ក្នុង​ផ្ទះ​ម្នាក់ឯង ឯ​មីង​ក៏​ដេក​ក្នុង​ផ្ទះ​ជួល​របស់​ខ្ញុំ​ដែរ។ ពេល​យប់​ពួក​អាវ​ខ្មៅ​ដើរ​ដេញ​ប្រជាជន​ដែល​នៅ​សល់​ឲ្យ​ចេញ​ពី​ផ្ទះ តែ​បើ​រឹង​ទទឹង​បាញ់​ចោល ពេល​នោះ​ខ្ញុំ​គ្មាន​បាន​ហូបបាយ​ទេ ដោយ​មិន​ហ៊ាន​ដាំ​បាយ​ខ្លាច​ពួក​វា​ដឹង ឬ​ឭ យប់​នោះ​ខ្ញុំ​បាន​ផ្លែឈើ នំ​ចេក​ខ្លះ ដែល​សែន​ទេវតា​ពេល​ចូល​ឆ្នាំ​ខ្មែរ​នោះ​ហូប។ យប់​នោះ​ខ្ញុំ​ដេក​មិន​ហ៊ាន​ទាំង​ចង​មុង​ផង ព្រោះ​ខ្លាច​វា​លប​មើល​ឃើញ។ និយាយ​ឲ្យ​អស់​ទៅ គ្រាន់​តែ​ដក​ដង្ហើម​សឹង​តែ​មិន​ហ៊ាន​ដក​ផង។
          ភ្លឺ​ឡើង ខ្ញុំ​ក៏​បាន​ភ្ញាក់​រៀបចំ​ឥវ៉ាន់​ក្នុង​ផ្ទះ​ទុក​ដាក់​ចូល​ទូរ​ឲ្យ​ស្អាត​ត្រឹមត្រូវ ហើយ​យក​ស្បោង​មួយ​ច្រក​ទឹកក្រូច ១១ ដប និង​នំ​ខ្លះ ដើម្បី​ទុក​ឲ្យ​គ្រួសារ​ហូប​តាម​ផ្លូវ។ ឯ​ខោអាវ​វិញ ស្លៀកពាក់​តែ​មួយ​ចង្កេះ​សុទ្ធ និង​ស្បែក​ជើង​ផ្ទាត់​ជីប​តុង​មួយ​គូ​ប៉ុណ្ណោះ។ ម៉ោង ៧ ព្រឹក ថ្ងៃ ១៨ មេសា ១៩៧៥ ខ្ញុំ​ចេញ​ដំណើរ​ជាមួយ​មីង បង​ប្អូន​ខ្លះ ដែល​សម្ងំ​ដេក​ពី​យប់​នោះ ចេញ​ទៅ​តាម​រក​គ្រួសារ​ដូចគ្នា​ដែរ។ តាម​ដង​ផ្លូវ​ពី​រោងចក្រ​ទឹកក្រូច​ទៅ​ជើង ប្រជាជន​ណែនណាន់​តាន់តាប់ ខ្លះ​រែក ខ្លះ​អូស ខ្លះ​ស្ពាយ ខ្លះ​មាន​ម៉ូតូ ខ្លះ​កាន់​ដឹក​ឥវ៉ាន់ ដែល​មាន​យក​ទៅ​តាម ព្រោះ​ពួក​អាវ​ខ្មៅ​វា​នៅ​តែ​ដេញ​តាម​ពី​ក្រោយ​ជាប់។ ម៉ោង ១០ ព្រឹក ខ្ញុំ​ទៅ​ដល់ គ.ម. ៧ ជួប​បង​ស្រី​ទី ៤ និង​គ្រួសារ​គាត់​ដើរ​ដល់​ត្រឹម​ហ្នឹង ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​អរ​ថា ខ្ញុំ​បាន​ជួប​បង​ម្នាក់​ហើយ ខ្ញុំ និង​បង​ស្រី​ក៏​ដើរ​ជា​ហូរហែ​តាម​ប្រជាជន​ទាំងអស់ រហូត​ដល់​ម៉ោង ១ រសៀល ទើប​ដល់​ព្រែក​ព្នៅ (ដី ៨ គ.ម. ដើរ​ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ១ រសៀល​ទើប​ដល់)។ជិត​ដល់​ផ្សារ​ព្រែក​ព្នៅ ពួក​អាវ​ខ្មៅ​វា​ចាប់​ផ្ដើម​ឆែកឆេរ​យក​របស់​របរ​ខ្លះ​ដូចជា វិទ្យុ នាឡិកា ថ្នាំពេទ្យ៘ ហើយ​វា​ប្រាប់​ថា មិន​បាច់​យក​ទៅ​ទេ​ដល់​កន្លែង​រស់នៅ​អង្គការ​គេ​ផ្គត់ផ្គង់​ឲ្យ​ហើយ។ ដល់​ផ្សារ​ភ្លាម ខ្ញុំ​ស្ទុះ​ទៅ​ចាប់​អោប​ឪពុក​ម្ដាយ​ខ្ញុំ ប្រពន្ធ​កូន​ខ្ញុំ យំ​ទាំងអស់​គ្នា ដោយ​អរ​ពេក​ក្រោយ​ពី​បាន​ជួប ដែល​ខ្ញុំ​គ្មាន​សង្ឃឹម​បន្តិច​សោះ​នោះ។ ក្នុង​ផ្សារ​ព្រែក​ព្នៅ ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ១៩៧៥ មនុស្សម្នា​ច្រើន​ណាស់​រក​តែ​កន្លែង​ឈរ អង្គុយ​ក៏​គ្មាន​ដែរ កណ្ដាលថ្ងៃ កណ្ដាលវាល កន្លែង​ណា​ក៏​មនុស្ស​ដែរ។ យប់​នោះ ខ្ញុំ និង​គ្រួសារ​សម្រាក​នៅ​កណ្ដាលវាល​ផ្សារ​ព្រែក​ព្នៅ។ ព្រឹក​ព្រលឹម​ស្រាង​ៗ ពួក​អាវ​ខ្មៅ​វា​មក​ដេញ​ឲ្យ​ទៅ​មុខ​ទៀត គ្រួសារ​ខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ​ទិស​ខាង​ជើង ដោយ​បាន​កង់​មួយ​ចង​ឥវ៉ាន់​ពេញ​ទាំងអស់ ហើយ​បណ្ដើរ​ផង ខ្ញុំ​រែក​ផង ប្រពន្ធ​ខ្ញុំ​ដឹក​ដៃ​កូន ១ និង​ពរ​មួយ (ពេល​ចេញ​ទៅ​ខ្ញុំ​មាន​កូន ២ នាក់ ស្រី ១ អាយុ ៦ ឆ្នាំ កូនប្រុស​អាយុ ៣ ឆ្នាំ) ពី​ព្រែក​ព្នៅ​មក​ដល់​ត្រឹម​វត្ត​គ្រួស​ដើរ​រហូត​ដល់​ថ្ងៃ​ត្រង់​ទើប​ដល់ ហើយ​ឈប់​សម្រាក​ដាំបាយ​ហូប​សិន។ ពេល​នោះ ម្ដាយ​ខ្ញុំ​វង្វេង​បាត់ ដោយ​ដឹក​ដៃ​ចៅ​គាត់​អាយុ ៦ ឆ្នាំ ទៅ​ជាមួយ​ផង។ ណា​មួយ​បាត់​ម្ដាយ និង​កូន ខ្ញុំ​ក៏​រត់​រក​ប្រហែល​ជា​ជិត ២ ម៉ោង​ទើប​ឃើញ។ ហូប​បាយ​ហើយ ម៉ោង ៣ រសៀល ចាប់​ផ្ដើម​ដើរ​ទៅ​មុខ​ទៀត គឺ​ដល់​វត្ត​ព្រែក​តា​ទែន ក៏​យប់​ហើយ​ឈប់​សម្រាក​មុខ​វត្ត​នោះ មួយ​យប់ គឺ​ដេក​ចិញ្ចើម​ថ្នល់​ដោយ​យក​ក្បាល​បែរ​មក​ថ្នល់ ជើង​ចេញ​ទៅ​ក្រៅ​ដង្ហែ​គ្នា​មួយ​គ្រួសារ។ ព្រឹក​ឡើង ថ្ងៃ ២០ មេសា ក៏​ចេញ​ដំណើរ​ទៅ​ទៀត ដោយ​ដើរ​តាម​មាត់​ទន្លេ​ម្ដង ព្រោះ​មនុស្សម្នា​ច្រើន​ពេក​ដើរ​មិន​រួច។ ដើរ​បាន​ប្រហែល​ជា ៤ គ.ម. ក៏​ឈប់​ហើយ​សម្រាក​នៅ​ទីនោះ​មួយ​យប់​ទៀត។
          ថ្ងៃ ២១ មេសា ក៏​ដើរ​មក​ដល់​ព្រែក​ក្ដាម កំពង់ចម្លង​ពេល​នោះ​សាឡាង​តូច​ពេក ពួក​អាវ​ខ្មៅ​វា​យក​ទូក​ពីរ​ចង​ទន្ទឹម​គ្នា​ជញ្ជូន​ប្រជាជន​នៅ​ត្រើយ​ខាងកើត។ ដោយ​មនុស្ស​ច្រើន​មធ្យោបាយ​តិច ខ្ញុំ​ត្រូវ​រង់ចាំ​ដេក​ដើម្បី​បាន​ឆ្លង​ចំនួន ៣ យប់។ ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ ១៩៧៥ ខ្ញុំ​បាន​ឆ្លង​មក​ត្រើយ​ខាងកើត ពេល​នោះ​ពួក​អាវ​ខ្មៅ​វា​ឈប់​ឲ្យ​ដើរ គឺ​វា​ជញ្ជូន​តាម​ឡាន​ម្តង។ ពេល​នោះ​ខ្ញុំ​បាន​ជួប​សាស្ត្រាចារ្យ​ខ្ញុំ​ម្នាក់​នៅ​មហាវិទ្យាល័យ (គឺ​លោក ឱក សារិន) ខ្ញុំ និង​គាត់​ដើរ​មក​បើក​អង្ករ​ពី​អង្គការ​ដូចគ្នា។ គ្រូ​ខ្ញុំ​បាន​និយាយ​ថា "អ៊ាន អើយ យើង​ជួប​គ្នា​តែ​ថ្ងៃ​នេះ​ទេ​មើល​ទៅ ហើយ​យើង​គ្មាន​សង្ឃឹម​បាន​ចូល​ភ្នំពេញ​វិញ​ទេ គឺ​ការ​ស្លាប់​ខិត​នៅ​ពី​មុខ​យើង​ហើយ"។ បើក​អង្ករ​ហើយ ខ្ញុំ​ក៏​បែក​គ្នា​ជាមួយ​លោកគ្រូ​ខ្ញុំ ហើយ​សំដៅ​ទៅ​កន្លែង​សម្រាក​គ្រួសារ ដើម្បី​ប្រញាប់​ប្រញាល់​ដាំ​បាយ​ហូប​ខ្លាច​ក្រែងលោ​រថយន្ត​មក​ដឹក មិន​ទាន់​បាន​ហូប​បាយ។ រង់ចាំ ៤ យប់​ទៀត ថ្ងៃ ២៨ មេសា ម៉ោង ៣ រសៀល ខ្ញុំ និង​គ្រួសារ​បាន​ជិះ​រថយន្ត​ដោយ​គេ​យក​មក​ទុក​ត្រឹម​ផ្សារ​ស្គន់។ មនុស្ស​ដែល​ដឹក​មក​ចាក់ចោល​នៅ​ស្គន់​ច្រើន​ណាស់ មាន​លាយឡំ​គ្រប់​មន្ត្រីរាជការ ប្រជាជន។ យប់​នោះ​ម៉ោង ៩ យប់ គណតំបន់​គេ​ចុះ​មក ឲ្យ​អង្គការ​គេ​ស្រង់ ថា​តើ​បង​ប្អូន​ណា​ធ្វើការ​អី​ឲ្យ​រាយការណ៍​ពិតប្រាកដ ព្រោះ​អង្គការ​ត្រូវ​ការ​បងប្អូន​ឲ្យ​ចូល​ធ្វើការ​វិញ។ អង្គការ​ក៏​ប្រកាស ៖
  • បងប្អូនទាហាន ប៉ូលិស គយ គិញ មកនៅខាងត្បូងផ្សារ
  • សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ មកខាងកើត
  • ប្រជាជន កសិករ មកខាងជើង
