រឿង អាខ្លុយ

          ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ។ យប់​កាន់​តែ​ជ្រៅ​ណាស់​ហើយ នៅ​លើ​លំហ​មេឃ​ឃើញ​តែ​ហ្វូង​ផ្កាយ​រាប់​រយ​ពាន់​កំពុង​ចោល​ពន្លឺ​ព្រិច​ៗ​បំភ្លឺ​ផែន​ដី។ ក្រៅ​ពី​សំ​ឡេង​សត្វ​ចង្រិត​យំ​ច្រេក​ៗ​ក្នុង​គុម្ព​ស្មៅ នៅ​មាន​សំ​ឡេង​ខ្លុយ​មួយ​ទៀត​កំពុង​ប្រណាំង​គ្នា​ចូល​ទៅ​រំ​ខាន​ដំ​ណេក​មីង​ម្នាក់​រហូត​ដល់​គាត់​ទ្រាំ​លែង​បាន ក៏​ចេញ​ទៅ​ឃាត់ ៖
          - អា​ទូច! ល្មម​ចូល​គេង​ហើយ នៅ​ផ្លុំ​ខ្លុយ​ដល់​ណា​ទៀត​។
          ទូច ជា​ក្មេង​ប្រុស​ម្នាក់​ទើប​មាន​អាយុ ៦ ឆ្នាំ​។ គេ​មិន​ទាន់​បាន​ចូល​រៀន​នៅ​ឡើយ​ទេ ព្រោះ​គេ​ចេះ​តែ​ក្រាញ​ខ្លាច​សា​លា​រៀន។ កាល​ប៉ុន្មាន​ថ្ងៃ​មុន ទូច​ បាន​តាម​ម្ដាយ​ទៅ​ផ្សារ ហើយ​គេ​យំ​រំ​អុក​ម្ដាយ​ទារ​ទិញ​ខ្លុយ​មួយ​យក​មក​ផ្លុំ​លេង។ ទូច ចេះ​តែ​ផ្លុំ​ឮ​ទីត​ៗ​! គ្មាន​ចេញ​ជា​បទ​អ្វី​ទេ គឺ​បាន​តែ​រំ​ខាន​គេ​ឯង​កុំ​ឲ្យ​ដេក​ពួន​បាន​តែ​ប៉ុណ្ណោះ។ ឃើញ​ម្ដាយ​ចេញ​មក​ឃាត់ ទូច បង្អង់​ផ្លុំ​ខ្លុយ រួច​ឆ្លើយ​តប ៖
          - កូន​មិន​ទាន់​គេង​ទេ​ម៉ែ រៀន​ផ្លុំ​ខ្លុយ​ឲ្យ​ចេះ​សិន​!
          ម្ដាយ​ទាញ​ដៃ​កូន​ដោយ​បង្ខំ ហើយ​និយាយ​ថា ៖
          - ស្អែក​ចាំ​ផ្លុំ​ទៀត កូន​ឯង​រៀន​អត់​គ្រូ​ធ្វើ​យ៉ាង​ណា​ៗ​ក៏​មិន​ចេះ​ដែរ។ បាន​តែ​រំ​ខាន​គេ​ដេក​ពួន​ហ្នឹង!
          ដោយ​មិន​ហ៊ាន​រឹង​ទទឹង ទូច ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​ពី​ក្រោយ​ម្ដាយ​ទាំង​ទើស​ទ័ល។ ទូច គេង​យក​ដៃ​គង​ថ្ងាស​គិត​ថា រៀន​អ្វី​ក៏​ទាល់​តែ​មាន​គ្រូ​ដែរ រៀន​អក្សរ រៀន​ភ្លេង បើ​គ្មាន​គ្រូ​ពិត​ជា​មិន​ចេះ។ ស្អែក​ឡើង​ពេល​យក​គោ​ទៅ​ឃ្វាល​នៅ​វាល​ស្រែ ទូច​ ដាក់​ខ្លុយ​ទៅ​ជា​មួយ​ផង​។ ទូច លែង​គោ​ឲ្យ​ស៊ី​ស្មៅ រួច​ចូល​ទៅ​អង្គុយ​ក្រោម​ដើម​ស្វាយ ទាញ​ខ្លុយ​មក​ផ្លុំ​ឮ​ទីត​ៗ​! រហូត​ដល់​ក្មេង​ឯ​ទៀត​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​គេ​ថា "អា​ខ្លុយ"។
          ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អា​ខ្លុយ នៅ​តែ​ព្យា​យាម​រៀន​ផ្លុំ​បទ "សា​រិ​កា​កែវ​អើយ​ស៊ី​អី​កង​ៗ" មិន​ចេះ​សោះ។ គេ​តូច​ចិត្ត​ណាស់ នឹក​ថា​ខ្លួន​មាន​ដៃ​សម្រាប់​ចាប់​រន្ធ​ខ្លុយ​ដូច​គេ​ដែរ ហេតុ​អ្វី​ក៏​ធ្វើ​ជា​បទ​មិន​កើត? ថ្ងៃ​ខ្លះ អា​ខ្លុយ មិន​ព្រម​ញ៉ាំ​បាយ​ទេ ដោយ​ខឹង​នឹង​ខ្លួន​ល្ងង់ រៀន​ផ្លុំ​ខ្លុយ​មិន​ចេះ។ ថ្ងៃ​មួយ​កុមារ​យើង​ចេញ​ទៅ​ផ្សារ​ជា​មួយ​ម្ដាយ គេ​ចង់​ទិញ​មួយ​កន្តឹប​មួយ​ទុក​ពាក់​ឃ្វាល​គោ។ គេ​បែក​ផ្លូវ​ពី​ម្ដាយ​ចេញ​ពី​តូប​មួយ​ទៅ​តូប​មួយ​រក​ទិញ​មួក តែ​មិន​ពេញ​ចិត្ត​សោះ ក៏​ចេះ​តែ​ដើរ​ទៅ​ៗ​រហូត​ដល់​ក្បែរ​រោង​កាត់​សក់ ស្រាប់​តែ​ឮ​សំ​ឡេង​ខ្លុយ​ផ្លុំ​ជា​បទ​បំពេ​កូន​យ៉ាង​ពី​រោះ​លន្លង់​លន្លោច។ ក្មេង​នេះ​ដូច​ជា​រំ​ភើប​ណាស់ ដើរ​ចូល​ទៅ​ជិត​ភ្លាម​ឃើញ​តា​ចាស់​ខ្វាក់​ភ្នែក​ម្នាក់​កំពុង​ផ្លុំ​ខ្លុយ។ គាត់​មើល​អ្វី​មិន​ឃើញ​ទេ គាត់​យក​សំ​ឡេង​ខ្លុយ​ជា​មុខ​របរ​សុំ​ទាន​គេ​ចិញ្ចឹម​ជី​វិត។ តាំង​ពី​ដើម​មក ទូច ធ្លាប់​តែ​ជូន​ទាន​ដល់​ជន​ពិការ​ជា​និច្ច គេ​មិន​ចេះ​ប្រ​មាថ​មើល​ងាយ ឬ​ធ្វើ​កិរិ​យា​ត្រាប់​តាម​ជន​ពិ​ការ​ឡើយ ទោះ​ជា​គាត់​ខ្វិន​ខ្វាក់ ក្ងែង​ក្ងង់​យ៉ាង​ណា​ក៏​ដោយ។ កុមារ​យើង​ខិត​ទៅ​ជិត​តា​ផ្លុំ​ខ្លុយ រួច​លើក​ដៃ​សំពះ​គាត់ ៖
          - លោក​តា! ខ្ញុំ​ជម្រាប​សួរ!
          ទោះ​ជា​មើល​មុខ​ក្មេង​មិន​ឃើញ​ក្ដី ក៏​តា​ចាស់​ពិការ​ភ្នែក​លើក​ដៃ​ទាំង​រាវ​ពពើម​ទៅ​ស្ទាប​ក្បាល​កុមារ​តូច ព្រម​ទាំង​វា​ចា​ថា ៖
          - ល្អ​ហើយ​ចៅ! កូន​អ្នក​ណា​ចេះ​គួរ​សម​ណាស់​ហ្ន!
          - បាទ! ខ្ញុំ​កូន​ម៉ែ​ខ្ញុំ​ណា​តា។ ខ្ញុំ​ចង់​ចេះ​ផ្លុំ​ខ្លុយ​ណាស់ សូម​លោក​តា​ជួយ​បង្រៀន​ខ្ញុំ​ផង។
          - ចង់​ចេះ​ផ្លុំ​ខ្លុយ? មិន​អី​ទេ តា​អាច​បង្រៀន​បាន ចាំ​មើល​ម្រាម​ដៃ​តា​ឲ្យ​ច្បាស់​ណា! រួច​ចង់​ចេះ​បទ​អី​មុន​គេ?
