ឈ្មោះពិត ស៊ឹន អាន ឈ្មោះប្រើសព្វថ្ងៃ ស៊ឹន អ៊ាន ជាកូនទី ៦ ក្នុងចំណោមបងប្អូន ៨ នាក់ មានស្រី ៣ ប្រុស ៥ ជាកូនលោកឪពុក ស៊ឹន ឃុត ជាកសិករ និងម្ដាយ សំ ឡាយ ជាមេផ្ទះ ទីលំនៅមុនឆ្នាំ ១៩៧៥ គឺខាងជើងសាលាដែក ខាងត្បូងវត្ត ឧត្តរាវត្តី គីឡូម៉ែត្រលេខ ៥ ភ្នំពេញ។
តាមការនិយាយប្រាប់របស់ឪពុកម្ដាយថា ខ្លួនខ្ញុំនេះបានចាប់ផ្ទៃម្ដាយនៅឯ ត្បូងឃ្មុំ ខេត្ត កំពង់ចាម ដល់ពេលគម្រប់ខែ ម្ដាយខ្ញុំថា បានឆ្លងទន្លេខ្ញុំនេះនៅ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ឯណោះវិញ (ឆ្នាំជូត)។ គាត់ទាំងពីរបាននិយាយដំណាលថា កាលពីឆ្នាំ ១៩៤៤-៤៥ នៅខេត្តតាកែវមានកើតគ្រោះរាំងស្ងួត ធ្វើស្រែភ្លឺមិនបានសោះ គាត់ទាំងពីរបាននាំកូនចៅទាំងអស់ រួមទាំងបងប្អូនមីងមាខ្លះទៀតធ្វើចំណាកស្រុកទៅរស់នៅឯត្បូងឃ្មុំ ខេត្តកំពង់ចាម ដើម្បីធ្វើស្រែចម្ការចិញ្ចឹមកូន។ នៅបានជាងមួយឆ្នាំឮថា ស្រុកកំណើតមានភ្លៀងធ្លាក់ជោគជំវិញ គាត់ក៏ត្រឡប់មកស្រុកវិញ ដោយម្ដាយខ្ញុំមានគភ៌ខ្ញុំជិតគ្រប់ខែ។ ខ្ញុំបានចាប់កំណើតឆ្នាំ ១៩៤៧ ត្រូវនឹងឆ្នាំជូត មិនដឹងថ្ងៃណាទេ។ តែពេលនោះខ្មែរយើងមានបារាំងគ្រប់គ្រង ហើយក៏មានទ័ពខ្មែរឥស្សរៈ ចេះតែប្រយុទ្ធគ្នា នឹងគ្មានពេលណាលោះ អីចឹងរូបខ្ញុំនេះកើតមកជួបសង្គ្រាមតែម្ដង។
ឆ្នាំ ១៩៥២ ពេលខ្ញុំមានវ័យ ៦ ឆ្នាំ ម្ដាយឪពុកខ្ញុំបានមករស់នៅភ្នំពេញហើយបានយកកូនចៅទាំងអស់ ៧ នាក់ មកជាមួយ ទុកតែបងស្រីធំទី ២ នៅមើលផ្ទះសម្បែង ដីធ្លីនៅស្រុកកំណើត។ ការមករស់នៅភ្នំពេញ ឪពុកខ្ញុំធ្វើកម្មករក្រុមហ៊ុន សុរាគារខ្មែរ (SKD) ឯម្ដាយខ្ញុំលក់បន្លែនៅផ្សារគីឡូម៉ែត្រលេខ ៦។ ឆ្នាំ ១៩៥៦ ខ្ញុំអាយុ ១០ ឆ្នាំ ឪពុកម្ដាយខ្ញុំឲ្យចូលរៀននៅសាលាបឋមសិក្សា ឧត្តរាវត្តី ក្រោយមកប្ដូរជា សាលាបឋមសិក្សា ឫស្សីកែវវិញ។ ឆ្នាំ ១៩៦២-៦៣ ខ្ញុំបានប្រលងជាប់រៀននៅវិទ្យាល័យ សង្គមរាស្ត្រនិយម (ទួលគោក)។ ឆ្នាំ ១៩៦៦-៦៨ ខ្ញុំរៀននៅ មហាវិទ្យាល័យ ពាណិជ្ជសាស្ត្រ (ទល់មុខព្រះសក្យមុនីចេតិយ) មុខរ៉ារទេះភ្លើង លុះដល់ខែកក្កដា ឆ្នាំ ១៩៦៨ ខ្ញុំប្រលងចេញជាប់ ហើយបានចូលធ្វើការនៅក្រុមហ៊ុន SONATEX (រហូតដល់ឆ្នាំ ១៩៧០)។ ឆ្នាំ ១៩៧១ ខ្ញុំប្រលងជាប់ធ្វើការនៅ អគ្គិសនីកម្ពុជា (EDC) រហូតដល់ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥។
សង្ខេបពីប្រវត្តិតស៊ូខ្លះៗ ពីអាយុ ១០ ឆ្នាំ ដល់បានរៀនចប់ចូលធ្វើការ៖
ក្នុងនាមឪពុកជាកម្មករ ម្ដាយជាអ្នកលក់បន្លែ ហើយមានភារកិច្ចចិញ្ចឹមកូនប្រុស ៤ នាក់ ឲ្យរៀនសូត្រ តើគាត់ពិបាកយ៉ាងណា? ចាប់ពីអាយុ ១០ ឆ្នាំ ខ្ញុំ ប្អូនខ្ញុំពីរនាក់ និងមានបងប្រុស ១ នាក់ ចេះចែករំលែកការងារគ្នា ធ្វើការក្នុងផ្ទះ គឺបងប្រុសដាំស្ល ខ្ញុំលាងចាន ប្អូនបន្ទាប់ឲ្យបាយជ្រូក មាន់ ទា។ ដល់ខ្ញុំដាំស្ល បងប្រុសឲ្យបាយជ្រូក ប្អូនបន្ទាប់លាងចាន គឺផ្លាស់ប្ដូរវេនគ្នាជាប្រចាំ។ ដូច្នេះហើយទើបការងារក្នុងផ្ទះខ្ញុំ ម្ដាយឪពុកខ្ញុំមិនពិបាកទេ គឺពិបាកតែនៅធ្វើការនិងលក់ដូរតែប៉ុណ្ណោះ។ រូបខ្ញុំនេះ ទោះជាពេលចូលរៀនក្ដីក៏ខ្ញុំនៅតែឆ្លៀតលក់នំប៉័ងពេលព្រឹក។ គឺម៉ោង ៤ ទៅយកនំប៉័ងចំនួន ២០ នំ ចាប់ដើរលក់ពីម៉ោង 5:០០-6:៣០ គឺដើរដាក់តាមផ្ទះម៉ូយដែលគេធ្លាប់យករាល់ថ្ងៃ គឺ ១ ផ្ទះនំ ៣។ នំប៉័ងពីមុន គឺ ១.២០ រៀល ដល់ដាក់ស្ករសឲ្យគេផង គឺមួយ ២ រៀល តែបើគេយក ៣ ម្ដងលក់តែ ៥ រៀល វាចំណេញតិចតែលក់ឆាប់អស់ប្រញាប់បានចូលរៀនវិញផង។ ដល់អាយុ ១២ ឆ្នាំ ឡើងមកខ្ញុំ និងបងប្រុសខ្ញុំ អាចរែកទឹកអណ្ដូងលក់ ឬទឹកម៉ាស៊ីនលក់ទៀត ទឹកអណ្ដូង ១ អម្រែក (ធុងប្រេងកាតពីដើមចំណុះ ២០ លីត្រ) ១ រៀល បើទឹកម៉ាស៊ីនទិញគេ ១ អម្រែក ០.៥០ លក់វិញ ២ រៀល។ ក្រោយមកឪពុកខ្ញុំបានទិញរទេះទឹកមួយឲ្យអូសលក់ គឺធុងសាំងចំណុះ ២០០ លីត្រ លក់ ១ ធុង ១០ រៀល ទិញគេមួយធុង ៣ រៀល ដាក់ផ្ទាល់ដី បើឲ្យរែកឡើងលើផ្ទះគឺ ១៣ ទៅ ១៥ រៀល តាមផ្ទះខ្ពស់ទាប។ កាលដែលខ្ញុំចេះរែកទឹក អូសទឹក លក់នំប៉័ង ក៏បានជួយមួយចំណែកពីការចំណាយដូចជា ការទិញសៀវភៅរៀន សំលៀកបំពាក់រៀន។ ក្នុងការជួយសម្រាលបន្ទុកចំណាយពីឪពុកខ្ញុំ និងម្ដាយខ្ញុំ គឺមានបងស្រីខ្ញុំពីរនាក់ទៀតដែលខ្ញុំទៅនៅបម្រើការគេ តាមភោជនីយដ្ឋាន គឺលាងចាន បងស្រីនោះ គឺបងទី ៣ និងទី ៤ តែបងទី ៣ ត្រូវ ប៉ុល ពត សម្លាប់ហើយ នៅតែបងទី ៤ ដែលជាអ្នកមានគុណ មកលើពួកខ្ញុំ ដែលនៅក្នុងវ័យសិក្សានោះ។
ឆ្នាំ ១៩៦២ ឪពុកខ្ញុំត្រូវចូលនិវត្តន៍ ម្ដាយខ្ញុំនៅលក់បានខ្លះៗ អីចឹងភារកិច្ចពួកខ្ញុំរឹតតែខំប្រឹងបន្ថែមទៀត គឺពេលវ៉ាកង (វិស្សមកាល) ត្រូវប្រឹងធ្វើការរកលុយសម្រាប់ចូលរៀនវិញ។ បន្ទាប់ពីចូលនិវត្តន៍ ឪពុកខ្ញុំបានសុំសាលារៀនជិតផ្ទះចូលលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមកូន គឺលក់ទឹកកកឈូស នំនែកខ្លះៗ ក្នុងមួយថ្ងៃចំណេញបាន ៣០-៤០ រៀល។ ដោយប្រឹងប្រែងឈរលក់ ឪពុកខ្ញុំត្រូវខ្យល់គរដួលនៅនឹងកន្លែងក្នុងសាលា។ ពួកខ្ញុំភ័យខ្លាំងណាស់ បានស្រែកឲ្យគេជួយ ទើបឪពុកខ្ញុំចាកផុតពីសេចក្ដីស្លាប់ពេលនោះ។ អាយុខ្ញុំពេញវ័យហើយ ឆ្នាំ ១៩៦៤-៦៥ ពេលវ៉ាកង ខ្ញុំបានមកធ្វើកម្មករសាងសង់ បូរីកីឡា គឺមួយថ្ងៃបាន ២៥ រៀល មួយអាទិត្យបើកម្ដង មួយថ្ងៃហូបបាយមួយពេលអស់ ២-៣ រៀល។ ខ្ញុំភ្លេចលើកយកទឹកចិត្តបងប្អូនប្រុសរបស់ខ្ញុំបីនាក់មកនិយាយ លើកលែងតែប្អូនពៅមួយនៅក្មេងជាងគេចេញ។ ក្រោយពេលឪពុកចូលនិវត្តន៍ និងក្រោយពេលដែលពួកខ្ញុំប្រលងរួចហើយ ប្អូនបន្ទាប់ថ្នាក់ទី ៤ នៅរៀនពេលនោះខ្ញុំទាំងបីបានសម្រេចឯកភាពគ្នា ដោយមានការយល់ព្រមពីឪពុកចាស់ ម្ដាយជរា គឺសម្រេចប្រលងចូលសាលាជំនាញទាំងអស់គ្នា។ អ្នកណាប្រលងធ្លាក់ គឺឈប់រៀន ដើម្បីធ្វើការចិញ្ចឹមឪពុកម្ដាយ។ ដល់ពេលសម្រេច ក៏ទៅប្រលងទាំងបីនាក់ ដោយយកសាលាខុសៗគ្នាទាំងអស់ បងប្រុសប្រលងសាកលវិទ្យាល័យ ប្រជារាស្ត្រ ខ្ញុំប្រលងចូលមហាវិទ្យាល័យពាណិជ្ជកម្ម ប្អូនប្រុសប្រលងចូលសាលាកសិកម្មព្រែកលាប។ ពេលនោះបងប្រុសខ្ញុំ និងខ្ញុំប្រលងជាប់ រីឯប្អូនប្រុសប្រលងធ្លាក់ គឺត្រូវឈប់រៀន ហើយធ្វើកម្មកររោងចក្រទឹកក្រូច Pepsi Cola មួយខែបាន ១,៥០០ រៀល។ ចំណែកបងប្រុសខ្ញុំ និងខ្ញុំចូលរៀនត្រូវរដ្ឋឧបត្ថម្ភអាហារូបករណ៍ប្រចាំខែ ដែលធ្វើឲ្យជីវភាពក្នុងគ្រួសារមិនជាពិបាកណាស់ណាទេ។ គឺខ្ញុំអាចចាយវាយ ទិញសៀវភៅ ទិញសំលៀកបំពាក់ និងសល់ប្រាក់ខ្លះសម្រាប់ឪពុកម្ដាយនៅផ្ទះ។ ខ្ញុំបានរៀបការប្រពន្ធនៅថ្ងៃទី ០៥ វិច្ឆិកា ១៩៦៨ ប្រពន្ធខ្ញុំឈ្មោះ ឌុក សាភូ ក្រោយរៀបការនៅថ្ងៃ ២៦ កញ្ញា ១៩៦៩ ចំណងដៃទី ១ គឺកូនស្រីម្នាក់មានឈ្មោះ ស៊ឹន សោភ័ណ។
ថ្ងៃ ១៨ មីនា ១៩៧០ ពេលនោះខ្ញុំកំពុងធ្វើការក្នុងក្រុមហ៊ុន SONATEX វេលាម៉ោង ១ រសៀល ស្រាប់តែវិទ្យុផ្សាយថា សម្ដេចសីហនុត្រូវបានទម្លាក់ចេញពីអំណាច។ ពេលនោះ ខ្ញុំក៏ដូចជាបុគ្គលិកធ្វើការ មានការភាំងស្មារតីគ្រប់គ្នាដោយមិននឹកស្មានជាមានរឿងអីចឹងកើតឡើង ។
ក្រោយថ្ងៃ ១៨ មីនា ១៩៧០ ប្រជាជនមានភាពជ្រួលច្របល់ តាមជនបទ ស្រុកស្រែចម្ការ និងទីក្រុងធំៗ។ ថ្ងៃ ២៣ មិនា ១៩៧០ រូបខ្ញុំនិងនាយកក្រុមហ៊ុនត្រូវទៅធ្វើបេសកកម្មនៅរោងចក្រតម្បាញកំពង់ចាម (សាខាក្រុមហ៊ុន SONATEX)។ ថ្ងៃ ២៤ មីនា នេះដែរ ដោយនៅមុខរោងចក្រ និងក្នុងខេត្តមានភាពមិនប្រក្រតី ម៉ោងប្រហែល ៩ ព្រឹក ខ្ញុំ និងនាយកក៏សម្រេចត្រឡប់មកភ្នំពេញវិញជាបន្ទាន់ ដោយជិះរថយន្ត ID ដឺសឺវូ បារាំង។ នៅតាមផ្លូវ ខ្ញុំឃើញប្រជាកសិករមានកាន់កាំបិត ដំបង ឈរតាមផ្លូវជាតិជាហូរហែដល់ជិតភ្នំពេញ។ ពេលដល់ភ្នំពេញ នៅឯខាងកំពង់ចាមវិញ ឮគេថាពួកបាតុករ ចាប់តំណាងរាស្ត្រសម្លាប់អស់ប៉ុន្មាននាក់ហើយ ឥឡូវកំពុងដង្ហែក្បួនមកភ្នំពេញទៀត ដើម្បីតវ៉ារឿងទម្លាក់សម្ដេចឪចេញពីអំណាច។
ចាប់ពីពេលនោះមក គេឮសូរសំឡេងក្ដុងក្ដាំងខ្លះៗ ហើយតាមបណ្ដាភូមិស្រុកមួយចំនួន ពួក លន់ ណុល ដែលមានកម្លាំងសហរដ្ឋអាមេរិកជាបង្អែក ក៏បានធ្វើការប្រយុទ្ធជាមួយពួក រណសិរ្សរំដោះដែលស្និទ្ធ និងគាំទ្រសម្ដេចឪ។ ការចាប់យុវជនធ្វើកំណែនទ័ព ក៏មានភាពជ្រួលច្របល់ តម្លៃទំនិញសព្វសរពើក៏ឡើងថ្លៃ ធ្វើឲ្យប្រជាជនគ្មានភាពកក់ក្ដៅឡើយ។ ឆ្នាំ ១៩៧៤-៧៥ គ្រាប់ប្លោងធ្លាក់ជុំវិញទីក្រុង ជាពិសេសផ្ទះខ្ញុំដែលនៅខាងជើងសាលាដែកនោះ ក៏ត្រូវរងគ្រាប់ប្លោងដូចគ្នា គ្មានលោះថ្ងៃណាទេ។ ដោយម្ខាងទៀតតម្រង់រកកន្លែងស្តុកប្រេងឫស្សីកែវ ដែលធំជាងគេ ដើម្បីឲ្យវាឆេះ។ ភ្នំពេញកាន់តែរួមទៅៗ រហូតដល់ថ្ងៃ ១៦ មេសា ១៩៧៥ ប៉ែកខាងជើង ម៉ោងប្រហែលជា ៣ រសៀល ពួកម្ខាងទៀតចូលដល់គីឡូម៉ែត្រលេខ ៦ រោងចក្រ SKD ពេលនោះ ដោយភ័យខ្លាចគេចាប់ខ្ញុំ ឪពុកម្ដាយខ្ញុំ និងប្រពន្ធខ្ញុំ សម្រេចឲ្យខ្ញុំរត់មកដេកនៅស្នាក់ការអគ្គិសនីកម្ពុជា EDC ខាងមុខវត្តភ្នំវិញ។ ពេលខ្ញុំចេញដំណើរពីផ្ទះសំដៅមកវត្តភ្នំ សម្លេងកាំភ្លើងពីទិសខាងជើង វាចេះតែខិតចូលមកបន្តិចម្ដងៗ ឯប្រជាជនក៏ជ្រួលច្របល់ ខ្លះរត់ចេញ ខ្លះរត់ចូលមកភ្នំពេញ។ ពេលមកដល់កន្លែងធ្វើការមិត្តរួមការងារជាច្រើន ក៏គេរត់មកកន្លែងធ្វើការដែរ ដោយខ្លះនាំប្រពន្ធកូនមកជាមួយ ដោយឡែកតែខ្ញុំមកតែឯង ធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យព្រួយ ឪពុកម្ដាយ កូន ប្រពន្ធ នៅឯ គ.ម. ៥ (នៅផ្ទះ) មិនដឹងជាយ៉ាងម៉េច។ យប់នោះមានភាពជ្រួលច្របល់ខ្លាំងពេញទីក្រុង ខ្ញុំ និងមិត្តភ័ក្ដិគ្មាននរណាមួយដេកលក់ទេ បន់ឲ្យតែភ្លឺ ដើម្បីរត់មកផ្ទះសួរដំណឹងអ្នកផ្ទះ។ ព្រលឹមស្រាងៗ ប្រជាជនណែនណាន់តាន់តាប់ មកពីគ្រប់ទិសទីពេញវត្តភ្នំ ពេលនោះម៉ោងប្រហែល ៧ ព្រឹក គ្រាប់ប្លោងធ្លាក់ ១ គ្រាប់ចំសួនកម្សាន្តក្មេងវត្តភ្នំ ធ្វើឲ្យអ្នករត់មកទាំងនោះស្លាប់ និងរបួសយ៉ាងច្រើន ពេលនោះគ្មាននរណាមើលនរណាទេ ព្រោះពួកអាវខ្មៅចូលដល់វត្តភ្នំហើយ បើករថក្រោះយ៉ាងទ្រហឹងអឺងអាប់។ ចំពោះខ្ញុំវិញបានរីករាយខ្លះ ដោយនឹកថា កងទ័ពមករំដោះឲ្យរួចពីពួកអាមេរិកហើយ។ ពេលនោះខ្ញុំរត់ចូលបន្ទប់ធ្វើការ ខ្ញុំទាញវាំងននពណ៌សមួយផ្ទាំងមកជួតក្បាល ហើយជិះម៉ូតូសំដៅទៅផ្ទះវិញ។
ពុទ្ធោ! មកដល់ផ្លូវចូលផ្ទះតាមមុខរោងចក្រទឹកក្រូចសំដៅទៅវត្ត ស្ងាត់ឈឹង គ្មានមនុស្សមួយសោះ។ ពេលនោះម៉ោង ៨ ព្រឹក ខ្ញុំចាប់ផ្ដើមភ័យពីសុវត្ថិភាពឪពុកម្ដាយ កូនប្រពន្ធខ្ញុំមិនដឹងយ៉ាងណា។ មកដល់ផ្ទះស្ងាត់ឈឹង គ្មាននរណាសោះ ខ្ញុំសឹងតែសន្លប់បាត់ស្មារតី តែពេលនោះមីងម្នាក់ដែលជួលផ្ទះខ្ញុំ បានប្រាប់ខ្ញុំថា ពូមីង និងកូនប្រពន្ធក្មួយឯង គេដេញចេញពីយប់មិញជាមួយអ្នកភូមិទាំងអស់ហើយ តែគេឲ្យចេញតែ ៣ ថ្ងៃទេ ព្រោះខ្លាចយន្តហោះអាមេរិកទម្លាក់គ្រាប់បែក។ ហើយឥឡូវគាត់បានដើរត្រឡប់មកវិញហើយ ក្មួយកុំភ័យអី ខ្ញុំអន់ភ័យបន្តិច តែបារម្ភដដែលពីសុវត្ថិភាពគ្រួសារខ្ញុំ ជាពិសេសម្ដាយខ្ញុំគាត់មានជំងឺផង។ ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច នៅតែមិនឃើញគ្រួសារត្រឡប់មកវិញទៀត ដោយយប់ទៅហើយ ខ្ញុំក៏សម្រេចចិត្តដេកក្នុងផ្ទះម្នាក់ឯង ឯមីងក៏ដេកក្នុងផ្ទះជួលរបស់ខ្ញុំដែរ។ ពេលយប់ពួកអាវខ្មៅដើរដេញប្រជាជនដែលនៅសល់ឲ្យចេញពីផ្ទះ តែបើរឹងទទឹងបាញ់ចោល ពេលនោះខ្ញុំគ្មានបានហូបបាយទេ ដោយមិនហ៊ានដាំបាយខ្លាចពួកវាដឹង ឬឭ យប់នោះខ្ញុំបានផ្លែឈើ នំចេកខ្លះ ដែលសែនទេវតាពេលចូលឆ្នាំខ្មែរនោះហូប។ យប់នោះខ្ញុំដេកមិនហ៊ានទាំងចងមុងផង ព្រោះខ្លាចវាលបមើលឃើញ។ និយាយឲ្យអស់ទៅ គ្រាន់តែដកដង្ហើមសឹងតែមិនហ៊ានដកផង។