          យប់​នោះ ខ្ញុំ និង​គ្រួសារ​ដេក​មិន​លក់​ទេ ព្រោះ​ត្រូវ​រៀបចំឡើង ដើរ​គេច​ចេញ​ពី​ការ​បែងចែក​របស់​ពួក​វា។ ថ្ងៃ ២៩ មេសា ១៩៧៥ ម៉ោង ៣ ទៀប​ភ្លឺ ខ្ញុំ និង​គ្រួសារ​ក៏​ចេញ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្គន់​ទៅ​ជើង។ ដើរ​រហូត​ដល់​ភ្លឺ ក៏​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ វត្ត​ត្រពាំង​ស្លា ជិត​ដល់​បាខម​ក្នុង​ទឹកដី​កំពង់ធំ ហើយ​ក៏​មាន​ទាហាន​តូច​ៗ​របស់​ពួក​អាវ​ខ្មៅ​ចេញ​មក​ឃាត់​ដំណើរ ដោយ​គេ​ប្រើ​សំដី​ថា "បងប្អូន​ចូល​ស្នាក់​នៅ​កន្លែង​នេះ អង្គការ​ទុក​បងប្អូន​ត្រឹម​នេះ ព្រោះ​ជិត​ដល់​រដូវ​ធ្វើ​ស្រែ​ចម្ការ​ហើយ"។ ពេល​នោះ ខ្ញុំ និង​គ្រួសារ និង​មាន​បងប្អូន​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បង្ខំ​ចូល​មក​រស់​នៅ​ក្នុង​វត្ត​ត្រពាំង​ស្លា​នេះ​ទៅ។ បន្ទាប់​មក​គេ​ក៏​បែងចែក​តាម​ភូមិ​កសិករ ខ្ញុំ និង​គ្រួសារ​ត្រូវ​បាន​នៅ​ខាង​ត្បូង​វត្ត​នេះ​តែ​ម្ដង។ ការ​រស់​នៅ​កន្លែង​នោះ គឺ​អង្គការ​គ្មាន​អី​ចែក​សម្រាប់​ក្រពះ​ទេ គឺ​មាន​តែ​ដោះដូរ​ខោ អាវ សារុង ឬ​របស់​របប​ផ្សេង​ៗ​ជាមួយ​កសិករ​ចាស់ ទើប​បាន​ស្បៀង​ហូប។ ពេល​នោះ​អង្គការ​គេ​ប្រជុំ ហើយ​ជំរុញ​យើង​ឲ្យ​ទៅ​ជីក​ក្ដួច​នៅ​ភ្នំ​ជីលាចចារ ចម្ការ​លើ​យក​មក​ហូប ហើយ​បើ​មាន​សារុង​ថ្មី​ៗ ឬ​ស្រូវ​យក​ទៅ​ដូរ​ចេក​នៅ​ចម្ការ​លើ​យក​មក​ធ្វើ​ជា​អង្ករ (ហៅ​ថា​អង្ករ​ចេក) សម្រាប់​ហូប ដូច​ហូប​អង្ករ​ក្ដួច​ដែរ ។
          នា​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ ១៩៧៥ វេលា​ម៉ោង ៦ ព្រឹក ស្នូរ​ជួង​ដែក​កង់​ឡាន​វាយ​ឮ​សូរ​យ៉ាង​ខ្លាំង ដែល​ជា​សញ្ញា​ឲ្យ​បងប្អូន​ថ្មី​ៗ​ទៅ​ប្រជុំ។ ពេល​នោះ ខ្ញុំ និង​ឪពុក​ខ្ញុំ បាន​ទៅ​ប្រជុំ ហើយ​អង្គការ​គេ​លើក​ឡើង​ថា ៖ អង្គការ​ខ្វះ​ខាត អង្គការ​គ្មាន​របប​បើក​ជូន​បងប្អូន​ពិសា​ទេ ដូចនេះ​សូម បងប្អូន ឳ​ម៉ែ​ដែល​មាន​ស្រុក​កំណើត​ទី​ណា​សូម​ទៅ​នៅ​ទីនោះ​ចុះ អង្គការ​ពេល​នេះ បើក​ទូលាយ​ដោយសារ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​នៅឡើយ។
          រយៈពេល​ជិត​មួយ​ខែ​ដែល​រស់​នៅ​គ្មាន​ទី​ជម្រក គ្មាន​ការ​ហូបចុក​គ្រាប់​គ្រាន់ គ្មាន​ថ្នាំ​សង្កូវ កូន​ប្រុស​ស្រី​របស់​ខ្ញុំ​ទាំងពីរ​ក៏​ធ្លាក់​ខ្លួន​ឈឺ តែ​ដើម្បី​ចេញ​ផុត​ពី​ការ​អត់ឃ្លាន​គ្រួសារ​ខ្ញុំ ក៏​សម្រេច​ចិត្ត​ត្រឡប់​ក្រោយ មក​រក​ស្រុកកំណើត​វិញ។ ដើរ​បាន​មួយថ្ងៃ មួយ​យប់ ទើប​ដល់​ស្រុក​ស្គន់ ហើយ​ក៏​សម្រាក​នៅ​ទីនោះ​មួយ​យប់​ទៀត។ ដោយ​បាន​ប្ដេជ្ញា​ថា ត្រូវ​តែ​បក​ក្រោយ​នោះ គ្រួសារ​ខ្ញុំ​ក៏​ចេះ​តែ​ដើរ​មួយ​ថ្ងៃ​បាន ៧-៨ គ.ម. ឈប់​សម្រាក​មួយ​យប់ ៧-៨ គ.ម. ឈប់​សម្រាក​មួយ​យប់។ រហូត​ដល់​ព្រែក​ក្ដាម ហើយ​បាន​សម្រេច​ចិត្ត​ថា នឹង​នៅ​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​កន្លែង​សំបូរ​ត្រី និង​ស្រូវ។ ឆ្លងផុត​មក​ត្រើយ​ខាងលិច អង្គការ​គេ​មិន​ឲ្យ​ទៅ​ផ្លូវ​កំពង់ឆ្នាំង​ទេ គឺ​ឲ្យ​មក​ត្បូង​វិញ គឺ​ទិស​ចូល​ភ្នំពេញ។ គ្រួសារ​ខ្ញុំ​ក៏​ចេះ​តែ​ប្រឹង​ដើរ​ទាំង​ថ្ងៃ​ទាំង​យប់​រហូត​ដល់​វត្ត​គ្រួស ពេល​នោះ​កូន​ប្រុស​ដែល​មាន​អាយុ ៣ ឆ្នាំ​នោះ​ក៏​បាន​ស្លាប់​នៅ​ពេល​ខ្ញុំ​ពរ​ជាប់​នឹង​ដៃ ដោយសារ​ការ​អត់​ឃ្លាត និង​ឈឺ។ យប់​នោះ​ក៏​បាន​យក​កូន​ប្រុស​ដែល​ស្លាប់​កប់​ទុក​ក្នុង​វត្ត​គ្រួស​ទៅ។ លុះ​ព្រឹក​ឡើង​ក៏​ចាប់​ដើរ​មក​ដល់​ព្រែក​ព្នៅ អង្គការ​គេ​ចង្អុល​ឲ្យ​ទៅ​ទិស​ខាងលិច​វិញ គឺ​សំដៅ​ទៅ​បាសិទ្ធ។ ដល់​ភ្នំ​បាសិទ្ធ​ក៏​យប់​ល្មម ហើយ​សម្រាក​នៅ​កណ្ដាល​វាល ពេល​នោះ​ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ទៀត ក៏​ប្រឹង​រក​ធាង​ត្នោត​មក​គ្រប​បាំង​ការពារ​ភ្លៀង ជា​ពិសេស​ទៅ​ទៀត​ណា​បារម្ភ​ម្ដាយ​ឈឺ​តាម​ផ្លូវ ហើយ​កូន​ស្រី​សល់​មួយ​នោះ​ក៏​ឈឺ​កញ្ជ្រឹល​ទៀត។ ភ្លឺ​ឡើង​ក៏​ចាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​រហូត​មក​ដល់​វត្ត​ជម្ពូរវ័ន អង្គការ​គេ​ឲ្យ​ដើរ​វាង​ខាង​ក្រោយ​វត្ត​ទៅ​តាម​ផ្លូវជាតិ​លេខ ៣ វិញ លុះ​ដល់​យប់​ក៏​បាន​ដេក​នៅ​ស្រែ​ញរ​មួយ​យប់ ដេក​កំពង់​ទួល​មួយ​យប់ និង​ដេក​វត្ត​ថ្នល់​ទទឹង​មួយ​យប់។ លុះ​ព្រឹក​ឡើង​ចាប់​ដើរ​បាន​ប្រហែល​ជា ២ គ.ម. គឺ​ដល់​ភូមិ​ត្រពាំង​ក្រចាប់ ឃុំ​អង្គ​ពពែល ស្រុក​ភ្នំ​ស្រួច ក៏​ជួប​អង្គការ​អាយុ​ប្រហែល ១២-១៣ ឆ្នាំ ម្នាក់ ស្ពាយ​កាំភ្លើង​មក​ចង្អុល​ឲ្យ​ចូល​ភូមិ​នោះ ព្រោះ​គេ​ថា​ដល់​ពេល​បង្កបង្កើត​ផល​ហើយ អង្គការ​ឲ្យ​បងប្អូន​ឈប់​ធ្វើ​ដំណើរ គឺ​ចូល​ក្នុង​ភូមិ​នេះ​ទៅ។ រស់​នៅ​ក្នុង​ភូមិ​នេះ អង្គការ​គ្មាន​ស្បៀង​បើក​ទេ បើ​មាន គឺ​ស្រូវ​ភោជ្ជសាលី ក្នុង​មួយ​គ្រួសារ​ខ្ញុំ​មាន​មនុស្ស ៦ នាក់ (ឪពុក-ម្ដាយ​ខ្ញុំ​បី​នាក់​កូន និង​ក្មួយ​មួយ) គេ​ឲ្យ​ស្រូវ​ភោជ្ជសាលី ២ កំប៉ុង។ ស្រូវ​នេះ​គឺ​ដាំ​បាយ​មិន​រីក​បាន​ហូប​ទេ ព្រោះ​មិន​មែន​ជា​អង្ករ​សាឡី។ ការ​រស់​នៅ​តាម​ភូមិ រស់​បាន​ដោយសារ​ត្នោត​ទុំ ពេល​ត្នោត​ទុំ​ធ្លាក់ ឡើង​ដើរ​រើស​យក​មក​ដុត​ហូប ឬ​ដុះ​ធ្វើ​ជា​នំកូរ​ហូប។ ទឹក​ក៏​គ្មាន​ដែរ​គឺ​មាន​តែ​ត្រពាំង​ដែល​ជិត​រីង ខំ​ទៅ​សម្រេង​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ។ ផ្កា​ដំបងយក្ស ដើម​ដំបងយក្ស ដើម​ជន្ទល់​ភ្នំ គឺ​ជា​ចំណី​ពិសេស ពេល​នោះ​គឺ​យក​ធ្វើ​អន្លក់ ស្ល​ម្ជូរ​ជាមួយ​ខ្យង ខ្ចៅ តូច​ៗ ដែល​ដើរ​រក​ជីក​បាន​តាម​ភ្លឺស្រែ។
          រស់​នៅ​បាន​ប្រហែល​ជា​កន្លះ​ខែ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រៀន​សូត្រ​លត់ដំ ១០ ថ្ងៃ គឺ​នៅ​ទំនប់​ភ្នំ​ស្រង់ ដែល​មាន​កម្ពស់​ជាង ១០ ម៉ែត្រ ជាមួយ​បងប្អូន​ប្រជាជន​ដែល​គេ​តម្រូវ​ឲ្យ​ទៅ។