          - សា​រិ​កា​កែវ​អើយ​ស៊ី​អី​កង​ៗ
          - ហាស! ហា! មិន​អី​ទេ ចាំ​តា​បង្រៀន។
          តា​ពិការ​ភ្នែក​ចាប់​ផ្ដើម​ផ្លុំ​ខ្លុយ​មួយ​ៗ កុមារ​ដ៏​ឆ្លាត​នេះ​រៀន​តាម​ដោយ​ព្យាយាម​មើល​ម្រាម​ដៃ​គាត់ ដែល​សង្កត់​ទៅ​លើ​រន្ធ​ខ្លុយ។ ដោយ​ធ្លាប់​រៀន​ផ្លុំ​តែ​ម្នាក់​ឯង​ស្គាល់​ខ្ទង់​ខ្លះ​ៗ​ហើយ កុមារ​យើង​ចាប់​ចំណុច​បាន​ភ្លាម រួច​សុំ​ខ្លុយ​គាត់​មក​ផ្លុំ​សាក​មើល។ ទោះ​ជា​សំឡេង​ខ្លុយ​របស់​គេ​មិន​ទាន់​ពីរោះ ក៏​អាច​ស្ដាប់​បាន និង​មាន​សង្ឃឹម​ថា កុមារ​នេះ​នឹង​បែក​គំនិត​ចេះ​កាន់​តែ​ច្បាស់​លាស់​ជាង​នេះ។ មុន​នឹង​លា​លោក​តា​ពិការ​ភ្នែក​ចេញ​ទៅ ទូច ដក​ប្រាក់​ចេញ​ពី​ហោ​ប៉ៅ​ជូន​គាត់​ដោយ​ដៃ​ទាំង​ពីរ។
          - ខ្ញុំ​ជូន​តា​ពីរ​ពាន់​រៀល! លុយ​នេះ​ម៉ែ​ខ្ញុំ​ឲ្យ​ទិញ​មួក តែ​មិន​ទាន់​ទិញ​ទេ​សុំ​ទិញ​ចំណេះ​សិន។
          តាចាស់ញញឹមបិទមាត់មិនជិត ហើយនិយាយថា ៖
          - អរគុណ​ណាស់​ចៅ! យក​លុយ​មក​ទិញ​ចំណេះ​ខាង​ផ្លុំ​ខ្លុយ តែ​តា​មិន​លក់​ទេ គឺ​បង្រៀន​ចៅ​ដោយ​មិន​យក​ឈ្នួល​ណា!
          - បើ​តា​មិន​យក​ឈ្នួល​ទេ ខ្ញុំ​ជូន​លុយ​នេះ​ទុក​ទិញ​នំ​ពិសា​ចុះ! ខ្ញុំ​លា​សិន​ហើយ។
          តាំង​ពី​ថ្ងៃ​នោះ​មក កាល​ណា​មាន​ពេល​ទំ​នេរ អា​ទូច ឬ​អា​ខ្លុយ តែង​ស្កាត់​ទៅ​ជួប​គ្រូ​របស់​វា​ដើម្បី​បន្ត​រៀន​ផ្លុំ​ខ្លុយ។ ក្មេង​ប្រុស​ខំ​រៀន​ទាល់​តែ​ចេះ តែ​គេ​លាក់​ចំណេះ​មិន​បង្ហាញ​ឲ្យ​អ្នក​ណា​ដឹង​ទេ។ នៅ​ពី​មុខ​បង​ប្អូន ឬ​ឪពុក​ម្ដាយ ទូច ផ្លុំ​ទីត​ៗ! ប៉ុន្តែ​បើ​ទៅ​ឃ្វាល​គោ​ស្ងាត់​ម្នាក់​ឯង គេ​ផ្លុំ​បាន​ពីរោះ​ណាស់ ហើយ​ចេះ​ធ្វើ​កាយ​វិការ​ទៅ​តាម​បទ​ភ្លេង និង​ទំនុក​ច្រៀង​ទៀត​ផង។
          ដល់​ឆ្នាំ​សិក្សា​ថ្មី អា​ខ្លុយ នឹក​ចង់​ចូល​រៀន​អក្សរ​នឹង​គេ ក៏​បង្ខំ​ម្ដាយ​ឲ្យ​ជូន​ទៅ​សា​លា​។ ទោះ​បី​ជា​កុមារ​យើង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ថា ទូច ក៏​អ្នក​គ្រូ និង​មិត្ត​ភក្តិ​ហៅ​ថា អា​ខ្លុយ ជា​និច្ច។ ម៉្យាង​ដោយ​គេ​ចេះ​កំប្លែង​ក្រមាច់​ក្រមឺម​គ្រាន់​នឹង​សើច​លេង​ផង​នោះ ធ្វើ​ឲ្យ​អ្នក​គ្រូ​ស្រឡាញ់​ចូល​ចិត្ត ទូច ជាង​គេ។
          ថ្ងៃ​មួយ​មាន​ក្រុម​អធិការ​កិច្ច​របស់​ក្រសួង​អប់រំ​យុវ​ជន និង​កីឡា ព្រម​ទាំង​ជន​ជាតិ​ជប៉ុន​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ផង បាន​ទៅ​ត្រួត​ពិនិត្យ​សា​លា​រៀន​នោះ។ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុ​សិស្ស​ទាំង​អស់​មាន​សំលៀក​បំពាក់​ស្អាត​បាត ឈរ​ជាជួរ​រង់​ចាំ​ទទួល​ភ្ញៀវ។ បន្ទាប់​ពី​សំណេះ​សំណាល​ជា​មួយ​លោក​គ្រូ អ្នក​គ្រូ និង​មា​តា​បិតា​សិស្ស​រួច លោក​តំណាង​ក្រសួង​បើក​ឱកាស​ឲ្យ​សិស្ស​ថា ៖
          - មើល៍! មាន​ក្មួយ​ៗ​ណា​ចេះ​ច្រៀង ចេះ​រាំ​ទេ? ពូ​ៗ​ចង់​ឃើញ បើ​ចេះ​លើក​ដៃ​ឡើង!