ភ្លឺឡើង ខ្ញុំក៏បានភ្ញាក់រៀបចំឥវ៉ាន់ក្នុងផ្ទះទុកដាក់ចូលទូរឲ្យស្អាតត្រឹមត្រូវ ហើយយកស្បោងមួយច្រកទឹកក្រូច ១១ ដប និងនំខ្លះ ដើម្បីទុកឲ្យគ្រួសារហូបតាមផ្លូវ។ ឯខោអាវវិញ ស្លៀកពាក់តែមួយចង្កេះសុទ្ធ និងស្បែកជើងផ្ទាត់ជីបតុងមួយគូប៉ុណ្ណោះ។ ម៉ោង ៧ ព្រឹក ថ្ងៃ ១៨ មេសា ១៩៧៥ ខ្ញុំចេញដំណើរជាមួយមីង បងប្អូនខ្លះ ដែលសម្ងំដេកពីយប់នោះ ចេញទៅតាមរកគ្រួសារដូចគ្នាដែរ។ តាមដងផ្លូវពីរោងចក្រទឹកក្រូចទៅជើង ប្រជាជនណែនណាន់តាន់តាប់ ខ្លះរែក ខ្លះអូស ខ្លះស្ពាយ ខ្លះមានម៉ូតូ ខ្លះកាន់ដឹកឥវ៉ាន់ ដែលមានយកទៅតាម ព្រោះពួកអាវខ្មៅវានៅតែដេញតាមពីក្រោយជាប់។ ម៉ោង ១០ ព្រឹក ខ្ញុំទៅដល់ គ.ម. ៧ ជួបបងស្រីទី ៤ និងគ្រួសារគាត់ដើរដល់ត្រឹមហ្នឹង ពេលនោះខ្ញុំមានអារម្មណ៍អរថា ខ្ញុំបានជួបបងម្នាក់ហើយ ខ្ញុំ និងបងស្រីក៏ដើរជាហូរហែតាមប្រជាជនទាំងអស់ រហូតដល់ម៉ោង ១ រសៀល ទើបដល់ព្រែកព្នៅ (ដី ៨ គ.ម. ដើរពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១ រសៀលទើបដល់)។ជិតដល់ផ្សារព្រែកព្នៅ ពួកអាវខ្មៅវាចាប់ផ្ដើមឆែកឆេរយករបស់របរខ្លះដូចជា វិទ្យុ នាឡិកា ថ្នាំពេទ្យ៘ ហើយវាប្រាប់ថា មិនបាច់យកទៅទេដល់កន្លែងរស់នៅអង្គការគេផ្គត់ផ្គង់ឲ្យហើយ។ ដល់ផ្សារភ្លាម ខ្ញុំស្ទុះទៅចាប់អោបឪពុកម្ដាយខ្ញុំ ប្រពន្ធកូនខ្ញុំ យំទាំងអស់គ្នា ដោយអរពេកក្រោយពីបានជួប ដែលខ្ញុំគ្មានសង្ឃឹមបន្តិចសោះនោះ។ ក្នុងផ្សារព្រែកព្នៅ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៧៥ មនុស្សម្នាច្រើនណាស់រកតែកន្លែងឈរ អង្គុយក៏គ្មានដែរ កណ្ដាលថ្ងៃ កណ្ដាលវាល កន្លែងណាក៏មនុស្សដែរ។ យប់នោះ ខ្ញុំ និងគ្រួសារសម្រាកនៅកណ្ដាលវាលផ្សារព្រែកព្នៅ។ ព្រឹកព្រលឹមស្រាងៗ ពួកអាវខ្មៅវាមកដេញឲ្យទៅមុខទៀត គ្រួសារខ្ញុំក៏ចេញដំណើរទៅទិសខាងជើង ដោយបានកង់មួយចងឥវ៉ាន់ពេញទាំងអស់ ហើយបណ្ដើរផង ខ្ញុំរែកផង ប្រពន្ធខ្ញុំដឹកដៃកូន ១ និងពរមួយ (ពេលចេញទៅខ្ញុំមានកូន ២ នាក់ ស្រី ១ អាយុ ៦ ឆ្នាំ កូនប្រុសអាយុ ៣ ឆ្នាំ) ពីព្រែកព្នៅមកដល់ត្រឹមវត្តគ្រួសដើររហូតដល់ថ្ងៃត្រង់ទើបដល់ ហើយឈប់សម្រាកដាំបាយហូបសិន។ ពេលនោះ ម្ដាយខ្ញុំវង្វេងបាត់ ដោយដឹកដៃចៅគាត់អាយុ ៦ ឆ្នាំ ទៅជាមួយផង។ ណាមួយបាត់ម្ដាយ និងកូន ខ្ញុំក៏រត់រកប្រហែលជាជិត ២ ម៉ោងទើបឃើញ។ ហូបបាយហើយ ម៉ោង ៣ រសៀល ចាប់ផ្ដើមដើរទៅមុខទៀត គឺដល់វត្តព្រែកតាទែន ក៏យប់ហើយឈប់សម្រាកមុខវត្តនោះ មួយយប់ គឺដេកចិញ្ចើមថ្នល់ដោយយកក្បាលបែរមកថ្នល់ ជើងចេញទៅក្រៅដង្ហែគ្នាមួយគ្រួសារ។ ព្រឹកឡើង ថ្ងៃ ២០ មេសា ក៏ចេញដំណើរទៅទៀត ដោយដើរតាមមាត់ទន្លេម្ដង ព្រោះមនុស្សម្នាច្រើនពេកដើរមិនរួច។ ដើរបានប្រហែលជា ៤ គ.ម. ក៏ឈប់ហើយសម្រាកនៅទីនោះមួយយប់ទៀត។
ថ្ងៃ ២១ មេសា ក៏ដើរមកដល់ព្រែកក្ដាម កំពង់ចម្លងពេលនោះសាឡាងតូចពេក ពួកអាវខ្មៅវាយកទូកពីរចងទន្ទឹមគ្នាជញ្ជូនប្រជាជននៅត្រើយខាងកើត។ ដោយមនុស្សច្រើនមធ្យោបាយតិច ខ្ញុំត្រូវរង់ចាំដេកដើម្បីបានឆ្លងចំនួន ៣ យប់។ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩៧៥ ខ្ញុំបានឆ្លងមកត្រើយខាងកើត ពេលនោះពួកអាវខ្មៅវាឈប់ឲ្យដើរ គឺវាជញ្ជូនតាមឡានម្តង។ ពេលនោះខ្ញុំបានជួបសាស្ត្រាចារ្យខ្ញុំម្នាក់នៅមហាវិទ្យាល័យ (គឺលោក ឱក សារិន) ខ្ញុំ និងគាត់ដើរមកបើកអង្ករពីអង្គការដូចគ្នា។ គ្រូខ្ញុំបាននិយាយថា "អ៊ាន អើយ យើងជួបគ្នាតែថ្ងៃនេះទេមើលទៅ ហើយយើងគ្មានសង្ឃឹមបានចូលភ្នំពេញវិញទេ គឺការស្លាប់ខិតនៅពីមុខយើងហើយ"។ បើកអង្ករហើយ ខ្ញុំក៏បែកគ្នាជាមួយលោកគ្រូខ្ញុំ ហើយសំដៅទៅកន្លែងសម្រាកគ្រួសារ ដើម្បីប្រញាប់ប្រញាល់ដាំបាយហូបខ្លាចក្រែងលោរថយន្តមកដឹក មិនទាន់បានហូបបាយ។ រង់ចាំ ៤ យប់ទៀត ថ្ងៃ ២៨ មេសា ម៉ោង ៣ រសៀល ខ្ញុំ និងគ្រួសារបានជិះរថយន្តដោយគេយកមកទុកត្រឹមផ្សារស្គន់។ មនុស្សដែលដឹកមកចាក់ចោលនៅស្គន់ច្រើនណាស់ មានលាយឡំគ្រប់មន្ត្រីរាជការ ប្រជាជន។ យប់នោះម៉ោង ៩ យប់ គណតំបន់គេចុះមក ឲ្យអង្គការគេស្រង់ ថាតើបងប្អូនណាធ្វើការអីឲ្យរាយការណ៍ពិតប្រាកដ ព្រោះអង្គការត្រូវការបងប្អូនឲ្យចូលធ្វើការវិញ។ អង្គការក៏ប្រកាស ៖
- បងប្អូនទាហាន ប៉ូលិស គយ គិញ មកនៅខាងត្បូងផ្សារ
- សាស្ត្រាចារ្យ គ្រូបង្រៀន មន្ត្រីរាជការ មកខាងកើត
- ប្រជាជន កសិករ មកខាងជើង
យប់នោះ ខ្ញុំ និងគ្រួសារដេកមិនលក់ទេ ព្រោះត្រូវរៀបចំឡើង ដើរគេចចេញពីការបែងចែករបស់ពួកវា។ ថ្ងៃ ២៩ មេសា ១៩៧៥ ម៉ោង ៣ ទៀបភ្លឺ ខ្ញុំ និងគ្រួសារក៏ចេញដំណើរតាមផ្លូវជាតិលេខ ៧ ពីស្គន់ទៅជើង។ ដើររហូតដល់ភ្លឺ ក៏ទៅដល់វត្តមួយឈ្មោះ វត្តត្រពាំងស្លា ជិតដល់បាខមក្នុងទឹកដីកំពង់ធំ ហើយក៏មានទាហានតូចៗរបស់ពួកអាវខ្មៅចេញមកឃាត់ដំណើរ ដោយគេប្រើសំដីថា "បងប្អូនចូលស្នាក់នៅកន្លែងនេះ អង្គការទុកបងប្អូនត្រឹមនេះ ព្រោះជិតដល់រដូវធ្វើស្រែចម្ការហើយ"។ ពេលនោះ ខ្ញុំ និងគ្រួសារ និងមានបងប្អូនមួយចំនួនទៀត ក៏ត្រូវបង្ខំចូលមករស់នៅក្នុងវត្តត្រពាំងស្លានេះទៅ។ បន្ទាប់មកគេក៏បែងចែកតាមភូមិកសិករ ខ្ញុំ និងគ្រួសារត្រូវបាននៅខាងត្បូងវត្តនេះតែម្ដង។ ការរស់នៅកន្លែងនោះ គឺអង្គការគ្មានអីចែកសម្រាប់ក្រពះទេ គឺមានតែដោះដូរខោ អាវ សារុង ឬរបស់របបផ្សេងៗជាមួយកសិករចាស់ ទើបបានស្បៀងហូប។ ពេលនោះអង្គការគេប្រជុំ ហើយជំរុញយើងឲ្យទៅជីកក្ដួចនៅភ្នំជីលាចចារ ចម្ការលើយកមកហូប ហើយបើមានសារុងថ្មីៗ ឬស្រូវយកទៅដូរចេកនៅចម្ការលើយកមកធ្វើជាអង្ករ (ហៅថាអង្ករចេក) សម្រាប់ហូប ដូចហូបអង្ករក្ដួចដែរ ។
នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ១៩៧៥ វេលាម៉ោង ៦ ព្រឹក ស្នូរជួងដែកកង់ឡានវាយឮសូរយ៉ាងខ្លាំង ដែលជាសញ្ញាឲ្យបងប្អូនថ្មីៗទៅប្រជុំ។ ពេលនោះ ខ្ញុំ និងឪពុកខ្ញុំ បានទៅប្រជុំ ហើយអង្គការគេលើកឡើងថា ៖ អង្គការខ្វះខាត អង្គការគ្មានរបបបើកជូនបងប្អូនពិសាទេ ដូចនេះសូម បងប្អូន ឳម៉ែដែលមានស្រុកកំណើតទីណាសូមទៅនៅទីនោះចុះ អង្គការពេលនេះ បើកទូលាយដោយសារមិនទាន់មានភ្លៀងធ្លាក់នៅឡើយ។
រយៈពេលជិតមួយខែដែលរស់នៅគ្មានទីជម្រក គ្មានការហូបចុកគ្រាប់គ្រាន់ គ្មានថ្នាំសង្កូវ កូនប្រុសស្រីរបស់ខ្ញុំទាំងពីរក៏ធ្លាក់ខ្លួនឈឺ តែដើម្បីចេញផុតពីការអត់ឃ្លានគ្រួសារខ្ញុំ ក៏សម្រេចចិត្តត្រឡប់ក្រោយ មករកស្រុកកំណើតវិញ។ ដើរបានមួយថ្ងៃ មួយយប់ ទើបដល់ស្រុកស្គន់ ហើយក៏សម្រាកនៅទីនោះមួយយប់ទៀត។ ដោយបានប្ដេជ្ញាថា ត្រូវតែបកក្រោយនោះ គ្រួសារខ្ញុំក៏ចេះតែដើរមួយថ្ងៃបាន ៧-៨ គ.ម. ឈប់សម្រាកមួយយប់ ៧-៨ គ.ម. ឈប់សម្រាកមួយយប់។ រហូតដល់ព្រែកក្ដាម ហើយបានសម្រេចចិត្តថា នឹងនៅរស់នៅខេត្តកំពង់ឆ្នាំង ដែលជាកន្លែងសំបូរត្រី និងស្រូវ។ ឆ្លងផុតមកត្រើយខាងលិច អង្គការគេមិនឲ្យទៅផ្លូវកំពង់ឆ្នាំងទេ គឺឲ្យមកត្បូងវិញ គឺទិសចូលភ្នំពេញ។ គ្រួសារខ្ញុំក៏ចេះតែប្រឹងដើរទាំងថ្ងៃទាំងយប់រហូតដល់វត្តគ្រួស ពេលនោះកូនប្រុសដែលមានអាយុ ៣ ឆ្នាំនោះក៏បានស្លាប់នៅពេលខ្ញុំពរជាប់នឹងដៃ ដោយសារការអត់ឃ្លាត និងឈឺ។ យប់នោះក៏បានយកកូនប្រុសដែលស្លាប់កប់ទុកក្នុងវត្តគ្រួសទៅ។ លុះព្រឹកឡើងក៏ចាប់ដើរមកដល់ព្រែកព្នៅ អង្គការគេចង្អុលឲ្យទៅទិសខាងលិចវិញ គឺសំដៅទៅបាសិទ្ធ។ ដល់ភ្នំបាសិទ្ធក៏យប់ល្មម ហើយសម្រាកនៅកណ្ដាលវាល ពេលនោះក៏មានភ្លៀងធ្លាក់មួយមេទៀត ក៏ប្រឹងរកធាងត្នោតមកគ្របបាំងការពារភ្លៀង ជាពិសេសទៅទៀតណាបារម្ភម្ដាយឈឺតាមផ្លូវ ហើយកូនស្រីសល់មួយនោះក៏ឈឺកញ្ជ្រឹលទៀត។ ភ្លឺឡើងក៏ចាប់ធ្វើដំណើរតាមផ្លូវរហូតមកដល់វត្តជម្ពូរវ័ន អង្គការគេឲ្យដើរវាងខាងក្រោយវត្តទៅតាមផ្លូវជាតិលេខ ៣ វិញ លុះដល់យប់ក៏បានដេកនៅស្រែញរមួយយប់ ដេកកំពង់ទួលមួយយប់ និងដេកវត្តថ្នល់ទទឹងមួយយប់។ លុះព្រឹកឡើងចាប់ដើរបានប្រហែលជា ២ គ.ម. គឺដល់ភូមិត្រពាំងក្រចាប់ ឃុំអង្គពពែល ស្រុកភ្នំស្រួច ក៏ជួបអង្គការអាយុប្រហែល ១២-១៣ ឆ្នាំ ម្នាក់ ស្ពាយកាំភ្លើងមកចង្អុលឲ្យចូលភូមិនោះ ព្រោះគេថាដល់ពេលបង្កបង្កើតផលហើយ អង្គការឲ្យបងប្អូនឈប់ធ្វើដំណើរ គឺចូលក្នុងភូមិនេះទៅ។ រស់នៅក្នុងភូមិនេះ អង្គការគ្មានស្បៀងបើកទេ បើមាន គឺស្រូវភោជ្ជសាលី ក្នុងមួយគ្រួសារខ្ញុំមានមនុស្ស ៦ នាក់ (ឪពុក-ម្ដាយខ្ញុំបីនាក់កូន និងក្មួយមួយ) គេឲ្យស្រូវភោជ្ជសាលី ២ កំប៉ុង។ ស្រូវនេះគឺដាំបាយមិនរីកបានហូបទេ ព្រោះមិនមែនជាអង្ករសាឡី។ ការរស់នៅតាមភូមិ រស់បានដោយសារត្នោតទុំ ពេលត្នោតទុំធ្លាក់ ឡើងដើររើសយកមកដុតហូប ឬដុះធ្វើជានំកូរហូប។ ទឹកក៏គ្មានដែរគឺមានតែត្រពាំងដែលជិតរីង ខំទៅសម្រេងបានបន្តិចបន្តួចប៉ុណ្ណោះ។ ផ្កាដំបងយក្ស ដើមដំបងយក្ស ដើមជន្ទល់ភ្នំ គឺជាចំណីពិសេស ពេលនោះគឺយកធ្វើអន្លក់ ស្លម្ជូរជាមួយខ្យង ខ្ចៅ តូចៗ ដែលដើររកជីកបានតាមភ្លឺស្រែ។
រស់នៅបានប្រហែលជាកន្លះខែ អង្គការបានបញ្ជូនខ្ញុំឲ្យទៅរៀនសូត្រលត់ដំ ១០ ថ្ងៃ គឺនៅទំនប់ភ្នំស្រង់ ដែលមានកម្ពស់ជាង ១០ ម៉ែត្រ ជាមួយបងប្អូនប្រជាជនដែលគេតម្រូវឲ្យទៅ។
សម្លម្ជូរស្លឹកថ្នឹងរាល់ថ្ងៃ បបររាវរាល់ថ្ងៃ បើសម្លម្ជូរវិញគឺមានតែស្លឹកថ្នឹងទេ ហើយបន្តែតទឹកខ្លាញ់ និងដាក់អំបិលបន្តិចៗតែប៉ុណ្ណោះ។
ត្រូវលត់ដំតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ហូបបាយបបរ ហូបរួចធ្វើរហូតដល់ព្រលប់ទើបសម្រាកហូបបាយ។ ទៅលត់ដំបានតែ ៤ ថ្ងៃ រូបខ្ញុំមានជំងឺហើមពេញខ្លួនប្រាណទាំងអស់។ ក្រោកមិនរួច ដើរក៏មិនរួច តែអង្គការគេមិនឲ្យត្រឡប់មកផ្ទះវិញទេ គឺគេប្រាប់ថា គេឲ្យលត់ដំ ១០ ថ្ងៃ មិត្តឯងត្រូវតែនៅឲ្យគ្រប់ ទើបមកវិញជាមួយគេ។ គម្រប់ដប់ថ្ងៃ ព្រឹកឡើងមានកងផ្សេងទៅផ្លាស់ប្ដូរ ក្រុមខ្ញុំត្រូវត្រឡប់មកភូមិវិញ អ្នកគេមានកម្លាំងគេដើរបាន ដើរមកដល់ផ្ទះត្រឹមថ្ងៃត្រង់ ចំណែកខ្ញុំល្ងាចព្រលប់ទើបមកដល់។ ឯគ្រួសារខ្ញុំវិញព្រួយបារម្ភថា ខ្ញុំប្រហែលជាស្លាប់ហើយ លុះព្រលប់ខ្ញុំមកដល់ឪពុកម្ដាយ ប្រពន្ធកូនខ្ញុំអររហូតយំគ្រប់គ្នា។
ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៩៧៥ ពេលនោះអង្គការត្រូវបញ្ជូនខ្ញុំ និងបងប្អូនប្រជាជនមួយចំនួនចេញទៅកន្លែងថ្មី គឺតានីទូកមាស កំពង់ត្រាច ឈូក ពេលនោះអង្គការគេឲ្យមកដេកចាំ នៅក្បែរថ្នល់ជាតិដែលមានចម្ងាយ ១ គ.ម. ពីភូមិប៉ុណ្ណោះ នៅហាលវាល ភ្លៀងផង គឺដល់ថ្ងៃ ១៧ កក្កដា ១៩៧៥ ទើបបានឡានជិះ គេដឹកចែករហូតដល់ក្រុមគ្រួសារខ្ញុំ និងបងប្អូនមួយចំនួនទៀតបានដាក់ទៅកំពង់ត្រាច វេលាម៉ោង ៥ ល្ងាច។
ពេលដល់កំពង់ត្រាចមានកងទ័ពនៅជិតនោះ ខ្ញុំ និងឪពុកខ្ញុំឃើញកងទ័ពកំពុងហូបបាយក៏ទៅសំពះសុំគេ គេក៏ឲ្យហូបបាយ មានសាច់ជ្រូកស្ងោរ និងត្រី ពេលនោះខ្ញុំ និងឪពុកខ្ញុំហូបឆ្អែតក៏សុំគេខ្លះដើម្បីឲ្យម្ដាយ ប្រពន្ធ និងកូនខ្ញុំហូបផង ពេលនោះខ្ញុំបានយកសាច់ស្ងោរញាត់ចូលហោប៉ៅអាវផង ខោផង អាវដោះវេចបាយ។