          សម្លម្ជូរ​ស្លឹក​ថ្នឹង​រាល់ថ្ងៃ បបរ​រាវ​រាល់ថ្ងៃ បើ​សម្លម្ជូរ​វិញ​គឺ​មាន​តែ​ស្លឹក​ថ្នឹង​ទេ ហើយ​បន្តែត​ទឹក​ខ្លាញ់ និង​ដាក់​អំបិល​បន្តិច​ៗ​តែ​ប៉ុណ្ណោះ។
          ត្រូវ​លត់​ដំ​តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃត្រង់ ហូប​បាយ​បបរ ហូប​រួច​ធ្វើ​រហូត​ដល់​ព្រលប់​ទើប​សម្រាក​ហូប​បាយ។ ទៅ​លត់​ដំ​បាន​តែ ៤ ថ្ងៃ រូប​ខ្ញុំ​មាន​ជំងឺ​ហើម​ពេញ​ខ្លួន​ប្រាណ​ទាំងអស់។ ក្រោក​មិន​រួច ដើរ​ក៏​មិន​រួច តែ​អង្គការ​គេ​មិន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ គឺ​គេ​ប្រាប់​ថា គេ​ឲ្យ​លត់​ដំ ១០ ថ្ងៃ មិត្ត​ឯង​ត្រូវ​តែ​នៅ​ឲ្យ​គ្រប់ ទើប​មក​វិញ​ជាមួយ​គេ។ គម្រប់​ដប់​ថ្ងៃ ព្រឹក​ឡើង​មាន​កង​ផ្សេង​ទៅ​ផ្លាស់​ប្ដូរ ក្រុម​ខ្ញុំ​ត្រូវ​ត្រឡប់​មក​ភូមិ​វិញ អ្នក​គេ​មាន​កម្លាំង​គេ​ដើរ​បាន ដើរ​មក​ដល់​ផ្ទះ​ត្រឹម​ថ្ងៃត្រង់ ចំណែក​ខ្ញុំ​ល្ងាច​ព្រលប់​ទើប​មក​ដល់។ ឯ​គ្រួសារ​ខ្ញុំ​វិញ​ព្រួយ​បារម្ភ​ថា ខ្ញុំ​ប្រហែល​ជា​ស្លាប់​ហើយ លុះ​ព្រលប់​ខ្ញុំ​មក​ដល់​ឪពុក​ម្ដាយ ប្រពន្ធ​កូន​ខ្ញុំ​អរ​រហូត​យំ​គ្រប់គ្នា។
          ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ១៩៧៥ ពេល​នោះ​អង្គការ​ត្រូវ​បញ្ជូន​ខ្ញុំ និង​បងប្អូន​ប្រជាជន​មួយ​ចំនួន​ចេញ​ទៅ​កន្លែង​ថ្មី គឺ​តានី​ទូក​មាស កំពង់ត្រាច ឈូក ពេល​នោះ​អង្គការ​គេ​ឲ្យ​មក​ដេក​ចាំ នៅ​ក្បែរ​ថ្នល់​ជាតិ​ដែល​មាន​ចម្ងាយ ១ គ.ម. ពី​ភូមិ​ប៉ុណ្ណោះ នៅ​ហាល​វាល ភ្លៀង​ផង គឺ​ដល់​ថ្ងៃ ១៧ កក្កដា ១៩៧៥ ទើប​បាន​ឡាន​ជិះ គេ​ដឹក​ចែក​រហូត​ដល់​ក្រុម​គ្រួសារ​ខ្ញុំ និង​បងប្អូន​មួយ​ចំនួន​ទៀត​បាន​ដាក់​ទៅ​កំពង់ត្រាច វេលា​ម៉ោង ៥ ល្ងាច។
          ពេល​ដល់​កំពង់ត្រាច​មាន​កងទ័ព​នៅ​ជិត​នោះ ខ្ញុំ និង​ឪពុក​ខ្ញុំ​ឃើញ​កងទ័ព​កំពុង​ហូបបាយ​ក៏​ទៅ​សំពះ​សុំ​គេ គេ​ក៏​ឲ្យ​ហូបបាយ មាន​សាច់​ជ្រូក​ស្ងោរ និង​ត្រី ពេល​នោះ​ខ្ញុំ និង​ឪពុក​ខ្ញុំ​ហូប​ឆ្អែត​ក៏​សុំ​គេ​ខ្លះ​ដើម្បី​ឲ្យ​ម្ដាយ ប្រពន្ធ និង​កូន​ខ្ញុំ​ហូប​ផង ពេល​នោះ​ខ្ញុំ​បាន​យក​សាច់​ស្ងោរ​ញាត់​ចូល​ហោប៉ៅ​អាវ​ផង ខោ​ផង អាវ​ដោះ​វេច​បាយ។
          ពេល​ម្ដាយ​ខ្ញុំ​កំពុង​ហូបបាយ​នោះ អង្គការ​គេ​តម្រូវ​ឲ្យ​ចេញ​ទៅ​ទាំង​យប់ គឺ​ដើរ​ទៅ​ខាងជើង​កំពង់ត្រាច​រហូត​ដល់​ភូមិ​ព្រាន់​ទុំ ឃុំ​ស្រែ​ជា ចម្ងាយ​ប្រហែល ៩-១០ គ.ម.។ ទៅ​ដល់​វត្ត​នោះ​ត្រូវ​ដេក​មួយ​យប់​ទៀត ភ្លឺ​ឡើង​អង្គការ​គេ​បែង​ចែក​ឲ្យ​ទៅ​តាម​ភូមិ ហើយ​គ្មាន​គិត​ថា អ្នក​ណា​បែក​ឪពុក ម្ដាយ កូន​ទេ គឺ​ស្រេច​តែ​អង្គការ​បែងចែក។
          ពុទ្ធោ​អើយ! ឪពុក​ម្ដាយ​ជាទី​ស្រលាញ់​ស្មើ​ជីវិត​ខ្ញុំ​ត្រូវ​វា​បំបែក​ឲ្យ​ទៅ​ភូមិ​ដោយ​ខ្លួន គឺ​នៅ​ភូមិ​សូភី ឯ​ខ្ញុំ និង​ប្រពន្ធ កូន​ស្រី​ខ្ញុំ នៅ​ភូមិ​ព្រាន់​ទុំ តែ​សំណាង​ដែរ​ដោយ​ការ​អង្វរករ​របស់​ខ្ញុំ ខ្ញុំ​សុំ​បាន​ឲ្យ​បងស្រី និង​គ្រួសារ​គាត់​នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅ​ភូមិ​សូភី​ដែរ។ ខ្ញុំ​មាន​ការ​ធូរ​ចិត្ត​ខ្លះ​ព្រោះ​បាន​បង​ស្រី​ទី ៤ បាន​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ។ ទម្រាំ​បាន​ជួប​មុខ​ឪពុក​ម្ដាយ​គឺ​បី​ខែ​ទើប​សុំ​គេ​បាន​ទៅ​ជួប ហើយ​ចម្ងាយ​ពី​ភូមិ​ខ្ញុំ​ទៅ​ភូមិ​ម្ដាយ​ខ្ញុំ​ប្រហែល ២ គ.ម. សោះ គឺ​គេ​មិន​ឲ្យ​ទៅ​ដាច់​ខាត​លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ទើប​ទៅ​បាន។
          ម្ដាយ​ឪពុក​ខ្ញុំ​យំ​យ៉ាង​ខ្លាំង​ក្រោយ​ពី​បាន​ឃើញ​រូប​ខ្ញុំ ព្រោះ​គាត់​ធ្លាប់​ឃើញ​កូន​មាន​សាច់​មាន​ឈាម​ទ្រលុក​ទ្រលន់ ឥឡូវ​ស្គម​ស្បែក​ឆ្អឹង​ជាប់គ្នា។ ខ្ញុំ​ភ្លេច​ជម្រាប​ថា ពេល​ដែល​រស់​នៅ​ក្នុង​ភូមិ​នោះ ខ្ញុំ​ត្រូវ​ធ្វើការ​ដូច​បងប្អូន​គ្រប់រូប​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ គឺ​គ្រុនចាញ់។ ដេក​នៅ​ផ្ទះ ប្រពន្ធ អង្គការ​ឲ្យ​ធ្វើការ គឺ​គ្មាន​ឲ្យ​នៅ​ថែរក្សា​គ្នា​ទេ គេ​ថា​អង្គការ​ជា​អ្នក​មើល​ហើយ។ របប​ហូប​អ្នក​ធ្វើការ (ឆ្នាំ ៧៥) គេ​ឲ្យ ៤ កំប៉ុង​ស្រូវ ខ្ញុំ​គេ​ឲ្យ ២ កំប៉ុង ព្រោះ​មិន​ចេញ​ពលកម្ម កូនក្មេង កូន​ស្រី​ខ្ញុំ (កុមារ) គេ​ឲ្យ ២ កំប៉ុង​ស្រូវ​ដែរ។ ឈឺ​ផង នៅ​ផ្ទះ​ត្រូវ​ធ្វើ​ម៉េច បុក​អង្ករ​ទុក​ដាំ​បាយ​ឲ្យ​ប្រពន្ធ​កូន​ហូប​ផង។ ពេល​ទៅ​ដង​ទឹក ចុះ​ជណ្ដើរ​ជាង ១០ កាំ​ទើប​ដង​បាន។ ដូច​នេះ​ត្រូវ​ការ​ឈើ​ច្រត់​ជួយ​ម្ខាង​ទើប​ចុះ​កើត។ ឈឺ​ពី​ខែ ៩ ដល់​ខែ ១១ ទើប​ជា។ ពេល​នោះ​អង្គការ​ឲ្យ​ទៅ​អង្គុយ​ដេរ​ស្លឹក (គឺ យក​ស្លឹក​ដូង​ដេរ​ជា​កណ្ដប​សម្រាប់​ទុក​ប្រក់​រោង ប្រក់ផ្ទះ។ ដេរ​បាន​កន្លះ​ខែ គេ​ឲ្យ​ទៅ​មើល​ក្របី​មួយ​ហ្វូង តែ​គេ​ឲ្យ​មាន​កុមារ ៤ នាក់​ជួយ​ដែរ។ ខ្ញុំ​ខ្លាច​ក្របី​ណាស់ តែ​ដល់​គេ​តម្រូវ​ត្រូវ​តែ​មើល​ថែ បើ​បាត់ ឬ​យ៉ាង​ម៉េច​ខ្ញុំ​ក៏​ត្រូវ​គេ​វាយចោល​ដែរ។
          កន្លះ​ខែ​ក្រោយ​មក​ទៀត​គេ​ឃើញ​ថា ជំងឺ​យើង​បាន​ធូរ​ច្រើន​ហើយ គេ​ប្ដូរ​ការងារ គឺ​ឲ្យ​ទៅ​ចម្ការ​វិញ ណា​សុខភាព​មិនទាន់​ស្រួល ពេល​ដើរ​ឆ្លង​ភ្លឺ​ស្រែ​ណា​ខ្ពស់​ៗ គឺ​ទាល់​តែ​វៀរ ឬ​យក​ដៃ​ទប់​ក្បាល​ជង្គង់​ទើប​ឆ្លង​រួច។ ថ្ងៃ​ដំបូង​ដែល​គេ​ឲ្យ​ទៅ​ចម្ការ​នោះ យប់​នោះ​ភ្លៀង​ទល់​ភ្លឺ ទឹក​ហូរ​កាត់​អូរ​ប្រឡាយ​ខ្មួល​ខ្មាញ់។ ព្រលឹម​ស្រាង​ៗ​គេ​ទៅ គឺ​ដើរ​ដង្ហែ​គ្នា ដោយ​កង​ឈ្លប​ដើរ​ពី​ក្រោយ​មាន​ស្ពាយ​កាំភ្លើង​ផង។ គេ​ការពារ​ខ្លាច​បងប្អូន​រត់ បើជា វា​មិន​អី​ទេ តែ​ខ្ញុំ​នៅ​ឈឺ​នៅ​ឡើយ ដើរ​ដល់​អូរ​មួយ ទឹក​ហូរ​ខ្លាំង​សូម​បី​អ្នក​មិន​ឈឺ​ក៏​ពិបាក​ឆ្លង​ដែរ។ ដល់​ពេល​ខ្ញុំ​ឆ្លង ទឹក​បាន​ហូរ​នឹង​អូស​ខ្ញុំ​ទៅ​ក្រោម​ប្រហែល ៤-៥ ម៉ែត្រ ពួក​ឈ្លប​វា​មិន​ជួយ​ទេ​គេ​នាំ​គ្នា​សើច​ទៅ​វិញ។ ចៃដន្យ​អី​ខ្ញុំ​បាន​តោង​កូន​ឈើ​ដែល​ដុះ​ក្បែរ​នោះ​ជាប់ ហើយ​ប្រឹង​វា​ឡើង​ច្រាំង​បាន ហើយ​ទើប​ធ្វើ​ដំណើរ​រហូត​ដល់​ចម្ការ។ ដល់​ចម្ការ​ភ្លាម ដោយ​ការ​អស់​កម្លាំង​ផង ដោយ​ឈឺ​ផង ពេល​នោះ​ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី បងប្អូន​ទាំង​នោះ​ជួយ​រឹត ច្របាច់​ទើប​ដឹង​ខ្លួន ហើយ​ឈ្លប​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​មក​ភូមិ​វិញ។