          អា​ខ្លុយ ឈរ​មុខ​គេ​លើក​ដៃ​ភ្លែត រួច​ឆ្លើយ​យ៉ាង​ក្លា​ហាន ៖
          - បាទ​ពូ! ខ្ញុំ​ចេះ​ផ្លុំ​ខ្លុយ ហើយ​ចេះ​ច្រៀង​ទៀត។
          - អ្ហា! គ្រាន់​បើ ឡើង​មក​ក្មួយ បើ​ថា​ចេះ។
          អា​ខ្លុយ ហូត​យក​ខ្លុយ​ដែល​វា​លាក់​ក្នុង​អាវ​មក​កាន់ រួច​ចូល​ទៅ​ជិត​គណៈ​អធិបតី។ ជន​ជាតិ​ជប៉ុន​ទាំង​ពីរ​នាក់​ស្ងើច​សរ​សើរ​ភាព​ក្លាហាន​នេះ​ជា​ខ្លាំង។ លោក​នាយក​សា​លា​ចាប់​បង្ហាញ​ភ្ញៀវ​ឲ្យ​ស្គាល់​កុមារ​យើង​ភ្លាម ៖
          - សិស្ស​នេះ​ឈ្មោះ ទូច រៀន​ថ្នាក់​ទី ១ គេ​ទម្លាប់​ហៅ​ថា អា​ខ្លុយ ព្រោះ​គេ​ចេះ​តែ​ផ្លុំ​ខ្លុយ​ឮ​ទីត​ៗ! រំខាន​គេ​ឯង។ អា​ខ្លុយ ប្រហែល​ជា​មិន​ចេះ​ផ្លុំ​ខ្លុយ​អី​ទេ គេ​បាន​តែ​អួត។
          ពេល​នោះ​លោក​តំណាង​ក្រសួង​ទះ​ស្មា​កុមារ​ស្រាល​ៗ ព្រម​ទាំង​មាន​យោបល់​ថា ៖
          - មើល៍​ក្មួយ​ខ្លុយ! បើ​ថា​ចេះ ពិត​ជា​ចេះ​ណា! គេ​មិន​រៀន​និយាយ​ភូត​កុហក​ចាស់​ៗ​ទេ ប្រយ័ត្ន​បាប​ណា!
          អា​ខ្លុយ សើច​ស្ញាញ រួច​ធានា​យ៉ាង​ម៉ឺង​ម៉ាត់​ថា ៖
          - ពូ! ខ្ញុំ​មិន​ចេះ​និយាយ​កុហក​ទេ បើ​ខ្ញុំ​ផ្លុំ​មិន​កើត ខ្ញុំ​សុខ​ចិត្ត​ឈរ​ជើង​មួយ​នៅ​មុខ​គេ!