ពេលម្ដាយខ្ញុំកំពុងហូបបាយនោះ អង្គការគេតម្រូវឲ្យចេញទៅទាំងយប់ គឺដើរទៅខាងជើងកំពង់ត្រាចរហូតដល់ភូមិព្រាន់ទុំ ឃុំស្រែជា ចម្ងាយប្រហែល ៩-១០ គ.ម.។ ទៅដល់វត្តនោះត្រូវដេកមួយយប់ទៀត ភ្លឺឡើងអង្គការគេបែងចែកឲ្យទៅតាមភូមិ ហើយគ្មានគិតថា អ្នកណាបែកឪពុក ម្ដាយ កូនទេ គឺស្រេចតែអង្គការបែងចែក។
ពុទ្ធោអើយ! ឪពុកម្ដាយជាទីស្រលាញ់ស្មើជីវិតខ្ញុំត្រូវវាបំបែកឲ្យទៅភូមិដោយខ្លួន គឺនៅភូមិសូភី ឯខ្ញុំ និងប្រពន្ធ កូនស្រីខ្ញុំ នៅភូមិព្រាន់ទុំ តែសំណាងដែរដោយការអង្វរកររបស់ខ្ញុំ ខ្ញុំសុំបានឲ្យបងស្រី និងគ្រួសារគាត់នៅជាមួយឪពុកម្ដាយនៅភូមិសូភីដែរ។ ខ្ញុំមានការធូរចិត្តខ្លះព្រោះបានបងស្រីទី ៤ បានរស់នៅជាមួយឪពុកម្ដាយខ្ញុំ។ ទម្រាំបានជួបមុខឪពុកម្ដាយគឺបីខែទើបសុំគេបានទៅជួប ហើយចម្ងាយពីភូមិខ្ញុំទៅភូមិម្ដាយខ្ញុំប្រហែល ២ គ.ម. សោះ គឺគេមិនឲ្យទៅដាច់ខាតលុះត្រាតែមានការអនុញ្ញាតទើបទៅបាន។
ម្ដាយឪពុកខ្ញុំយំយ៉ាងខ្លាំងក្រោយពីបានឃើញរូបខ្ញុំ ព្រោះគាត់ធ្លាប់ឃើញកូនមានសាច់មានឈាមទ្រលុកទ្រលន់ ឥឡូវស្គមស្បែកឆ្អឹងជាប់គ្នា។ ខ្ញុំភ្លេចជម្រាបថា ពេលដែលរស់នៅក្នុងភូមិនោះ ខ្ញុំត្រូវធ្វើការដូចបងប្អូនគ្រប់រូបរហូតដល់ធ្លាក់ខ្លួនឈឺ គឺគ្រុនចាញ់។ ដេកនៅផ្ទះ ប្រពន្ធ អង្គការឲ្យធ្វើការ គឺគ្មានឲ្យនៅថែរក្សាគ្នាទេ គេថាអង្គការជាអ្នកមើលហើយ។ របបហូបអ្នកធ្វើការ (ឆ្នាំ ៧៥) គេឲ្យ ៤ កំប៉ុងស្រូវ ខ្ញុំគេឲ្យ ២ កំប៉ុង ព្រោះមិនចេញពលកម្ម កូនក្មេង កូនស្រីខ្ញុំ (កុមារ) គេឲ្យ ២ កំប៉ុងស្រូវដែរ។ ឈឺផង នៅផ្ទះត្រូវធ្វើម៉េច បុកអង្ករទុកដាំបាយឲ្យប្រពន្ធកូនហូបផង។ ពេលទៅដងទឹក ចុះជណ្ដើរជាង ១០ កាំទើបដងបាន។ ដូចនេះត្រូវការឈើច្រត់ជួយម្ខាងទើបចុះកើត។ ឈឺពីខែ ៩ ដល់ខែ ១១ ទើបជា។ ពេលនោះអង្គការឲ្យទៅអង្គុយដេរស្លឹក (គឺ យកស្លឹកដូងដេរជាកណ្ដបសម្រាប់ទុកប្រក់រោង ប្រក់ផ្ទះ។ ដេរបានកន្លះខែ គេឲ្យទៅមើលក្របីមួយហ្វូង តែគេឲ្យមានកុមារ ៤ នាក់ជួយដែរ។ ខ្ញុំខ្លាចក្របីណាស់ តែដល់គេតម្រូវត្រូវតែមើលថែ បើបាត់ ឬយ៉ាងម៉េចខ្ញុំក៏ត្រូវគេវាយចោលដែរ។
កន្លះខែក្រោយមកទៀតគេឃើញថា ជំងឺយើងបានធូរច្រើនហើយ គេប្ដូរការងារ គឺឲ្យទៅចម្ការវិញ ណាសុខភាពមិនទាន់ស្រួល ពេលដើរឆ្លងភ្លឺស្រែណាខ្ពស់ៗ គឺទាល់តែវៀរ ឬយកដៃទប់ក្បាលជង្គង់ទើបឆ្លងរួច។ ថ្ងៃដំបូងដែលគេឲ្យទៅចម្ការនោះ យប់នោះភ្លៀងទល់ភ្លឺ ទឹកហូរកាត់អូរប្រឡាយខ្មួលខ្មាញ់។ ព្រលឹមស្រាងៗគេទៅ គឺដើរដង្ហែគ្នា ដោយកងឈ្លបដើរពីក្រោយមានស្ពាយកាំភ្លើងផង។ គេការពារខ្លាចបងប្អូនរត់ បើជា វាមិនអីទេ តែខ្ញុំនៅឈឺនៅឡើយ ដើរដល់អូរមួយ ទឹកហូរខ្លាំងសូមបីអ្នកមិនឈឺក៏ពិបាកឆ្លងដែរ។ ដល់ពេលខ្ញុំឆ្លង ទឹកបានហូរនឹងអូសខ្ញុំទៅក្រោមប្រហែល ៤-៥ ម៉ែត្រ ពួកឈ្លបវាមិនជួយទេគេនាំគ្នាសើចទៅវិញ។ ចៃដន្យអីខ្ញុំបានតោងកូនឈើដែលដុះក្បែរនោះជាប់ ហើយប្រឹងវាឡើងច្រាំងបាន ហើយទើបធ្វើដំណើររហូតដល់ចម្ការ។ ដល់ចម្ការភ្លាម ដោយការអស់កម្លាំងផង ដោយឈឺផង ពេលនោះខ្ញុំដួលសន្លប់បាត់ស្មារតី បងប្អូនទាំងនោះជួយរឹត ច្របាច់ទើបដឹងខ្លួន ហើយឈ្លបឲ្យគេបញ្ជូនខ្ញុំមកភូមិវិញ។
ក្រោយមកខ្ញុំក៏បានជាឡើងវិញ គឺដល់ពេលខែ ២-៣-៤ រដូវប្រាំង ពួកវាចាប់ផ្ដើមបើកការដ្ឋានលើកទំនប់ ជីកប្រឡាយ ធ្វើប្រព័ន្ធភ្លឺស្រែ ពង្រាបដីស្រែ ខ្ញុំត្រូវនៅខាងធ្វើទំនប់។ គេចែកតាមក្រុម មួយក្រុមប៉ុន្មានម៉ែត្រ គ្នាប៉ុន្មាននាក់ ដើម្បីធ្វើការប្រលងប្រណាំងគ្នា។ ធ្វើទំនប់ហើយត្រូវដល់ខែវស្សាចុះមក រកកន្ទ្រាំងខែតបាចស្រែទៀត។
រដូវធ្វើស្រែឆ្នាំ ១៩៧៦ មកដល់ ខ្ញុំមានភារកិច្ចនាំក្មេងៗដើរកាត់កន្ទ្រាំងខែត ដើម្បីបាចស្រែសន្ទូង។ បាចបានមួយរយៈ គេក៏ដកឲ្យមករែកសំណាបម្ដង។ ព្រឹកមួយនោះប្រពន្ធខ្ញុំគេដកសំណាប ខ្ញុំមានភារកិច្ចរែកសំណាប។ កំពុងតែរៀបសំណាបដាក់ចូលសង្រែក ស្រាប់តែមេកងគេមកស្រែក រួចចង្អុលមកខ្ញុំ និងម្នាក់ទៀតរែកសំណាបជាមួយខ្ញុំដែរថា ពូអ៊ាន-ពូលី អង្គការហៅ ពេលនោះស្មារតីទាំងប៉ុន្មានស្រុតអស់ហើយ ព្រោះភាសាហៅថា ទៅកាប់ឈើ ទៅកាប់ឫស្សី អង្គការហៅ គឺភាសាដែលគេយកមនុស្សទៅសម្លាប់ និយាយថា បើប្រើភាសានោះហើយ គឺទៅបាត់រហូតហើយ។ ប្រពន្ធខ្ញុំ និងប្រពន្ធម្នាក់ទៀត និងបងប្អូនមួយចំនួននៅក្នុងស្រែសំណាប អោនគ្មាននរណាហ៊ានឈរមើលទៀត គឺបើមើលក៏អោនមើលពីចំហៀងដែរ ពេលគេបណ្ដើរខ្ញុំ និងមិត្តភ័ក្ដិចេញទៅ ។
ពេលនោះមេកងក៏យកខ្ញុំ និងមិត្តភ័ក្ដិខ្ញុំ ប្រគល់រណ្ដៅមួយមានទទឹង ២ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ ក្នុងនោះសុទ្ធតែលាមកមនុស្ស លាមកគោក្របី ជីភ្នំ ជីដំបូក ដែលគេចាក់លាយគ្នា ហើយគេបញ្ជាឲ្យខ្ញុំច្របាច់លាមក និងជីនោះ ទៅបញ្ចូលគ្នាដែលមានសុទ្ធតែដង្កូវពេញរណ្ដៅនោះ ហើយឲ្យខ្ញុំ និងមិត្តភ័ក្ដិជ្រលក់សំណាប ៥ ស្លឹកឲ្យហើយ។ ពេលច្របាច់លាមកចូលគ្នាសព្វហើយ ខ្ញុំក៏យកសំណាបដែលគេរែកមកដាក់ជិតរណ្ដៅនោះជ្រលក់ ដោយអង្គុយប្របេះជ្រុងរណ្ដៅ ជើងទាំងពីរត្រាំក្នុងរណ្ដៅលាមកនោះ ដង្កូវដែលជាសត្វរស់វាឡើងតាមក្បាលជង្គង់មកភ្លៅឡើងមកជើងខោ ពេលនោះយើងជ្រលក់បណ្ដើរបោសដង្កូវបណ្ដើរ។ ថ្ងៃត្រង់គេក៏យកបាយឲ្យហូបក្បែររណ្ដៅនោះទៀត។ ហេតុតែឃ្លាន ដៃធំក្លិនលាមកយ៉ាងណាក៏ត្រូវតែហូបបាយដែរព្រោះដើម្បីរស់។ ម៉ោង ៥ ល្ងាច យើងទាំងពីរជ្រលក់ហើយល្មម ព្រលប់ខ្ញុំមកដល់ផ្ទះវិញ ប្រពន្ធកូនខ្ញុំអរពេក ឃើញខ្ញុំត្រឡប់មកវិញមិនស្លាប់ក៏នាំគ្នាយំ តែមិនហ៊ានឲ្យឮទេ។ ខ្ញុំក៏គ្មានហ៊ាននិយាយអ្វីដែលគេឲ្យធ្វើនោះ មិនហ៊ានប្រាប់ប្រពន្ធកូនឡើយ គ្រាន់តែនិយាយថា ខ្ញុំមិនអីទេ។