          ក្រោយ​មក​ខ្ញុំ​ក៏​បាន​ជា​ឡើង​វិញ គឺ​ដល់​ពេល​ខែ ២-៣-៤ រដូវ​ប្រាំង ពួក​វា​ចាប់​ផ្ដើម​បើក​ការដ្ឋាន​លើក​ទំនប់ ជីក​ប្រឡាយ ធ្វើ​ប្រព័ន្ធ​ភ្លឺ​ស្រែ ពង្រាប​ដី​ស្រែ ខ្ញុំ​ត្រូវ​នៅ​ខាង​ធ្វើ​ទំនប់។ គេ​ចែក​តាម​ក្រុម មួយ​ក្រុម​ប៉ុន្មាន​ម៉ែត្រ គ្នា​ប៉ុន្មាន​នាក់ ដើម្បី​ធ្វើ​ការ​ប្រលង​ប្រណាំង​គ្នា។ ធ្វើ​ទំនប់​ហើយ​ត្រូវ​ដល់​ខែ​វស្សា​ចុះ​មក រក​កន្ទ្រាំង​ខែត​បាច​ស្រែ​ទៀត។
          រដូវ​ធ្វើ​ស្រែ​ឆ្នាំ ១៩៧៦ មក​ដល់ ខ្ញុំ​មាន​ភារកិច្ច​នាំ​ក្មេង​ៗ​ដើរ​កាត់​កន្ទ្រាំង​ខែត ដើម្បី​បាច​ស្រែ​សន្ទូង។ បាច​បាន​មួយ​រយៈ គេ​ក៏​ដក​ឲ្យ​មក​រែក​សំណាប​ម្ដង។ ព្រឹក​មួយ​នោះ​ប្រពន្ធ​ខ្ញុំ​គេ​ដក​សំណាប ខ្ញុំ​មាន​ភារកិច្ច​រែក​សំណាប។ កំពុង​តែ​រៀប​សំណាប​ដាក់​ចូល​សង្រែក ស្រាប់​តែ​មេកង​គេ​មក​ស្រែក រួច​ចង្អុល​មក​ខ្ញុំ និង​ម្នាក់​ទៀត​រែក​សំណាប​ជាមួយ​ខ្ញុំ​ដែរ​ថា ពូ​អ៊ាន-ពូ​លី អង្គការ​ហៅ ពេល​នោះ​ស្មារតី​ទាំង​ប៉ុន្មាន​ស្រុត​អស់​ហើយ ព្រោះ​ភាសា​ហៅ​ថា ទៅ​កាប់​ឈើ ទៅ​កាប់​ឫស្សី អង្គការ​ហៅ គឺ​ភាសា​ដែល​គេ​យក​មនុស្ស​ទៅ​សម្លាប់ និយាយ​ថា បើ​ប្រើ​ភាសា​នោះ​ហើយ គឺ​ទៅ​បាត់​រហូត​ហើយ។ ប្រពន្ធ​ខ្ញុំ និង​ប្រពន្ធ​ម្នាក់​ទៀត និង​បងប្អូន​មួយ​ចំនួន​នៅ​ក្នុង​ស្រែ​សំណាប អោន​គ្មាន​នរណា​ហ៊ាន​ឈរ​មើល​ទៀត គឺ​បើ​មើល​ក៏​អោន​មើល​ពី​ចំហៀង​ដែរ ពេល​គេ​បណ្ដើរ​ខ្ញុំ និង​មិត្តភ័ក្ដិ​ចេញទៅ ។
          ពេល​នោះ​មេ​កង​ក៏​យក​ខ្ញុំ និង​មិត្តភ័ក្ដិ​ខ្ញុំ ប្រគល់​រណ្ដៅ​មួយ​មាន​ទទឹង ២ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ ក្នុង​នោះ​សុទ្ធ​តែ​លាមក​មនុស្ស លាមក​គោក្របី ជី​ភ្នំ ជី​ដំបូក ដែល​គេ​ចាក់​លាយ​គ្នា ហើយ​គេ​បញ្ជា​ឲ្យ​ខ្ញុំ​ច្របាច់​លាមក និង​ជី​នោះ ទៅ​បញ្ចូល​គ្នា​ដែល​មាន​សុទ្ធ​តែ​ដង្កូវ​ពេញ​រណ្ដៅ​នោះ ហើយ​ឲ្យ​ខ្ញុំ និង​មិត្តភ័ក្ដិ​ជ្រលក់​សំណាប ៥ ស្លឹក​ឲ្យ​ហើយ។ ពេល​ច្របាច់​លាមក​ចូលគ្នា​សព្វ​ហើយ ខ្ញុំ​ក៏​យក​សំណាប​ដែល​គេ​រែក​មក​ដាក់​ជិត​រណ្ដៅ​នោះ​ជ្រលក់ ដោយ​អង្គុយ​ប្របេះ​ជ្រុង​រណ្ដៅ ជើង​ទាំង​ពីរ​ត្រាំ​ក្នុង​រណ្ដៅ​លាមក​នោះ ដង្កូវ​ដែល​ជា​សត្វ​រស់​វា​ឡើង​តាម​ក្បាល​ជង្គង់​មក​ភ្លៅ​ឡើង​មក​ជើង​ខោ ពេល​នោះ​យើង​ជ្រលក់​បណ្ដើរ​បោស​ដង្កូវ​បណ្ដើរ។ ថ្ងៃ​ត្រង់​គេ​ក៏​យក​បាយ​ឲ្យ​ហូប​ក្បែរ​រណ្ដៅ​នោះ​ទៀត។ ហេតុ​តែ​ឃ្លាន ដៃ​ធំ​ក្លិន​លាមក​យ៉ាងណា​ក៏​ត្រូវ​តែ​ហូបបាយ​ដែរ​ព្រោះ​ដើម្បី​រស់។ ម៉ោង ៥ ល្ងាច យើង​ទាំង​ពីរ​ជ្រលក់​ហើយ​ល្មម ព្រលប់​ខ្ញុំ​មក​ដល់​ផ្ទះ​វិញ ប្រពន្ធ​កូន​ខ្ញុំ​អរ​ពេក ឃើញ​ខ្ញុំ​ត្រឡប់​មក​វិញ​មិន​ស្លាប់​ក៏​នាំ​គ្នា​យំ តែ​មិន​ហ៊ាន​ឲ្យ​ឮ​ទេ។ ខ្ញុំ​ក៏​គ្មាន​ហ៊ាន​និយាយ​អ្វី​ដែល​គេ​ឲ្យ​ធ្វើ​នោះ មិន​ហ៊ាន​ប្រាប់​ប្រពន្ធ​កូន​ឡើយ គ្រាន់​តែ​និយាយ​ថា ខ្ញុំ​មិន​អី​ទេ។
          ខែ​ដក​ស្ទូង​ចប់​ក៏​ត្រូវ​ឲ្យ​ទៅ​ធ្វើ​ចម្ការ​ទៀត គឺ​ចម្ការ​ខ្នាច​ព្រៃ ដែល​មាន​ចម្ងាយ​ប្រហែល ៦-៧ គ.ម. ពី​ភូមិ។ គឺ​ត្រូវ​ឡើង​ដើរ​តាំង​ពី​មាន់​រងាវ​រហូត​ដល់​ចម្ការ​ភ្លឺ​ស្រាង​ៗ ដើម្បី​ចាប់​ផ្ដើម​កាប់​គាស់​ដី លើង​គល់ ឫស​ក្នុង​ដី កន្លែងណា​ដែល​មាន​ដើមឈើ​ធំ ហើយ​មាន​ឫស ត្រូវ​លើង​ឲ្យ​អស់។ មាន​ពេល​មួយ​នោះ ពូ​ម្នាក់​គាត់​រលីង​ទៅ​មុខ​ហួស តែ​ពួក​វា​តាម​ដាន​មើល​ពី​ក្រោយ ស្រាប់​តែ​នៅ​ឫស​លើង​មិន​អស់ វា​ក៏​ឲ្យ​ពូ​នោះ​លើង​ឲ្យ​បាន រួច​យក​ឫស​លើង​នោះ​វាយ​គាត់​ទាល់​តែ​ស្លាប់ ដោយ​ចោទ​ថា ចង់​បំផ្លាញ​របស់របរ​សមូហភាព។ គឺ​វា​ថា​ដល់​ពេល​ភ្ជួរ​ទៅ​បាក់​ផ្នៀង​នង្គ័ល​បាក់​ធ្មេញ​រនាស់ ដែល​ជា​របស់​សមូហភាព។ ទៅ​កាប់​គាស់​ដី​ចម្ការ​ពី​ព្រលឹម​រហូត​ថ្ងៃ​ត្រង់​ទើប​គេ​ឲ្យ​ ឈប់​សម្រាក​ដាំ​បាយ​ហូប ។ ផ្តិល​ទឹក ឬ​កំសៀវ​ទឹក​ជា​ឆ្នាំង​ដាំ​បាយ ចង្ក្រាន​បើ​មាន​ដុំ​ថ្ម គឺ​យក​ដុំ​ថ្ម​រៀប ៣ ជ្រុង បើ​គ្មាន​ដាក់​ឈើ​ទទឹង​ពី​លើ​ចង​ព្យួរ ឆ្នាំង​ចំ​កណ្ដាល​រួច​ដុត​ភ្លើង​ដាំ​ទៅ។ បន្លែ​ដែល​ឆ្ងាញ់ គឺ​ផ្សិត ស្លឹក​ដំឡូងជ្វា ស្ពៃ​ទឹក ត្រួយ​សាវម៉ាវ​ព្រៃ ស្លឹក​ល្ងៀង... ម្ហូប​ដែល​ឆ្ងាញ់ គឺ​កូន​ក្អាត់ កូន​កង្កែប កញ្ចាញ់ចេក ដង្កូវ​ដួង​ក្នុង​ឈើ​ពុក ហ៊ីង។ ម្ដង​ម្កាល​បាន​ទៅ​រក​ត្រី​បាន​ហូប​ដែរ។
          មាន​ថ្ងៃមួយ​ខ្ញុំ​ដាំ​បបរ​លាយ​ស្លឹក​ដំឡូង​ឆ្អិន​ហើយ តែ​ចៃដន្យ​ឆេះ​បង្គោល​ឈើ​ដែល​ចង​ដាំ​នោះ ហើយ​បបរ​ក៏​កំពប់​អស់​រលីង​មក​លើ​ដី ឆេះ​បង្គោល​ចង្ក្រាន​នោះ។ ពេល​នោះ​ហើយ​ដែល​សង្វេគ​ពេក ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ណា​មួយ​ឃ្លាន ណា​មួយ​ជិត​ដល់​ម៉ោង​ធ្វើការ​ផង ក្រោយ​ពី​កំពប់​បបរ​អស់​ខ្ញុំ​ក៏​ខំ​យក​ស្លាបព្រា​ប្រមូល​បបរ​ស្លឹក​ដំឡូង​ដែល​កំពប់​នោះ​បាន​បន្តិច ដើម្បី​ហូប​កុំ​ឲ្យ​ដាច់ពោះ។ ហើយ​មិត្ត​ខ្ញុំ​បាន​ទៅ​រាយការណ៍​ឲ្យ​ពូ​ប្រធាន​ក្រុម ដែល​មាន​ចម្ការ​ពោត​នៅ​ជិត​នោះ គេ​ក៏​បាន​បេះ​ពោត​ខ្ចី​ឲ្យ​ខ្ញុំ​បាន ៥ ផ្លែ តែ​អនិច្ចា​ពោត​មួយ​ផ្លែ​មាន​ប្រហែល​បួន​ដប់​គ្រាប់​ប៉ុណ្ណោះ។ ពេល​នោះ​ខ្ញុំ​បក​ហើយ​ក៏​ហូប​ពោត​នោះ ដោយ​ទំពា​ទាំង​ស្នូល​ពោត​លាយ​ជាមួយ​ផង ដើម្បី​ឲ្យ​តឹង​ក្រពះ​នឹង​គេ។ ការ​កាប់​គាស់​ដី​ចម្ការ​ព្រៃភ្នំ ដើម្បី​ដាំ​ដំណាំ​នោះ គឺ​ធ្វើ​រហូត​ដល់​រដូវ​ចម្រូត​ទើប​ដក​កម្លាំង​មក​ច្រូត​ស្រូវ​វិញ។ ពេល​ចាប់​ផ្ដើម​រដូវ​ចម្រូត​មក​ដល់ របប​ហូប​គឺ​ចាប់​ផ្ដើម​បបរ​រាវ​រាល់​ថ្ងៃ រួច​បបរ​ឈ្មោល ដល់​ច្រូត​ពេញ​បន្ទុក គឺ​បាន​របប​បាយ​ស្រួយ​ខ្លះ​ៗ តែ​មិន​យូរ​ថ្ងៃ​ខែ​ពេក​ទេ គឺ​ដល់​បបរ​វិញ​ហើយ ដោយ​គេ​ថា​សន្សំសំចៃ​ទុក​ឆ្នាំ​ក្រោយ។