          - ល្អ! ក្មួយ​ឯង​ចេះ​បទ​អី​ច្បាស់ ផ្លុំ​បទ​ហ្នឹង​ទៅ ពូ​ចាំ​ស្ដាប់​ណា។
          មិន​បង្អង់​យូរ អា​ខ្លុយ ឱន​ក្បាល​គោរព​បន្តិច ទើប​ចាប់​ច្រៀង​ថា ៖
សារិកាកែវអើយ
ស៊ីអីកងៗ
ស៊ីផ្លែដំបង
ប្រចឹកគ្នាលេង។
ស្លាបវាចាក់ក្បាច់
មាត់វាធ្វើភ្លេង
ប្រចឹកគ្នាលេង
លើមែកព្រឹក្សា។
ឱ! មិត្តយើងអើយ
យើងទៅសាលា
រៀនធ្វើកិច្ចការ
ហើយរៀនអក្សរ។
អ អា អិ អី
កិ កី ក ខ
យើងចាប់ដីស
សរសេរឲ្យស្អាត។
          អស់​ពី​ច្រៀង​ក៏​ចាប់​ខ្លុយ​មក​ផ្លុំ និង​ធ្វើ​កាយ​វិការ​កំប្លុក​កំប្លែង​ក្រមាច់​ក្រមឺម​ផ្សំ​ផង។ សំឡេង​ខ្លុយ​លាន់​ឮ​យ៉ាង​គ្រលួច​បណ្ដាល​ឲ្យ​គណៈ​អធិបតី​ក៏​ដូច​ជា​លោក​គ្រូ អ្នក​គ្រូ សិស្សា​នុ​សិស្ស​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ គេ​នឹក​ស្មាន​មិន​ដល់​ថា​ក្មេង​អាយុ ៦ ឆ្នាំ​អាច​ធ្វើ​កើត។ ដោយ​រំ​ភើប​ខ្លាំង​ពេក ជន​ជាតិ​ជប៉ុន​ម្នាក់​ស្ទុះ​ទៅ​ឱប​កុមារ​យើង ហើយ​ថើប​ក្បាល​គេ​ខ្សឺត។ ម្នាក់​ៗ​ដណ្ដើម​ឱប​ក្មេង​ដ៏​ឆ្លាត និង​ក្លាហាន​នេះ។ ដល់​ពេល​នេះ ទើប​គេ​ទាំង​អស់​គ្នា​ដឹង​ថា អា​ខ្លុយ លប​ទៅ​រៀន​ផ្លុំ​ខ្លុយ​ពី​តា​ចាស់​ពិការ​ភ្នែក​ដោយ​ព្យាយាម ហើយ​មិន​ឲ្យ​នរណា​ដឹង។
          លោក​តំណាង​ក្រសួង​លើក​កុមារ​យើង​ឈរ​លើ​តុ រួច​ប្រកាស​ថា ៖
          - នេះ​ជា​កុមារ​គំរូ​ប្រចាំ​សា​លា និង​ប្រទេស​កម្ពុជា​ទាំង​មូល។ កម្រ​រក​ក្មេង​ណា​បាន​ប្រហែល​ក្មួយ​ខ្លុយ​នេះ​ណាស់។ គេ​ចេះ​ផ្លុំ​ខ្លុយ​ក៏​ដោយ​សារ​ការ​ព្យាយាម​ចង់​ចេះ​ចង់​ដឹង សូម​ក្មួយ​ៗ​សិស្សា​នុ​សិស្ស​ទាំង​អស់​យក​តម្រាប់​តាម​ក្មួយ​ខ្លុយ​កុំ​ខាន​ឲ្យ​សោះ ដើម្បី​អនាគត​មាន​សុភ​មង្គល!
          ថ្ងៃ​នេះ អា​ខ្លុយ មិន​ត្រឹម​តែ​បាន​ទទួល​ការ​សរ​សើរ​ប៉ុណ្ណោះ​ទេ តែ​គេ​ថែម​ទាំង​ទទួល​រង្វាន់​ជា​ទី​គាប់​ចិត្ត​ទៀត។ គេ​ក្ដាប់​លុយ​ហា​សិប​ដុល្លារ​មួយ​សន្លឹក​ដែល​ជន​ជាតិ​ជប៉ុន​ឲ្យ​ជា​ការ​លើក​ទឹក​ចិត្ត ហើយ​រត់​ទៅ​ផ្ទះ​យក​ទៅ​ជូន​ម្ដាយ។ មីង​ជា​ម្ដាយ អា​ខ្លុយ ​រំភើប​រហូត​ដល់​ហៀរ​ទឹក​ភ្នែក​ចេញ​មក​ ដោយ​ឃើញ​កូន​ចេះ​រក​ប្រាក់​មក​ជូន​ម្ដាយ​តាំង​ពី​តូច​បែប​នេះ។ ចុះ​ដល់​ធំ​ឡើង អា​ខ្លុយ នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ប្រភេទ​ណា​ទៅ?៕
------------------------------
ប្រភព ៖ រៃយំ, កម្រងរឿងនិពន្ធថ្មី, ២០០៦, ទំព័រ ១-៨។