ខែដកស្ទូងចប់ក៏ត្រូវឲ្យទៅធ្វើចម្ការទៀត គឺចម្ការខ្នាចព្រៃ ដែលមានចម្ងាយប្រហែល ៦-៧ គ.ម. ពីភូមិ។ គឺត្រូវឡើងដើរតាំងពីមាន់រងាវរហូតដល់ចម្ការភ្លឺស្រាងៗ ដើម្បីចាប់ផ្ដើមកាប់គាស់ដី លើងគល់ ឫសក្នុងដី កន្លែងណាដែលមានដើមឈើធំ ហើយមានឫស ត្រូវលើងឲ្យអស់។ មានពេលមួយនោះ ពូម្នាក់គាត់រលីងទៅមុខហួស តែពួកវាតាមដានមើលពីក្រោយ ស្រាប់តែនៅឫសលើងមិនអស់ វាក៏ឲ្យពូនោះលើងឲ្យបាន រួចយកឫសលើងនោះវាយគាត់ទាល់តែស្លាប់ ដោយចោទថា ចង់បំផ្លាញរបស់របរសមូហភាព។ គឺវាថាដល់ពេលភ្ជួរទៅបាក់ផ្នៀងនង្គ័លបាក់ធ្មេញរនាស់ ដែលជារបស់សមូហភាព។ ទៅកាប់គាស់ដីចម្ការពីព្រលឹមរហូតថ្ងៃត្រង់ទើបគេឲ្យ ឈប់សម្រាកដាំបាយហូប ។ ផ្តិលទឹក ឬកំសៀវទឹកជាឆ្នាំងដាំបាយ ចង្ក្រានបើមានដុំថ្ម គឺយកដុំថ្មរៀប ៣ ជ្រុង បើគ្មានដាក់ឈើទទឹងពីលើចងព្យួរ ឆ្នាំងចំកណ្ដាលរួចដុតភ្លើងដាំទៅ។ បន្លែដែលឆ្ងាញ់ គឺផ្សិត ស្លឹកដំឡូងជ្វា ស្ពៃទឹក ត្រួយសាវម៉ាវព្រៃ ស្លឹកល្ងៀង... ម្ហូបដែលឆ្ងាញ់ គឺកូនក្អាត់ កូនកង្កែប កញ្ចាញ់ចេក ដង្កូវដួងក្នុងឈើពុក ហ៊ីង។ ម្ដងម្កាលបានទៅរកត្រីបានហូបដែរ។
មានថ្ងៃមួយខ្ញុំដាំបបរលាយស្លឹកដំឡូងឆ្អិនហើយ តែចៃដន្យឆេះបង្គោលឈើដែលចងដាំនោះ ហើយបបរក៏កំពប់អស់រលីងមកលើដី ឆេះបង្គោលចង្ក្រាននោះ។ ពេលនោះហើយដែលសង្វេគពេក ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ ណាមួយឃ្លាន ណាមួយជិតដល់ម៉ោងធ្វើការផង ក្រោយពីកំពប់បបរអស់ខ្ញុំក៏ខំយកស្លាបព្រាប្រមូលបបរស្លឹកដំឡូងដែលកំពប់នោះបានបន្តិច ដើម្បីហូបកុំឲ្យដាច់ពោះ។ ហើយមិត្តខ្ញុំបានទៅរាយការណ៍ឲ្យពូប្រធានក្រុម ដែលមានចម្ការពោតនៅជិតនោះ គេក៏បានបេះពោតខ្ចីឲ្យខ្ញុំបាន ៥ ផ្លែ តែអនិច្ចាពោតមួយផ្លែមានប្រហែលបួនដប់គ្រាប់ប៉ុណ្ណោះ។ ពេលនោះខ្ញុំបកហើយក៏ហូបពោតនោះ ដោយទំពាទាំងស្នូលពោតលាយជាមួយផង ដើម្បីឲ្យតឹងក្រពះនឹងគេ។ ការកាប់គាស់ដីចម្ការព្រៃភ្នំ ដើម្បីដាំដំណាំនោះ គឺធ្វើរហូតដល់រដូវចម្រូតទើបដកកម្លាំងមកច្រូតស្រូវវិញ។ ពេលចាប់ផ្ដើមរដូវចម្រូតមកដល់ របបហូបគឺចាប់ផ្ដើមបបររាវរាល់ថ្ងៃ រួចបបរឈ្មោល ដល់ច្រូតពេញបន្ទុក គឺបានរបបបាយស្រួយខ្លះៗ តែមិនយូរថ្ងៃខែពេកទេ គឺដល់បបរវិញហើយ ដោយគេថាសន្សំសំចៃទុកឆ្នាំក្រោយ។
ផ្ទៃមេឃស្រឡះ តែទឹកចិត្តមនុស្សម្នាទាំងអស់នៅទីណាក៏ដោយ ជាទូទៅ គឺស្រអាប់ព្រោះនិរាសព្រាត់ប្រាស ការរស់នៅយ៉ាងសែនវេទនាក្នុងគុកឥតជញ្ជាំង ការធ្វើឲ្យប្រជាជន ១៧ មេសា ១៩៧៥ ស្លាប់មុនដាច់ខ្យល់ដកដង្ហើមទៅទៀត។
តាំងពីមាន់រងាវ ឬតាំងពីព្រលឹមងងឹត ប្រជាជនទាំងអស់មិនថា គេ ឬខ្ញុំ ត្រូវចេញដំណើរទៅការដ្ឋានរៀងៗខ្លួន។ ដូចជារូបខ្ញុំពីផ្ទះដល់ចម្ការ ព្រៃភ្នំ ចម្ងាយមិនតិចជាង ១០ គ.ម.ទេ ដូចនេះត្រូវតែរូតរះក្រោកឡើងធ្វើយ៉ាងម៉េចភ្លឺដល់ការដ្ឋាន។ ការហូបចុកត្រូវហូបជាសមូហភាព មិនមាននរណាម្នាក់ហូបឯកជន ឬជាលក្ខណៈសួនតួបានឡើយ។ សូម្បីតែត្រី ក្ដាម ខ្ចៅ ខ្យង បន្លែព្រៃភ្នំ ស្ដៅ ដំបងយក្ស...។ ឯរបស់របរប្រើប្រាស់ គ្រឿងពេជ្រ ខ្សែករ ខ្សែដៃ ក្រវិល ចិញ្ចៀន ជាពិសេសទៅទៀត គឺនាឡិកាដៃ ឲ្យតែវាឃើញ គឺស្នើយកទាំងអស់ បើមិនឲ្យទេត្រូវបាត់ខ្លួន។ ការហូបបាយក៏ហូបជាសមូហភាព គឺមួយឆ្នាំហូបបាយស្រួយបានមួយខែ មួយខែបន្ទាប់មកបាយ បបរឈ្មោល ២ ខែ បាយបបររាវ ៦ ខែ (បបរលាយស្លឹកដំឡូងមី ដំឡូងជ្វា ព្រលិត) ហូបពោតល្ងសុទ្ធ ១ ខែ ហូបដំឡូងមីស្ងោសុទ្ធ ១ ខែ។ រហូតពេលខ្លះហូបបបរស្ករជំនួសបាយថ្ងៃ ឬល្ងាច ក្នុង ១ ខែ បួនប្រាំថ្ងៃក៏មានដែរ។ ដោយឡែកតែរូបខ្ញុំ ក្រោយពេលដែលមកធ្វើការនៅការដ្ឋានកាប់គាស់ព្រៃធ្វើចម្ការ និងដោយការហាត់ពត់លត់ដំបានល្អ គេក៏ដូរមកធ្វើការនៅរោងបាយវិញ ដោយមានភារកិច្ចរកអុសព្រៃភ្នំមកដាក់រោងបាយសមូហភាព មួយថ្ងៃពីរជើង។ គឺគេប្រគល់រទេះគោ និងគោមេមួយនឹម ដោយឡែកពួកគេ គេរើសគោឈ្មោលក្មេងៗ កម្លាំងខ្លាំង ឯខ្ញុំគេឲ្យគោមេ តែធ្វើយ៉ាងម៉េចត្រូវ តែរកអុសមកផ្គត់ផ្គង់រោងបាយឲ្យបានគ្រប់គ្រាន់ បើពុំនោះទេត្រូវអង្គការកាត់ទោសហើយ។ មាន់រងាវខ្ញុំចេញរទេះសំដៅព្រៃភ្នំដែលមានចម្ងាយ ៧-៨ គ.ម. ឬ ១០ គ.ម. ទៅដល់ត្រូវចងគោកន្លែងណាមានស្មៅគោស៊ី ហើយខ្ញុំយកកាំបិត ១ ពូថៅ ១ ដើររកកាប់ឈើណារលំ ឬឈើណាដែលសល់ពីវាកាប់ព្រៃវាតធ្វើចម្ការ កាត់ជាកង់ៗល្មមរទេះ រួចលីខ្លួនឯងមករៀបចំដាក់រទេះ ហើយត្រឡប់មករោងបាយវិញ។ ដាក់ចុះអុសអស់ វាឲ្យហូបបាយ ហូបបាយ ហើយប្រហែលម៉ោង ១ ត្រូវចេញដំណើរទៅមួយជើងទៀត ហើយត្រឡប់ដល់រោងបាយជើងទី ២ រហូតដល់ម៉ោង ៧ ឬ ៨ យប់ ដាក់អុសហើយ គេឲ្យហូបបាយ។ ហើយមានយប់ខ្លះគេឲ្យមកជួយជាន់អង្ករ បងប្អូនការដ្ឋានភូមិទៀត រហូតដល់ម៉ោង ១១-១២ យប់ក៏មាន។ ទោះជាធ្វើដល់ម៉ោងណាក៏ដោយ តែភារកិច្ចរកអុសត្រូវតែនៅដដែល គឺមាន់រងាវចេញដំណើរទៅព្រៃភ្នំ។