          ផ្ទៃ​មេឃ​ស្រឡះ តែ​ទឹក​ចិត្ត​មនុស្សម្នា​ទាំង​អស់​នៅ​ទី​ណា​ក៏​ដោយ ជា​ទូទៅ គឺ​ស្រអាប់​ព្រោះ​និរាស​ព្រាត់ប្រាស ការ​រស់​នៅ​យ៉ាង​សែន​វេទនា​ក្នុង​គុក​ឥត​ជញ្ជាំង ការ​ធ្វើ​ឲ្យ​ប្រជាជន ១៧ មេសា ១៩៧៥ ស្លាប់​មុន​ដាច់​ខ្យល់​ដក​ដង្ហើម​ទៅទៀត។
          តាំង​ពី​មាន់​រងាវ ឬ​តាំង​ពី​ព្រលឹម​ងងឹត ប្រជាជន​ទាំង​អស់​មិន​ថា គេ ឬ​ខ្ញុំ ត្រូវ​ចេញ​ដំណើរ​ទៅ​ការដ្ឋាន​រៀង​ៗ​ខ្លួន។ ដូច​ជា​រូប​ខ្ញុំ​ពី​ផ្ទះ​ដល់​ចម្ការ ព្រៃភ្នំ ចម្ងាយ​មិន​តិច​ជាង ១០ គ.ម.ទេ ដូច​នេះ​ត្រូវ​តែ​រូត​រះ​ក្រោក​ឡើង​ធ្វើ​យ៉ាងម៉េច​ភ្លឺ​ដល់​ការដ្ឋាន។ ការ​ហូប​ចុក​ត្រូវ​ហូប​ជា​សមូហភាព មិន​មាន​នរណា​ម្នាក់​ហូប​ឯកជន ឬ​ជា​លក្ខណៈ​សួនតួ​បាន​ឡើយ។ សូម្បី​តែ​ត្រី ក្ដាម ខ្ចៅ ខ្យង បន្លែ​ព្រៃភ្នំ ស្ដៅ ដំបងយក្ស...។ ឯ​របស់​របរ​ប្រើប្រាស់ គ្រឿង​ពេជ្រ ខ្សែ​ករ ខ្សែដៃ ក្រវិល ចិញ្ចៀន ជា​ពិសេស​ទៅ​ទៀត គឺ​នាឡិកាដៃ ឲ្យ​តែ​វា​ឃើញ គឺ​ស្នើ​យក​ទាំងអស់ បើ​មិន​ឲ្យ​ទេ​ត្រូវ​បាត់​ខ្លួន។ ការ​ហូប​បាយ​ក៏​ហូប​ជា​សមូហភាព គឺ​មួយ​ឆ្នាំ​ហូប​បាយ​ស្រួយ​បាន​មួយ​ខែ មួយ​ខែ​បន្ទាប់​មក​បាយ បបរ​ឈ្មោល ២ ខែ បាយ​បបរ​រាវ ៦ ខែ (បបរ​លាយ​ស្លឹក​ដំឡូងមី ដំឡូងជ្វា ព្រលិត) ហូប​ពោត​ល្ង​សុទ្ធ ១ ខែ ហូប​ដំឡូង​មី​ស្ងោ​សុទ្ធ ១ ខែ។ រហូត​ពេល​ខ្លះ​ហូប​បបរស្ករ​ជំនួស​បាយ​ថ្ងៃ ឬ​ល្ងាច ក្នុង ១ ខែ បួន​ប្រាំ​ថ្ងៃ​ក៏​មាន​ដែរ។ ដោយ​ឡែក​តែ​រូប​ខ្ញុំ ក្រោយ​ពេល​ដែល​មក​ធ្វើការ​នៅ​ការដ្ឋាន​កាប់​គាស់​ព្រៃ​ធ្វើ​ចម្ការ និង​ដោយ​ការ​ហាត់​ពត់​លត់​ដំ​បាន​ល្អ គេ​ក៏​ដូរ​មក​ធ្វើការ​នៅ​រោង​បាយ​វិញ ដោយ​មាន​ភារកិច្ច​រក​អុស​ព្រៃភ្នំ​មក​ដាក់​រោង​បាយ​សមូហភាព មួយថ្ងៃ​ពីរ​ជើង។ គឺ​គេ​ប្រគល់​រទេះ​គោ និង​គោ​មេ​មួយ​នឹម ដោយ​ឡែក​ពួក​គេ គេ​រើស​គោ​ឈ្មោល​ក្មេង​ៗ កម្លាំង​ខ្លាំង ឯ​ខ្ញុំ​គេ​ឲ្យ​គោ​មេ តែ​ធ្វើ​យ៉ាង​ម៉េច​ត្រូវ តែ​រក​អុស​មក​ផ្គត់ផ្គង់​រោង​បាយ​ឲ្យ​បាន​គ្រប់គ្រាន់ បើ​ពុំ​នោះ​ទេ​ត្រូវ​អង្គការ​កាត់ទោស​ហើយ។ មាន់​រងាវ​ខ្ញុំ​ចេញ​រទេះ​សំដៅ​ព្រៃភ្នំ​ដែល​មាន​ចម្ងាយ ៧-៨ គ.ម. ឬ ១០ គ.ម. ទៅ​ដល់​ត្រូវ​ចង​គោ​កន្លែង​ណា​មាន​ស្មៅ​គោ​ស៊ី ហើយ​ខ្ញុំ​យក​កាំបិត ១ ពូថៅ ១ ដើរ​រក​កាប់​ឈើ​ណា​រលំ ឬ​ឈើ​ណា​ដែល​សល់​ពី​វា​កាប់ព្រៃ​វាត​ធ្វើ​ចម្ការ កាត់​ជា​កង់​ៗ​ល្មម​រទេះ រួច​លី​ខ្លួន​ឯង​មក​រៀប​ចំ​ដាក់​រទេះ ហើយ​ត្រឡប់​មក​រោង​បាយ​វិញ។ ដាក់​ចុះ​អុស​អស់ វា​ឲ្យ​ហូប​បាយ ហូប​បាយ ហើយ​ប្រហែល​ម៉ោង ១ ត្រូវ​ចេញ​ដំណើរ​ទៅ​មួយ​ជើង​ទៀត ហើយ​ត្រឡប់​ដល់​រោង​បាយ​ជើង​ទី ២ រហូត​ដល់​ម៉ោង ៧ ឬ ៨ យប់ ដាក់​អុស​ហើយ គេ​ឲ្យ​ហូបបាយ។ ហើយ​មាន​យប់​ខ្លះ​គេ​ឲ្យ​មក​ជួយ​ជាន់​អង្ករ បងប្អូន​ការដ្ឋាន​ភូមិ​ទៀត រហូត​ដល់​ម៉ោង ១១-១២ យប់​ក៏​មាន។ ទោះ​ជា​ធ្វើ​ដល់​ម៉ោង​ណា​ក៏​ដោយ តែ​ភារកិច្ច​រក​អុស​ត្រូវ​តែ​នៅ​ដដែល គឺ​មាន់​រងាវ​ចេញ​ដំណើរ​ទៅ​ព្រៃភ្នំ។
          មួយ​ឆ្នាំ​ក្នុង​រោង​បាយ ខ្ញុំ​ឃើញ​អស់​ហើយ​អ្វី​ដែល​គេ​ថា សមូហភាព អ្វី​ដែល​គេ​ថា​អង្គការ​ស្មើភាព ហូប​ស្មើភាព​ជាក់​ស្ដែង បើ​វា​កាប់​គោ កាប់​ជ្រូក ឬ​បាន​ត្រី​សមុទ្រ ឬ​ទឹកត្រី​កំពត គឺ​ពួក​វា​ហូប​អស់​សាច់​ល្អ ត្រី​ធំ ទឹកត្រី​ឆ្ងាញ់ គឺ​សល់​តែ​ឆ្អឹង​ត្រី​តូច​ៗ សម្រាប់​បងប្អូន​ទាំងអស់ បើ​ទឹកត្រី​វិញ​ពួក​វា​ហូប​ទឹកត្រី​ឱ​ទិន​សុទ្ធ។ ឯ​ទឹកត្រី​ឲ្យ​ប្រជាជន​វិញ គឺ​យក​ទឹកត្រី ១ ឱ​ទិន​ចាក់​រង្វាស់ ១ ខ្ទះ​ត្នោត​លាយ​ទឹក​ថែម​ស្ករ អំបិល ទើប​ឲ្យ​ប្រជាជន​ហូប។ បាយ​គឺ​ពួកវា​បាយ​ស្រួយ​រហូត​មិន​ថា ខែ​ណា​ជា​ខែ​ណា​ទេ។ រឿង​ដែល​ខ្ញុំ​ស្រណោះ​អាណិត​បំផុត​ក្នុង​ជីវិត​ខ្ញុំ គឺ​លោក​ឪពុក​ដែល​ជា​អ្នក​មាន​គុណ​គ្មាន​ន​អ្វី​ប្រៀប​ស្មើ ហើយ​មាន​វ័យ​ជាង ៧០ ឆ្នាំ ទៅ​ហើយ នៅ​ត្រូវ​ពួក​វា​បង្ខំ​ឲ្យ​ទៅ​រក​ផ្ដៅ កាប់​កូន​ឈើ​ព្រៃភ្នំ​ដែរ។ អង្គការ​ចាត់​តាំង​ហើយ គ្មាន​អ្នកណា​តវ៉ា​បាន​ទេ។ លោក​ឪពុក​ក្រោក​ពី​ព្រលឹម​ទៅ​កាប់​កូន​ឈើ​ជាមួយ​គេ។ កាប់​ហើយ​ត្រូវ​លី​យក​មក​ភូមិ​វិញ ទៅ​បាន​មួយ​ខែ​ មួយ​អាទិត្យ​ត្រូវ​មាន​ជំងឺ​គ្រុនចាញ់ រាគ​មួល​សុទ្ធ​តែ​ឈាម ក៏​តម្រូវ​សម្រាក​ពេទ្យ​ឃុំ​គេ ដែល​គ្មាន​ថ្នាំ​សង្កូវ​អ្វី​ក្រៅពី ឫស​ឈើ មើម​ឈើ និង​យក​ទឹកដូង​ខ្ចី​ធ្វើ​សេរ៉ូម​ចាក់។ ឪពុក​ខ្ញុំ​ដោយ​មាន​ម្ដាយ​ជរា ដែល​នៅ​កំដរ​ក្នុង​ពេទ្យ​គេ​នោះ បើក​របប​បបរ​រាវ ព្រោះ​គេ​ថា​អ្នក​ជំងឺ​ត្រូវ​តែ​ហូប​អីចឹង។ ដោយ​ការ​អង្វរករ​នៅ​មន្ទីរពេទ្យ​ឃុំ ឪពុក​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​មក​ពេទ្យ​ស្រុក (គឺ​នៅ​ស្រុក​កំពង់ត្រាច) ដែល​ជា​សាលារៀន​ចិន​ពី​សង្គម។ នៅ​ពេទ្យ​ស្រុក​ក៏​ដូច​ជា​ពេទ្យ​ឃុំ​ដែរ គ្មាន​ថ្នាំ​សង្កូវ​អ្វី​ទេ អ្នក​ជំងឺ គឺ​រង់​ចាំ​តែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ។ អ្វី​ដែល​ស្រណោះ​លោក​ឪពុក​ខ្ញុំ ពេល​ដែល​កំពុង​សម្រាក​ហើយ​នៅ​និយាយ​បាន គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា កូន​ឯង​មិន​បាច់​មើល​ឳ​ទេ ឳ​ដល់​ពេល​ទៅ​ហើយ កូន​ឯង​ត្រូវ​មើល​ថែ​រក្សា​ម៉ែ​ឯង​ឲ្យ​ដិត​ដល់​ផង ហើយ​បើ​មាន​ឱកាស ស្រុក​ស្រួល​បួល​វិញ កូន​ឯង​ដើរ​រក​បងប្អូន​រស់​នៅ​ជួបជុំ​គ្នា​ផង។ ពេល​នេះ​គាត់​និយាយ​តិច​ៗ​ថា ឯង​មូល​បារី​ឲ្យ​ឳ​មួយ​មក ខ្ញុំ​ក៏​មូល​បារី​រួច​ដុត​ជូន​គាត់​ពិសា ពិសា​បាន​ពីរ បី​ហឺត ខ្ញុំ​ក៏​លា​គាត់​មក​ការដ្ឋាន​ជិត​ពេទ្យ​នោះ​វិញ។ គ្រាន់​តែ​ខ្ញុំ​ចេញ​ផុត​ប្រហែល​ជា​កន្លះម៉ោង ស្រាប់​តែ​ឃើញ​ម្ដាយ​ខ្ញុំ​ដើរ​មក​យ៉ាង​លឿន ហើយ​យំ​ពី​ចម្ងាយ ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ភ្លាម​ថា ឳ​ខ្ញុំ​យ៉ាងម៉េច​ហើយ ម៉ែ​និយាយ​អួល​ដើមក​ថា កូន ឳ​ឯង​ស្លាប់​ហើយ ហើយ​មុន​ស្លាប់​គាត់​សួរ​រក​តែ​ឯង ហើយ​ម៉ែ​ប្រាប់​ថា កូន​មក​មិញ​ហ្នឹង ដុត​បារី​ឲ្យ​ឯង​ពិសា ឥឡូវ​វា​ទៅ​ធ្វើការ​ហើយ។ សួរ​ឯង​ផុត​ពី​មាត់ ក៏​បាត់​មាត់​ឈឹង​តែ​ម្ដង។ ពេល​នោះ​ខ្ញុំ​ក៏​ទៅ​សុំ​ពូ​ប្រធាន​កង​ទៅ​យក​ឪពុក​ទុក​ដាក់​ឲ្យ​បាន​ស្រួយ​បួល។ ដល់​ពេទ្យ​គ្មាន​អ្វី​ខ្ចប់​ឪពុក​ទេ គឺ​មាន​តែ​កន្ទេល​ស្លឹក​ត្នោត រួច​ម៉ែ​មាន​ក្រណាត់​ស​មួយ​ដុំ​រុំ​ពុក ហើយ​ក៏​សែង​គាត់​ជាមួយ​ក្មួយ​ស្រី​បង្កើត​ខ្ញុំ​ម្នាក់​ទៀត (មី​អ៊ីម) យក​ទៅ​កប់​រណ្ដៅ​មួយ​ក្បែរ​មាត់​បឹង​ខាង​លិច​មន្ទីរពេទ្យ​គេ​នោះ​ទៅ (ឪពុក​ស្លាប់​ខែ ១០ ឆ្នាំ ១៩៧៧)។
          ឆ្នាំ ១៩៧៧ វា​ឲ្យ​ខ្ញុំ​មក​ការដ្ឋាន​ភ្ជួរ​ស្រែ​វិញ គឺ​ឲ្យ​មេ​គោ​កញ្ចាស់​ដដែល ហើយ​ត្រូវ​ភ្ជួរ​ឲ្យ​ទាន់​វា បើ​មិន​ទាន់ វា​ទុក​ឲ្យ​យើង​ភ្ជួរ​ម្នាក់​ឯង​រហូត​ដល់​ហើយ ពួក​វា​អង្គុយ​ជក់​បារី​ធ្វើ​ព្រងើយ។ ពេល​មក​ភ្ជួរ​ខ្លួន​ខ្ញុំ​មិន​ទាន់​ចេះ​ទេ គឺ​ប្រឹងប្រែង​រហូត​ដល់​ចេះ​នឹង​គេ។ ដោយ​ការ​ហេវហត់ អត់​ងងុយ ហូប​មិន​ឆ្អែត ធ្វើការ​ហាល​ភ្លៀង យប់​មួយ​នោះ​មក​ដល់​រោង​វិញ គឺ​មេឃ​កំពុង​តែ​ភ្លៀង មិន​ដឹង​បាន​អឺ​ជ្រក ក៏​ដើរ​រក​បាន​ធាងត្នោត​ដែល​ធ្លាក់​បាន​ពីរ​មក​ធ្វើ​ដំបូល​ជ្រក​សម្រាប់​ដេក គឺ​មិន​ត្រូវ​ទឹក​ត្រឹម​ចង្កេះ​ឡើង​លើ ឯ​ពី​ចង្កេះ​មក​ក្រោម​ទទឹក​ជោគ ដោយ​យប់​នោះ​ភ្លៀង​រលឹម​ទើស​ភ្លឺ តែ​ដោយ​ការ​ហេវហត់​ចេះ​តែ​ដេកលក់ រហូត​ដល់​មាន់​រងាវ​ត្រូវ​ក្រោក​ដើរ​ទៅ​ភ្ជួរ​ស្រែ​ទៀត ដែល​មាន​ចម្ងាយ ៦-៧ គ.ម.ពី​រោង។ ពេល​ដើរ​ទៅ​លី​នង្គ័ល ដឹក​គោ​ឲ្យ​ដើរ​ពីមុខ​ខ្លួន​ខ្ញុំ​រហូត​ដល់​ដេក​ដើរ ហើយ​លក់​មួយ​ភ្លែត​ៗ​ក៏​មាន​ដែរ។ ពេល​ធ្វើ​ហើយ​ថ្ងៃ​នោះ​ម៉ោង ១២ ថ្ងៃ​ត្រង់​គេ​ដឹក​បាយ​ទៅ​ដល់ ភ្លៀង​រឹត​តែ​ខ្លាំង​ឡើង តែ​គេ​នៅ​តែ​ដួស​បាយ​សម្ល​ឲ្យ​ហូប គេ​មិន​ចាំ​រាំង​ភ្លៀង​ទេ។ បាយ​ក៏​ត្រូវ​ទឹក សម្ល​ក៏​ត្រូវ​ទឹក ប៉ុន្តែ​ត្រូវ​តែ​ហូប​ដើម្បី​ជីវិត។ ផុត​ពី​ភ្ជួរ​រាស់ ក្រោយ​ពេល​ដក​ស្ទូង ខ្ញុំ​ត្រូវ​គេ​ឲ្យ​ទៅ​ខាង​ដក​ដំឡូង កាច់​ពោត​ម្ដង ព្រោះ​ពី​ខែ ៨-១០ គឺ​ជា​ខែ​ត្រូវ​ហូប​ពោត​ស្ងោរ​សុទ្ធ ដំឡូង​មី​ស្ងោរ​សុទ្ធ ខ្ញុំ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាំ​ស្ល​ម្ដង។ បងប្អូន​ចូល​ចិត្ត​ខ្ញុំ ស្រលាញ់​ខ្ញុំ​ខ្លាំង​ណាស់​នា​ពេល​នោះ ព្រោះ​ខ្ញុំ​ដាំ​បាយ​ឲ្យ​គេ​ហូប​គ្រប់គ្រាន់ ស្ល​ឆ្ងាញ់ (សម្ល​ឆ្ងាញ់​ពេល​នោះ គឺ​ខ្ញុំ​ស្ល​និង​ខ្ទិះ​ដូង​ទុំ គ្មាន​ម្ហូប​ទេ មាន​តែ​ស្លឹក​គ្រៃ រមៀត អំបិល ទឹកត្រី) យូរ​ៗ​គេ​ឲ្យ​មាន់​មួយ​ហូប​មួយថ្ងៃ​ចំនួន​គ្នា​ហូប 30 នាក់។ ម្ហូប​នេះ​គេ​ថា ពិសេស​ហើយ​គ្នា ៣០ នាក់​ឲ្យ​មាន់ ១ មួយ​ថ្ងៃ​នោះ។ ពេល​យប់​ខ្ញុំ​តែង​តែ​ដុត​ដំឡូង អាំង​ដំឡូង ទុក​ឲ្យ​គ្នា​មក​ពី​កន្លែង​ដក​ដំឡូង​វិញ​បាន​ហូប។ ឯ​អង្ករ​វិញ​គេ​ឲ្យ​មួយ​ថ្ងៃ​ម្នាក់​កាច​កំប៉ុង តែ​យើង​បាន​ហូប​រាល់​ថ្ងៃ​ទៅ ទៅ​ជា​ហូប​ថយ​ទៅ​វិញ។ ដល់​ខែ​ច្រូត​កាត់​មក​ដល់ ខ្ញុំ​ត្រូវ​គេ​បញ្ជូន​មក​ខាង​ច្រូត​ស្រូវ​វិញ​ម្ដង គឺ​ច្រូត​ផង រែក​កណ្ដាប់​មក​ទុក​ក្នុង​លាន​ផង និង​មាន​ភារកិច្ច​មួយ​ទៀត ត្រពាំង​ណា​ធំ ស្រែ​ជម្រៅ​ដែល​មាន​ឈ្លើង ខ្ញុំ​ជា​អ្នក​ដើរ​បេះ​ឈ្លើង​ឲ្យ​គេ។ សូម​ជម្រាប​ថា កន្លែង​ខ្លះ​ដែល​ឈ្លើង​ច្រើន ពេល​ច្រូត ១ កណ្ដាប់​ចង​រួច​ឈ្លើង​ទាម​ពី ២ ទៅ ៣ ក៏​មាន។ មួយ​ព្រឹក​បេះ​ឈ្លើង​បាន​កន្លះ​ចាន​ដែក​ក៏​មាន​ដែរ។ ឆ្នាំ ១៩៧៨ ពេល​នោះ​មាន​សង្គ្រាម​ជាមួយ​វៀតណាម ក្រុម​ចល័ត​ពួក​ខ្ញុំ​គេ​តម្រូវ​ឲ្យ​ទៅ​ច្រូត​នៅ​ទល់ដែន ដែល​ពេល​នោះ​កំពុង​មាន​សង្គ្រាម​គ្រាប់ប្លោង គ្រាប់​ដៃ​បាញ់​គ្នា​យ៉ាង​ខ្លាំង តែ​វា​បញ្ជូន​ឲ្យ​ទៅ គឺ​ច្រូត​ពេល​យប់។ ក្នុង​ម្នាក់​ច្រូត​បាន​ប៉ុន្មាន​ត្រូវ​យក​មក​ខ្លួន​ឯង​ទាំងអស់។ ថ្ងៃ​ខ្លះ​ចេញ​ច្រូត​ពេល​ព្រឹក ឬ​ល្ងាច​ក៏​មាន ពេល​ណា​ចេញ​ច្រូត​ពួក​វៀតណាម​វា​ប្លោង​ដាក់​ក្ដុងក្ដាំង តែ​វា​មិន​ឲ្យ​យើង​ឈប់​ទេ គឺ​គ្រាន់​តែ​ក្រាប​នៅ​ក្នុង​ស្រែ​មួយ​ភ្លែត ស្ងប់​វា​ឲ្យ​ច្រូត​ទៀត។ ច្រូត​បាន​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​មិន​ចាំ វា​ក៏​ដក​ខ្ញុំ​មក​ឲ្យ​ភ្ជួរ​ធ្វើ​ស្រែ​ប្រាំ​ទៀត​ប្រហែល​ជា​ខែ ១២ ឆ្នាំ ១៩៧៨។ ក្នុង​របប ប៉ុល ពត ចាប់​ចេញ​ពី​ភ្នំពេញ​ទៅដល់​ថ្ងៃ ១៨ មិថុនា ១៩៧៨ ទេវតា​ប្រទាន​កូន​ប្រុស​មួយ (ស៊ឹន សំណាង) ដែល​ពេល​នោះ​ទម្ងន់​នៃ​ការ​អត់ឃ្លាន​កំពុង​តែ​ខ្លាំង។ ណា​មួយ​អង្គការ​យក​ស្បៀង​ផ្គត់ផ្គង់​ទ័ព​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​វៀតណាម។ អីចឹង​ពេល​កូន​កើត​មក​ការ​ហូប​ចុក​រឹត​តែ​ពិបាក ម្ដាយ​ត្រូវ​ការ​ហូប​គ្រប់គ្រាន់ បាយ សម្ល ត្រី​សាច់ តែ​រក​មិន​បាន។ ពេល​នោះ​ខ្ញុំ​ត្រូវ​ប្រឹងប្រែង រក​ម្ហូប​អាហារ ឲ្យ​ប្រពន្ធ​កូន​ខ្ចី ដើម្បី​ឲ្យ​មាន​ទឹកដោះ​បំបៅ​កូន។ ខ្ញុំ​យក​មុង​ទៅ​អូស​ត្រី ក្ដាម​ខ្យង កូន​ក្អុក ក៏​យក​ដែរ ឲ្យ​តែ​ហូប​បាន។ កូន​ក្អុក​យក​មក​ឈ្លេច​ពោះ​យក​អាចម៍​ចេញ ហើយ​យក​ទៅ​បុក​កឿង​ស្លឹកគ្រៃ រមៀត ឆា​គ្រឿង​ឲ្យ​​ប្រពន្ធ​ហូប​ដើម្បី​រស់។ ចាប់​ពី​ខែ ១២ ១៩៧៨ មក​ខ្ញុំ​បាន​មក​ធ្វើ​ស្រែ​ក្នុង​ភូមិ​វិញ គឺ​បាន​នៅ​ជិត​ផ្ទះ​ងាយ​មើលកូន ប្រពន្ធ​កូន​ខ្ចី​ផង។ ចំណែក​ប្រពន្ធ​ខ្ញុំ​វិញ កូន​ខ្ចី​គេ​ឲ្យ​សម្រាក ២ ខែ​ទេ គឺ​ត្រូវ​ចុះ​ពលកម្ម​ទៀត ឯ​កូន​យក​ទៅ​ឲ្យ​ចាស់​ៗ​មើល​នៅ​ក្នុង​រោង​បាយ​សមូហភាព​គេ។ ពេល​ឈប់​សម្រាក​មួយ​ភ្លែត​ៗ គាត់​រត់​មក​បំបៅ​កូន​បាន​បន្តិច​ៗ​ដែរ។