មួយឆ្នាំក្នុងរោងបាយ ខ្ញុំឃើញអស់ហើយអ្វីដែលគេថា សមូហភាព អ្វីដែលគេថាអង្គការស្មើភាព ហូបស្មើភាពជាក់ស្ដែង បើវាកាប់គោ កាប់ជ្រូក ឬបានត្រីសមុទ្រ ឬទឹកត្រីកំពត គឺពួកវាហូបអស់សាច់ល្អ ត្រីធំ ទឹកត្រីឆ្ងាញ់ គឺសល់តែឆ្អឹងត្រីតូចៗ សម្រាប់បងប្អូនទាំងអស់ បើទឹកត្រីវិញពួកវាហូបទឹកត្រីឱទិនសុទ្ធ។ ឯទឹកត្រីឲ្យប្រជាជនវិញ គឺយកទឹកត្រី ១ ឱទិនចាក់រង្វាស់ ១ ខ្ទះត្នោតលាយទឹកថែមស្ករ អំបិល ទើបឲ្យប្រជាជនហូប។ បាយគឺពួកវាបាយស្រួយរហូតមិនថា ខែណាជាខែណាទេ។ រឿងដែលខ្ញុំស្រណោះអាណិតបំផុតក្នុងជីវិតខ្ញុំ គឺលោកឪពុកដែលជាអ្នកមានគុណគ្មាននអ្វីប្រៀបស្មើ ហើយមានវ័យជាង ៧០ ឆ្នាំ ទៅហើយ នៅត្រូវពួកវាបង្ខំឲ្យទៅរកផ្ដៅ កាប់កូនឈើព្រៃភ្នំដែរ។ អង្គការចាត់តាំងហើយ គ្មានអ្នកណាតវ៉ាបានទេ។ លោកឪពុកក្រោកពីព្រលឹមទៅកាប់កូនឈើជាមួយគេ។ កាប់ហើយត្រូវលីយកមកភូមិវិញ ទៅបានមួយខែ មួយអាទិត្យត្រូវមានជំងឺគ្រុនចាញ់ រាគមួលសុទ្ធតែឈាម ក៏តម្រូវសម្រាកពេទ្យឃុំគេ ដែលគ្មានថ្នាំសង្កូវអ្វីក្រៅពី ឫសឈើ មើមឈើ និងយកទឹកដូងខ្ចីធ្វើសេរ៉ូមចាក់។ ឪពុកខ្ញុំដោយមានម្ដាយជរា ដែលនៅកំដរក្នុងពេទ្យគេនោះ បើករបបបបររាវ ព្រោះគេថាអ្នកជំងឺត្រូវតែហូបអីចឹង។ ដោយការអង្វរករនៅមន្ទីរពេទ្យឃុំ ឪពុកខ្ញុំត្រូវបានបញ្ជូនមកពេទ្យស្រុក (គឺនៅស្រុកកំពង់ត្រាច) ដែលជាសាលារៀនចិនពីសង្គម។ នៅពេទ្យស្រុកក៏ដូចជាពេទ្យឃុំដែរ គ្មានថ្នាំសង្កូវអ្វីទេ អ្នកជំងឺ គឺរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ អ្វីដែលស្រណោះលោកឪពុកខ្ញុំ ពេលដែលកំពុងសម្រាកហើយនៅនិយាយបាន គាត់និយាយប្រាប់ខ្ញុំថា កូនឯងមិនបាច់មើលឳទេ ឳដល់ពេលទៅហើយ កូនឯងត្រូវមើលថែរក្សាម៉ែឯងឲ្យដិតដល់ផង ហើយបើមានឱកាស ស្រុកស្រួលបួលវិញ កូនឯងដើររកបងប្អូនរស់នៅជួបជុំគ្នាផង។ ពេលនេះគាត់និយាយតិចៗថា ឯងមូលបារីឲ្យឳមួយមក ខ្ញុំក៏មូលបារីរួចដុតជូនគាត់ពិសា ពិសាបានពីរ បីហឺត ខ្ញុំក៏លាគាត់មកការដ្ឋានជិតពេទ្យនោះវិញ។ គ្រាន់តែខ្ញុំចេញផុតប្រហែលជាកន្លះម៉ោង ស្រាប់តែឃើញម្ដាយខ្ញុំដើរមកយ៉ាងលឿន ហើយយំពីចម្ងាយ ខ្ញុំក៏ចាប់អារម្មណ៍ភ្លាមថា ឳខ្ញុំយ៉ាងម៉េចហើយ ម៉ែនិយាយអួលដើមកថា កូន ឳឯងស្លាប់ហើយ ហើយមុនស្លាប់គាត់សួររកតែឯង ហើយម៉ែប្រាប់ថា កូនមកមិញហ្នឹង ដុតបារីឲ្យឯងពិសា ឥឡូវវាទៅធ្វើការហើយ។ សួរឯងផុតពីមាត់ ក៏បាត់មាត់ឈឹងតែម្ដង។ ពេលនោះខ្ញុំក៏ទៅសុំពូប្រធានកងទៅយកឪពុកទុកដាក់ឲ្យបានស្រួយបួល។ ដល់ពេទ្យគ្មានអ្វីខ្ចប់ឪពុកទេ គឺមានតែកន្ទេលស្លឹកត្នោត រួចម៉ែមានក្រណាត់សមួយដុំរុំពុក ហើយក៏សែងគាត់ជាមួយក្មួយស្រីបង្កើតខ្ញុំម្នាក់ទៀត (មីអ៊ីម) យកទៅកប់រណ្ដៅមួយក្បែរមាត់បឹងខាងលិចមន្ទីរពេទ្យគេនោះទៅ (ឪពុកស្លាប់ខែ ១០ ឆ្នាំ ១៩៧៧)។
ឆ្នាំ ១៩៧៧ វាឲ្យខ្ញុំមកការដ្ឋានភ្ជួរស្រែវិញ គឺឲ្យមេគោកញ្ចាស់ដដែល ហើយត្រូវភ្ជួរឲ្យទាន់វា បើមិនទាន់ វាទុកឲ្យយើងភ្ជួរម្នាក់ឯងរហូតដល់ហើយ ពួកវាអង្គុយជក់បារីធ្វើព្រងើយ។ ពេលមកភ្ជួរខ្លួនខ្ញុំមិនទាន់ចេះទេ គឺប្រឹងប្រែងរហូតដល់ចេះនឹងគេ។ ដោយការហេវហត់ អត់ងងុយ ហូបមិនឆ្អែត ធ្វើការហាលភ្លៀង យប់មួយនោះមកដល់រោងវិញ គឺមេឃកំពុងតែភ្លៀង មិនដឹងបានអឺជ្រក ក៏ដើររកបានធាងត្នោតដែលធ្លាក់បានពីរមកធ្វើដំបូលជ្រកសម្រាប់ដេក គឺមិនត្រូវទឹកត្រឹមចង្កេះឡើងលើ ឯពីចង្កេះមកក្រោមទទឹកជោគ ដោយយប់នោះភ្លៀងរលឹមទើសភ្លឺ តែដោយការហេវហត់ចេះតែដេកលក់ រហូតដល់មាន់រងាវត្រូវក្រោកដើរទៅភ្ជួរស្រែទៀត ដែលមានចម្ងាយ ៦-៧ គ.ម.ពីរោង។ ពេលដើរទៅលីនង្គ័ល ដឹកគោឲ្យដើរពីមុខខ្លួនខ្ញុំរហូតដល់ដេកដើរ ហើយលក់មួយភ្លែតៗក៏មានដែរ។ ពេលធ្វើហើយថ្ងៃនោះម៉ោង ១២ ថ្ងៃត្រង់គេដឹកបាយទៅដល់ ភ្លៀងរឹតតែខ្លាំងឡើង តែគេនៅតែដួសបាយសម្លឲ្យហូប គេមិនចាំរាំងភ្លៀងទេ។ បាយក៏ត្រូវទឹក សម្លក៏ត្រូវទឹក ប៉ុន្តែត្រូវតែហូបដើម្បីជីវិត។ ផុតពីភ្ជួររាស់ ក្រោយពេលដកស្ទូង ខ្ញុំត្រូវគេឲ្យទៅខាងដកដំឡូង កាច់ពោតម្ដង ព្រោះពីខែ ៨-១០ គឺជាខែត្រូវហូបពោតស្ងោរសុទ្ធ ដំឡូងមីស្ងោរសុទ្ធ ខ្ញុំគេឲ្យធ្វើជាអ្នកដាំស្លម្ដង។ បងប្អូនចូលចិត្តខ្ញុំ ស្រលាញ់ខ្ញុំខ្លាំងណាស់នាពេលនោះ ព្រោះខ្ញុំដាំបាយឲ្យគេហូបគ្រប់គ្រាន់ ស្លឆ្ងាញ់ (សម្លឆ្ងាញ់ពេលនោះ គឺខ្ញុំស្លនិងខ្ទិះដូងទុំ គ្មានម្ហូបទេ មានតែស្លឹកគ្រៃ រមៀត អំបិល ទឹកត្រី) យូរៗគេឲ្យមាន់មួយហូបមួយថ្ងៃចំនួនគ្នាហូប 30 នាក់។ ម្ហូបនេះគេថា ពិសេសហើយគ្នា ៣០ នាក់ឲ្យមាន់ ១ មួយថ្ងៃនោះ។ ពេលយប់ខ្ញុំតែងតែដុតដំឡូង អាំងដំឡូង ទុកឲ្យគ្នាមកពីកន្លែងដកដំឡូងវិញបានហូប។ ឯអង្ករវិញគេឲ្យមួយថ្ងៃម្នាក់កាចកំប៉ុង តែយើងបានហូបរាល់ថ្ងៃទៅ ទៅជាហូបថយទៅវិញ។ ដល់ខែច្រូតកាត់មកដល់ ខ្ញុំត្រូវគេបញ្ជូនមកខាងច្រូតស្រូវវិញម្ដង គឺច្រូតផង រែកកណ្ដាប់មកទុកក្នុងលានផង និងមានភារកិច្ចមួយទៀត ត្រពាំងណាធំ ស្រែជម្រៅដែលមានឈ្លើង ខ្ញុំជាអ្នកដើរបេះឈ្លើងឲ្យគេ។ សូមជម្រាបថា កន្លែងខ្លះដែលឈ្លើងច្រើន ពេលច្រូត ១ កណ្ដាប់ចងរួចឈ្លើងទាមពី ២ ទៅ ៣ ក៏មាន។ មួយព្រឹកបេះឈ្លើងបានកន្លះចានដែកក៏មានដែរ។ ឆ្នាំ ១៩៧៨ ពេលនោះមានសង្គ្រាមជាមួយវៀតណាម ក្រុមចល័តពួកខ្ញុំគេតម្រូវឲ្យទៅច្រូតនៅទល់ដែន ដែលពេលនោះកំពុងមានសង្គ្រាមគ្រាប់ប្លោង គ្រាប់ដៃបាញ់គ្នាយ៉ាងខ្លាំង តែវាបញ្ជូនឲ្យទៅ គឺច្រូតពេលយប់។ ក្នុងម្នាក់ច្រូតបានប៉ុន្មានត្រូវយកមកខ្លួនឯងទាំងអស់។ ថ្ងៃខ្លះចេញច្រូតពេលព្រឹក ឬល្ងាចក៏មាន ពេលណាចេញច្រូតពួកវៀតណាមវាប្លោងដាក់ក្ដុងក្ដាំង តែវាមិនឲ្យយើងឈប់ទេ គឺគ្រាន់តែក្រាបនៅក្នុងស្រែមួយភ្លែត ស្ងប់វាឲ្យច្រូតទៀត។ ច្រូតបានប៉ុន្មានថ្ងៃខ្ញុំមិនចាំ វាក៏ដកខ្ញុំមកឲ្យភ្ជួរធ្វើស្រែប្រាំទៀតប្រហែលជាខែ ១២ ឆ្នាំ ១៩៧៨។ ក្នុងរបប ប៉ុល ពត ចាប់ចេញពីភ្នំពេញទៅដល់ថ្ងៃ ១៨ មិថុនា ១៩៧៨ ទេវតាប្រទានកូនប្រុសមួយ (ស៊ឹន សំណាង) ដែលពេលនោះទម្ងន់នៃការអត់ឃ្លានកំពុងតែខ្លាំង។ ណាមួយអង្គការយកស្បៀងផ្គត់ផ្គង់ទ័ពដែលកំពុងប្រយុទ្ធជាមួយវៀតណាម។ អីចឹងពេលកូនកើតមកការហូបចុករឹតតែពិបាក ម្ដាយត្រូវការហូបគ្រប់គ្រាន់ បាយ សម្ល ត្រីសាច់ តែរកមិនបាន។ ពេលនោះខ្ញុំត្រូវប្រឹងប្រែង រកម្ហូបអាហារ ឲ្យប្រពន្ធកូនខ្ចី ដើម្បីឲ្យមានទឹកដោះបំបៅកូន។ ខ្ញុំយកមុងទៅអូសត្រី ក្ដាមខ្យង កូនក្អុក ក៏យកដែរ ឲ្យតែហូបបាន។ កូនក្អុកយកមកឈ្លេចពោះយកអាចម៍ចេញ ហើយយកទៅបុកកឿងស្លឹកគ្រៃ រមៀត ឆាគ្រឿងឲ្យប្រពន្ធហូបដើម្បីរស់។ ចាប់ពីខែ ១២ ១៩៧៨ មកខ្ញុំបានមកធ្វើស្រែក្នុងភូមិវិញ គឺបាននៅជិតផ្ទះងាយមើលកូន ប្រពន្ធកូនខ្ចីផង។ ចំណែកប្រពន្ធខ្ញុំវិញ កូនខ្ចីគេឲ្យសម្រាក ២ ខែទេ គឺត្រូវចុះពលកម្មទៀត ឯកូនយកទៅឲ្យចាស់ៗមើលនៅក្នុងរោងបាយសមូហភាពគេ។ ពេលឈប់សម្រាកមួយភ្លែតៗ គាត់រត់មកបំបៅកូនបានបន្តិចៗដែរ។