          ដល់​ថ្ងៃ ៥ មករា ១៩៧៩ ពេល​នោះ​សេដ្ឋកិច្ច​គេ​យក​មាន់ ១ យក​មក​ឲ្យ​ធ្វើ​ហូប ដោយ​គេ​ឲ្យ​ហូប ២ ពេល គ្នា​ដែល​ធ្វើការ​នោះ ៣០ នាក់។ ដោយ​អាណិត​ប្រពន្ធ​កូនខ្ចី​គ្មាន​អី​ហូប​ដើម្បី​ទឹកដោះ​បំបៅ​កូន ពេល​នោះ​ខ្ញុំ​សម្រេច​ចិត្ត​លួច​ភ្លៅ​មាន់ ១ ហើយ​លាក់​ទុក (ពេល​នោះ​គេ​ឲ្យ​ខ្ញុំ​ដាំ​ស្ល​ដដែល) សម្រាប់​យក​មក​ផ្ទះ។ ខ្ញុំ​សូម​ជម្រាប​ថា ពេល​នោះ​សភាពការណ៍​ដែល​បាន​ឃើញ​ផ្ទាល់ គឺ​មាន​បងប្អូន​ដែល​នៅ​ខាងត្បូង​កំពង់ត្រាច​ត្រូវ​គេ​ជម្លៀស​មក​ហូរហែ ដើរ​កាត់​កន្លែង​ការដ្ឋាន​ខ្ញុំ ពេល​នោះ​ខ្ញុំ​សួរ​គេ គេ​ប្រាប់​ថា ពួក​យួន​វាយ​ចូល​ពី​ត្បូង​មក​ខ្លាំង​ណាស់ ឥឡូវ​អង្គការ​ដេញ​ឲ្យ​ទៅ​ព្រៃភ្នំ​ខាងជើង​ៗ​ជៀស​វាង​ពួក​យួន​សម្លាប់។ នៅ​ពេល​យប់​នោះ (ថ្ងៃ ៥ មករា ១៩៧៩) ខ្ញុំ​ក៏​ទៅ​សុំ​ពូ​ប្រធាន​ក្រុម​ថា ពូ​ខ្ញុំ​សុំ​ទៅ​ផ្ទះ​មើល​កូន​ខ្ញុំ​មួយ​ភ្លែត ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​យប់​នេះ​ទេ។ គេ​ក៏​ឲ្យ​ទៅ ពេល​នោះ​ខ្ញុំ​ក៏​យក​ភ្លៅ​មាន់​លាក់​ទុក​យក​មក​ដល់​ផ្ទះ​ស្ងោរ​នឹង​កំសៀវ​ទឹក (ស្ងោរ​ជ្រក់) ឲ្យ​ប្រពន្ធ​និង​កូន​ហូប។ ហូប​រួច​ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ថា ឯង​រៀប​ចំ​ឥវ៉ាន់​ណា​ស្រាល​ៗ ដែល​ខ្ញុំ​អាច​រែក​រួច​ឲ្យ​ហើយ​ទៅ យើង​ប្រហែល​ជា​គេ​ដេញ​ឡើង​ភ្នំ​ហើយ ព្រោះ​ពួក​យួន​វាយ​កងទ័ព​អង្គការ​យើង​រត់​ខ្ចាត់​ខ្ចាយ​ហើយ។
          ប្រមាណ​ជា​ម៉ោង ១០ យប់ ពួក​ប្រធាន​កង ប្រធាន​ក្រុម​ក៏​ដើរ​មក​ប្រាប់​ឲ្យ​ចាក​ចេញ​ជា​បន្ទាន់​ឥឡូវ​នេះ ព្រោះ​ពួក​យួន​វាយ​ចូល​ពី​កំពង់ត្រាច​ហើយ។ អ្វី​ៗ​ដូច​ខ្ញុំ​បាន​ត្រៀម​ទុក​មែន ដោយ​ឡែក​តែ​បងប្អូន​ខ្លះ​មិន​បាន​ត្រៀម​ដូច​ខ្ញុំ​ត្រូវ​ទៅ​ទាំង​យប់​ដោយ​គ្មាន​បាន​របស់​របរ​អ្វី​ទេ។ លុះ​ចេញ​ទៅ​បាន​បី​ថ្ងៃ សភាពការណ៍​ជា​ស្ងប់​បន្តិច ទើប​វា​ឲ្យ​បងប្អូន​យើង​ចូល​មក​យក​ឥវ៉ាន់​បាន​ខ្លះ។ មួយ​អាទិត្យ​ក្រោយ​មក គឺ​ថ្ងៃ ១៣ មករា ១៩៧៩ ខ្ញុំ​នឹង​បងប្អូន​ទាំងអស់​ត្រូវ​វា​ដេញ​ទៅ​មុខ​ទៀត ហើយ​ជា​សំណាង ខ្ញុំ​បាន​ជួប​គ្រួសារ​បងស្រី និង​ម្ដាយ​បង្កើត​នៅ​ព្រៃភ្នំ។ ពេល​នោះ​ខ្ញុំ និង​បង​ស្រី​ព្រម​ទាំង​ម្ដាយ​លែង​បែក​គ្នា​ទៀត​ហើយ។ រស់​នៅ​ក្នុង​ព្រៃ​ម្ដុំ​ភ្នំ​តា​កែន​កោះ​ស្លា ដោយ​ទី​កន្លែង​នោះ​មាន​ទំនប់​ទឹក​អាច​មាន​ទឹក​ប្រើប្រាស់​បាន ឯ​ផ្ទះ​ក៏​យក​ស្លឹក​ឈើ​ធំ​ៗ​ប្រក់​ដំបូល​ធ្វើ​ជញ្ជាំង។ រយៈកាល​ដែល​ដេក​នៅ​ព្រៃភ្នំ វា​បាន​បង្ខំ​ឲ្យ​បងប្អូន​យើង​ទៅ​ច្រូត​ស្រូវ​នៅ​ម្ដុំ​ចូល​ផ្លូវ​ជាតិ​លេខ ៣ ខាង​លិច​ស្រុក​ឈូក ដើម្បី​យក​មក​ដាក់​ជង្រុក​រួម ហើយ​ត្រូវ​តែ​វេច​បាយ​ខ្លួន​ឯង​យក​ទៅ។ ខ្ញុំ​សូម​ជម្រាប​ថា ពេល​ដែល​វៀតណាម​ចូល​ពួកវា​បាន​ឲ្យ​ប្រជាជន​ទាំងអស់​អាច​ហូប​ជា​ឯកជន គឺ​ហូប​តាម​គ្រួសារ​រៀង​ៗ​ខ្លួន ព្រោះ​វា​រក​តែ​ប្រាស់​អាយុ​ដែរ គ្មាន​ពេល​ឯណា​ប្រមូល​ផ្ដុំ​គ្នា​ហូប​បាយ​រួម​ទេ។ ឯ​ស្រូវ​ដែល​ច្រូត​បាន​វា​ឲ្យ​យើង​កិន បុក​ជា​អង្ករ​ហើយ​ទើប​ចែក​តាម​គ្រួសារ​នីមួយៗ។ ការ​រស់​នៅ​ក្នុង​ព្រៃភ្នំ​ជិត​មួយ​ខែ គឺ​ការ​រស់​នៅ​ជា​ឯកជន តែ​ក្រោម​ការ​តាមដាន​យាមកាម​យើង​ដដែល។ ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ១៩៧៩ វេលា​ម៉ោង ១០ ព្រឹក រូប​ខ្ញុំ​បាន​រែក​បំពង់​ទឹក​ត្នោត​ម្ដង ៥ បំពង់ ទៅ​ដង​ទឹក​ត្រពាំង​មួយ​នៅ​ចម្ងាយ​ពី​កន្លែង​សម្រាក ៣០០ ម៉ែត្រ ពេល​នោះ​ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​ដែរ ព្រោះ​ពួក ប៉ុល ពត ក៏​ស្លៀក​អីចឹង​ដែរ។ តែ​ពេល​នោះ​មាន​ម្នាក់​លប​មក​និយាយ​ប្រាប់​ខ្ញុំ​ថា សមមិត្ត​កុំ​ភ័យ​អី ពួក​រណសិរ្សរំដោះជាតិ​ខ្មែរ​យើង​មក​ដល់​ទីនេះ​ហើយ។ ក្រោយ​ពី​បាន​ស្ដាប់​ជា​សំងាត់​មក ខ្ញុំ​ក៏​ត្រឡប់​មក​កន្លែង​សម្រាក​វិញ ដោយ​ខំ​ប្រឹង​រៀបចំ ប្រដាប់​ប្រដា​ហាក់​ដូចជា​ទៅ​តាម​វា​អីចឹង​ដែរ។ ពេល​ខ្ញុំ​កំពុង​តែ​រៀប​ចំ​នោះ ស្រាប់​តែ​ខាង​រណសិរ្ស និង​ពួក ប៉ុល ពត បាញ់​គ្នា​នៅ​មាត់បឹង​ខាង​កើត។ ពេល​នោះ​ពួក​មេ​កង មេ​ក្រុម​វា​មក​បង្ខំ​ឲ្យ​រត់​ឡើង​ភ្នំ​តាម​វា​ជា​បន្ទាន់ ព្រោះ​ពួក​យួន​មក​ដល់​ហើយ។ និយាយ​បាន​តែ​បន្តិច ពួក​វា​ក៏​រត់​វឹង​ចេញ​ទៅ ព្រោះ​វា​ខ្លាច​ជាង​យើង​ទៅ​ទៀត ឯ​ខ្ញុំ​ក៏​ប្រាប់​ពួក​វា​ដែល​មក​ដេញ​បន្ត​ថា មិន​អី​ទេ​ពូ ខ្ញុំ​ចេញ​ទៅ​ឥឡូវ​ហើយ ដោយ​ម៉ែ​គាត់​ឈឺ​ខ្លាំង​មិន​អាច​ដើរ​លឿន​ភ្លាម​ៗ​បាន​ទេ​ពូ។ ពេល​នោះ​ក្រុម​វា​ក៏​រត់​វឹង​ទៅ​បាត់​ទៀត ឯ​ប្រជាពលរដ្ឋ​ក៏​ជ្រួល​ច្របល់ ខ្លះ​មិន​ដឹង​ដូច​ខ្ញុំ ក៏​រត់​ឡើង​ភ្នំ​តាម​វា ឯ​អ្នក​រោង​ជិត​ៗ​ខ្ញុំ ក៏​មក​តាម​ខ្ញុំ គឺ​រត់​បញ្ច្រាស​មក​ខាង​រណសិរ្ស​វិញ ព្រោះ​ខ្ញុំ​បាន​ដឹង​រឿង​រួច​ទៅ​ហើយ។ ជាង ១ ម៉ោង ស្ងប់​គ្រាប់​កាំភ្លើង ខ្ញុំ និង​គ្រួសារ ចាប់​ផ្ដើម​ដើរ​ផង រត់​ផង ចូល​មក​ក្នុង​ការ​ការពារ​របស់​រណសិរ្ស។ តាំង​ពី​ម៉ោង ១០ ព្រឹក​ដើរ​រហូត​ដល់​ព្រលប់​ទើប​ហ៊ាន​ឈប់ ពេល​នោះ​ខ្ញុំ​មាន​ជំងឺ​គ្រុនក្ដៅ ឯ​ម្ដាយ​ឈឺ​ទៀត ខ្ញុំ​ត្រូវ​រែក​អម្រែក​ផង ដូច្នេះ​ត្រូវ​រែក​អម្រែក​ដើរ​ទៅ​មុខ បាន​ប្រហែល​ជា ១០០ ទៅ ២០០ ម៉ែត្រ ដាក់​អម្រែក​ទុក រត់​ត្រឡប់​មក​អៀវ​ម្ដាយ​ខ្ញុំ​យក​ទៅ​ដល់​កន្លែង​អម្រែក​នោះ រួច​ចាប់​រែក​ទៅ​មុខ​បន្ត​ទៀត រួច​រត់​មក​អៀវ​ម្ដាយ​ជា​បន្ត​ៗ​ៗ រហូត​ដល់​ព្រលប់​ឈប់​សម្រាក ដើម្បី​ដាំ​បាយ​ហូប​ព្រោះ​ប្រឹង​ដើរ-រត់​តាំង​ពី​ម៉ោង ១០ ព្រឹក​មក​វា​អស់​កម្លាំង​ហេវហត់​ខ្លាំង​ណាស់​ហើយ។ ម៉ោង​ប្រហែល​ជា ១០ យប់ ក្រោយ​ពី​ហូប​បាយ​ហើយ ខ្ញុំ និង​បងប្អូន​ដែល​រត់​គេច​មក​នេះ ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​បន្ត​ទៀត បងប្អូន​ខ្លះ​មក​មិន​ទាន់​រួច​រង់​ចាំ​ព្រឹក​ឡើង​ទើប​បន្ត​មក​តាម​ក្រោយ​ទៀត។ ថ្ងៃ​ទី ១ យើង​រត់​គេច​ចេញ​បាន ថ្ងៃ​ទី ២ ដើរ​មក​ដល់​ដងទង់ ថ្ងៃ​ទី ៣ នៅ​ភូមិ​សូភី ថ្ងៃ​ទី ៤ នៅ​ស្រែ​ជា ថ្ងៃ​ទី ៥ នៅ​កំពង់ត្រាច ថ្ងៃ​ទី ៦ នៅ​វិទ្យាល័យ​ទូក​មាស ថ្ងៃ​ទី ៧ ដេក​នៅ​ច្រក​សៀម ថ្ងៃ​ទី ៨ ដេក​នៅ​តានី ថ្ងៃ​​ទី ៩ ដេក​នៅ​បារាយ​វិហារ​ពីរ ថ្ងៃ​ទី ១០ ដល់​ស្រុក​កំណើត ភូមិ​អង្កាញ់ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្ត តាកែវ (ថ្ងៃ ១៩ កុម្ភៈ ១៩៧៩) មក​ដល់​ស្រុក​កំណើត​វិញ ខាង​ភូមិ​គេ​ប្រគល់​ផ្ទះ​ខ្ទម ១ ប្រហែល ៣ ម x ៤ ម និង​ស្រូវ​ប្រហែល​ជា ១០ តៅ។ ពេល​នោះ​ខ្ញុំ និង​ប្រពន្ធ​ក៏​ខំ​ប្រឹង​ដើរ​រើស​គួរ​ស្រូវ បូត​បាន​គ្រាន់​ហូប​នឹង​គេ។ ដល់​ខែមេសា គេ​ឲ្យ​ចូល​ធ្វើ​គ្រូ​បង្រៀន​ក្មេង​ដែល​សល់​ពី​ជំនាន់ ប៉ុល ពត ពេល​នោះ​បង្រៀន​ផង ធ្វើ​ស្រែ​ផង ព្រោះ​មាន​ភ្លៀង​ធ្លាក់​បណ្ដើរៗ ហើយ​ឯ​ស្រែ គឺ​ធ្វើ​តាម​ក្រុម​រួម។ ដល់​ខែ​កក្កដា ១៩៧៩ ខ្ញុំ​មក​ភ្នំពេញ​ម្ដង ដើម្បី​រក​បងប្អូន មិត្តភ័ក្ដិ ពេល​នោះ​ខ្ញុំ​មក​ជួប​មិត្តភ័ក្ដិ ដែល​នៅ​រស់​គេ​មក​ចាប់​អោប​ខ្ញុំ ហើយ​យំ​ទាំងអស់​គ្នា។ ពេល​នោះ​ខ្ញុំ​មិន​ទាន់​ចូល​ធ្វើការ​ទេ។ ខែ​មករា ១៩៨០ ខ្ញុំ​មក​ភ្នំពេញ​ទៀត ហើយ​ដាក់​ពាក្យ​ចូល​ធ្វើការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ក្រុងភ្នំពេញ។ ខែ​មីនា ១៩៨០ រដ្ឋ​បាន​ចាប់​ផ្ដើម​បោះ​ក្រដាស​ប្រាក់​ចាយ ខ្ញុំ​ក៏​បាន​ចូល​ធ្វើការ​នៅ​ខែ​មីនា ១៩៨០ នោះ​ដែរ ដោយ​បាន​ប្រាក់​បៀវត្សរ៍​មួយ​ខែ ១០៥ រៀល។ ពេល​ធ្វើការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង គឺ​ខ្ញុំ​ត្រូវ​ចាត់​តាំង​ធ្វើ​ជា​គណនេយ្យ​នៅ​អគារ​តំបន់ ៤ (ភ្លើង​ស្ទប់​ទេពផន) ហើយ​ផ្ទះ​រដ្ឋ​ឲ្យ​នៅ​ពី​លើ​អាគារ​តែ​ម្ដង។ ធ្វើ​ជា​គណនេយ្យ​នៅ​អាគារ​តំបន់ ៤ នេះ​បាន​រហូត​ដល់​ខែ​មករា ១៩៨១ មន្ទីរ​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​មក​ធ្វើ​ជា​គណនេយ្យ​បូក​សរុប​នៅ​ក្រុមហ៊ុន​ស្បៀង​វិញ។ ធ្វើ​ជា​គណនេយ្យ​បូក​សរុប​បាន ៣ ខែ មន្ទីរ​បាន​ចាត់​តាំង​រូប​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណនេយ្យ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​មាន​ទីតាំង​នៅ​ខាង​កើត​សណ្ឋាគារ​ស (ឈ្មោះ​ពីមុន សណ្ឋាគារ​ប៉ៃលិន)។ ធ្វើ​ជា​ប្រធាន​គណនេយ្យ​ក្រុមហ៊ុន​នេះ ដែល​គ្រប់គ្រង​សាខា​ក្រោម​ឱវាទ ២២ សាខា។ ចាប់​ពី​ខែ​មីនា ១៩៨១ ដល់​ចុង​ឆ្នាំ ១៩៩០ សាខា​ក្រុង​តំរូវ​ឲ្យ​ខ្ញុំ​មក​ធ្វើ​ជា​អនុប្រធាន​គណនេយ្យ​អគ្គិសនី​កម្ពុជា​វិញ ដោយ​យោង​តាម​ប្រវត្តិ​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​គណនេយ្យ​អគ្គិសនី​កម្ពុជា​នេះ​ពី​សង្គម​ចាស់ រហូត​ដល់​ថ្ងៃ ១៧ ឧសភា ១៩៧៥។ ធ្វើ​ជា​អនុប្រធាន​គណនេយ្យ​បាន​មួយ​ឆ្នាំ ខ្ញុំ​ត្រូវ​ក្រុមហ៊ុន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​អនុប្រធាន​អគ្គិសនី​ក្រុង​ព្រះ​សីហនុ ដែល​មុខ​ខ្ញុំ​ទៅ​ធ្វើ​នេះ (ជំនាន់​លោក ឃឹម បូ ជា​ចៅហ្វាយ​ក្រុង) ភ្លើង​កំពង់សោម​ឆេះ​បាន​តែ ៦ ម៉ោង​ទេ គឺ​បើក​ម៉ោង ១៨:០០ ដល់ម៉ោង ២៤:០០ តែ​ក្រោយ​ពេល​ដែល​មាន​ការ​គ្រប់គ្រង និង​រៀបចំ​បាន​ត្រឹមត្រូវ ភ្លើង​កំពង់សោម គឺ ២៤ លើ ២៤ ម៉ោង ដែល​ធ្វើ​ឲ្យ​លោក​ចៅហ្វាយ​ក្រុង​មាន​ការ​សរសើរ​យ៉ាង​ខ្លាំង។ ឆ្លៀត​ពេល​នៅ​កំពង់សោម​នោះ ខ្ញុំ​ក៏​បាន​ជួយ​មើល​ការ​ខុសត្រូវ​សណ្ឋាគារ​មិត្តភ័ក្ដិ​ម្នាក់ (សណ្ឋាគារ សុរិយា) ដែល​ចាប់​ដំណើរ​កាល​ពី​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ ១៩៩៣ ត​មក។ ក្រោយ​ពេល​បោះឆ្នោត​ឆ្នាំ ១៩៩៣ ខ្ញុំ​ក៏​ត្រឡប់​មក​នៅ​ភ្នំពេញ​វិញ។ សម្រាក​មួយ​រយៈ ក៏​បាន​ជួប​មិត្តភ័ក្ដិ​គេ​អោយ​ចូល​ធ្វើ​ការ​ជា​គណនេយ្យ​នៅ​ក្រុមហ៊ុន​ហូលីម៉េច (របស់​ថៅកែ ហ៊ឹម ហុង)។ ធ្វើ​បាន​ជិត​មួយ​ឆ្នាំ ពេល​នោះ​ប្អូន​ថៅកែ​ហុង​ក៏​បាន​បើក​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត ខ្ញុំ​ក៏​បាន​ចេញ​មក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថ្មី (តាំង សេង) ពី​ខែ​កក្កដា ១៩៩៤ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។
          មនុស្ស​ច្រើន​លាន​នាក់​ណាស់ ដែល​រស់​នៅ​ហើយ​មាន​ការ​ចងចាំ​នូវ​មហា​អាស្រូវ មហា​យង់ឃ្នង​របស់​ពួក ប៉ុល ពត។ ប្រហែល​​ក្មេង​ៗ​សម័យ​ក្រោយ​នេះ​គិត​ថា ជា​រឿង​មួយ​ដែល​ខ្ញុំ​បាន​ប្រឌិត។ តាម​ពិត​ទៅ​វា​ជា​រឿង​ពិត ហើយ​មហា​សង្វេគ​ណាស់​ក្នុង​របប ប៉ុល ពត នេះ។ តាម​ពិត​ខ្ញុំ​លើក​មិន​អស់​ទេ​នូវ​សកម្មភាព ដែល​ឃើញ​ជាក់​ស្ដែង ហើយ​លើក​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ទេ។ ខ្ញុំ​សូម​ជម្រាប​ថា តែ​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក គឺ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្ញុំ​ត្រូវ​បាត់បង់​សមាជិក​គ្រួសារ​អស់ ១៤ នាក់ (ឪពុក​បង្កើត បងប្អូន​បង្កើត ក្មួយ​ដែល​មិន​ទាន់​ដឹង​អី) ។
          ជា​ទី​បញ្ចប់​នៃ​ជីវិត​ខ្ញុំ​នេះ​ក៏​ដូច​ជា​បងប្អូន​ប្រជាជន​កម្ពុជា​ទាំងអស់ គឺ​ចង់​ឃើញ ចង់​បាន​តុលាការ​យុត្តិធម៌​មួយ កាត់ទោស ពួក​មេ​ដឹកនាំ​ប្រល័យ​ពូជសាសន៍​នេះ ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​នោះ​អស់​ចិត្ត និង​ដើម្បី​ឲ្យ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​បាន​សោយសុខ​ក្នុង​សុគតិភព​ផង។

ភ្នំពេញ, ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០០០
                     ស៊ឹន អ៊ាន