ដល់ថ្ងៃ ៥ មករា ១៩៧៩ ពេលនោះសេដ្ឋកិច្ចគេយកមាន់ ១ យកមកឲ្យធ្វើហូប ដោយគេឲ្យហូប ២ ពេល គ្នាដែលធ្វើការនោះ ៣០ នាក់។ ដោយអាណិតប្រពន្ធកូនខ្ចីគ្មានអីហូបដើម្បីទឹកដោះបំបៅកូន ពេលនោះខ្ញុំសម្រេចចិត្តលួចភ្លៅមាន់ ១ ហើយលាក់ទុក (ពេលនោះគេឲ្យខ្ញុំដាំស្លដដែល) សម្រាប់យកមកផ្ទះ។ ខ្ញុំសូមជម្រាបថា ពេលនោះសភាពការណ៍ដែលបានឃើញផ្ទាល់ គឺមានបងប្អូនដែលនៅខាងត្បូងកំពង់ត្រាចត្រូវគេជម្លៀសមកហូរហែ ដើរកាត់កន្លែងការដ្ឋានខ្ញុំ ពេលនោះខ្ញុំសួរគេ គេប្រាប់ថា ពួកយួនវាយចូលពីត្បូងមកខ្លាំងណាស់ ឥឡូវអង្គការដេញឲ្យទៅព្រៃភ្នំខាងជើងៗជៀសវាងពួកយួនសម្លាប់។ នៅពេលយប់នោះ (ថ្ងៃ ៥ មករា ១៩៧៩) ខ្ញុំក៏ទៅសុំពូប្រធានក្រុមថា ពូខ្ញុំសុំទៅផ្ទះមើលកូនខ្ញុំមួយភ្លែត ខ្ញុំនឹងត្រឡប់មកវិញយប់នេះទេ។ គេក៏ឲ្យទៅ ពេលនោះខ្ញុំក៏យកភ្លៅមាន់លាក់ទុកយកមកដល់ផ្ទះស្ងោរនឹងកំសៀវទឹក (ស្ងោរជ្រក់) ឲ្យប្រពន្ធនិងកូនហូប។ ហូបរួចខ្ញុំបានប្រាប់ប្រពន្ធថា ឯងរៀបចំឥវ៉ាន់ណាស្រាលៗ ដែលខ្ញុំអាចរែករួចឲ្យហើយទៅ យើងប្រហែលជាគេដេញឡើងភ្នំហើយ ព្រោះពួកយួនវាយកងទ័ពអង្គការយើងរត់ខ្ចាត់ខ្ចាយហើយ។
ប្រមាណជាម៉ោង ១០ យប់ ពួកប្រធានកង ប្រធានក្រុមក៏ដើរមកប្រាប់ឲ្យចាកចេញជាបន្ទាន់ឥឡូវនេះ ព្រោះពួកយួនវាយចូលពីកំពង់ត្រាចហើយ។ អ្វីៗដូចខ្ញុំបានត្រៀមទុកមែន ដោយឡែកតែបងប្អូនខ្លះមិនបានត្រៀមដូចខ្ញុំត្រូវទៅទាំងយប់ដោយគ្មានបានរបស់របរអ្វីទេ។ លុះចេញទៅបានបីថ្ងៃ សភាពការណ៍ជាស្ងប់បន្តិច ទើបវាឲ្យបងប្អូនយើងចូលមកយកឥវ៉ាន់បានខ្លះ។ មួយអាទិត្យក្រោយមក គឺថ្ងៃ ១៣ មករា ១៩៧៩ ខ្ញុំនឹងបងប្អូនទាំងអស់ត្រូវវាដេញទៅមុខទៀត ហើយជាសំណាង ខ្ញុំបានជួបគ្រួសារបងស្រី និងម្ដាយបង្កើតនៅព្រៃភ្នំ។ ពេលនោះខ្ញុំ និងបងស្រីព្រមទាំងម្ដាយលែងបែកគ្នាទៀតហើយ។ រស់នៅក្នុងព្រៃម្ដុំភ្នំតាកែនកោះស្លា ដោយទីកន្លែងនោះមានទំនប់ទឹកអាចមានទឹកប្រើប្រាស់បាន ឯផ្ទះក៏យកស្លឹកឈើធំៗប្រក់ដំបូលធ្វើជញ្ជាំង។ រយៈកាលដែលដេកនៅព្រៃភ្នំ វាបានបង្ខំឲ្យបងប្អូនយើងទៅច្រូតស្រូវនៅម្ដុំចូលផ្លូវជាតិលេខ ៣ ខាងលិចស្រុកឈូក ដើម្បីយកមកដាក់ជង្រុករួម ហើយត្រូវតែវេចបាយខ្លួនឯងយកទៅ។ ខ្ញុំសូមជម្រាបថា ពេលដែលវៀតណាមចូលពួកវាបានឲ្យប្រជាជនទាំងអស់អាចហូបជាឯកជន គឺហូបតាមគ្រួសាររៀងៗខ្លួន ព្រោះវារកតែប្រាស់អាយុដែរ គ្មានពេលឯណាប្រមូលផ្ដុំគ្នាហូបបាយរួមទេ។ ឯស្រូវដែលច្រូតបានវាឲ្យយើងកិន បុកជាអង្ករហើយទើបចែកតាមគ្រួសារនីមួយៗ។ ការរស់នៅក្នុងព្រៃភ្នំជិតមួយខែ គឺការរស់នៅជាឯកជន តែក្រោមការតាមដានយាមកាមយើងដដែល។ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៧៩ វេលាម៉ោង ១០ ព្រឹក រូបខ្ញុំបានរែកបំពង់ទឹកត្នោតម្ដង ៥ បំពង់ ទៅដងទឹកត្រពាំងមួយនៅចម្ងាយពីកន្លែងសម្រាក ៣០០ ម៉ែត្រ ពេលនោះខ្ញុំក៏មិនចាប់អារម្មណ៍ដែរ ព្រោះពួក ប៉ុល ពត ក៏ស្លៀកអីចឹងដែរ។ តែពេលនោះមានម្នាក់លបមកនិយាយប្រាប់ខ្ញុំថា សមមិត្តកុំភ័យអី ពួករណសិរ្សរំដោះជាតិខ្មែរយើងមកដល់ទីនេះហើយ។ ក្រោយពីបានស្ដាប់ជាសំងាត់មក ខ្ញុំក៏ត្រឡប់មកកន្លែងសម្រាកវិញ ដោយខំប្រឹងរៀបចំ ប្រដាប់ប្រដាហាក់ដូចជាទៅតាមវាអីចឹងដែរ។ ពេលខ្ញុំកំពុងតែរៀបចំនោះ ស្រាប់តែខាងរណសិរ្ស និងពួក ប៉ុល ពត បាញ់គ្នានៅមាត់បឹងខាងកើត។ ពេលនោះពួកមេកង មេក្រុមវាមកបង្ខំឲ្យរត់ឡើងភ្នំតាមវាជាបន្ទាន់ ព្រោះពួកយួនមកដល់ហើយ។ និយាយបានតែបន្តិច ពួកវាក៏រត់វឹងចេញទៅ ព្រោះវាខ្លាចជាងយើងទៅទៀត ឯខ្ញុំក៏ប្រាប់ពួកវាដែលមកដេញបន្តថា មិនអីទេពូ ខ្ញុំចេញទៅឥឡូវហើយ ដោយម៉ែគាត់ឈឺខ្លាំងមិនអាចដើរលឿនភ្លាមៗបានទេពូ។ ពេលនោះក្រុមវាក៏រត់វឹងទៅបាត់ទៀត ឯប្រជាពលរដ្ឋក៏ជ្រួលច្របល់ ខ្លះមិនដឹងដូចខ្ញុំ ក៏រត់ឡើងភ្នំតាមវា ឯអ្នករោងជិតៗខ្ញុំ ក៏មកតាមខ្ញុំ គឺរត់បញ្ច្រាសមកខាងរណសិរ្សវិញ ព្រោះខ្ញុំបានដឹងរឿងរួចទៅហើយ។ ជាង ១ ម៉ោង ស្ងប់គ្រាប់កាំភ្លើង ខ្ញុំ និងគ្រួសារ ចាប់ផ្ដើមដើរផង រត់ផង ចូលមកក្នុងការការពាររបស់រណសិរ្ស។ តាំងពីម៉ោង ១០ ព្រឹកដើររហូតដល់ព្រលប់ទើបហ៊ានឈប់ ពេលនោះខ្ញុំមានជំងឺគ្រុនក្ដៅ ឯម្ដាយឈឺទៀត ខ្ញុំត្រូវរែកអម្រែកផង ដូច្នេះត្រូវរែកអម្រែកដើរទៅមុខ បានប្រហែលជា ១០០ ទៅ ២០០ ម៉ែត្រ ដាក់អម្រែកទុក រត់ត្រឡប់មកអៀវម្ដាយខ្ញុំយកទៅដល់កន្លែងអម្រែកនោះ រួចចាប់រែកទៅមុខបន្តទៀត រួចរត់មកអៀវម្ដាយជាបន្តៗៗ រហូតដល់ព្រលប់ឈប់សម្រាក ដើម្បីដាំបាយហូបព្រោះប្រឹងដើរ-រត់តាំងពីម៉ោង ១០ ព្រឹកមកវាអស់កម្លាំងហេវហត់ខ្លាំងណាស់ហើយ។ ម៉ោងប្រហែលជា ១០ យប់ ក្រោយពីហូបបាយហើយ ខ្ញុំ និងបងប្អូនដែលរត់គេចមកនេះ ក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៀត បងប្អូនខ្លះមកមិនទាន់រួចរង់ចាំព្រឹកឡើងទើបបន្តមកតាមក្រោយទៀត។ ថ្ងៃទី ១ យើងរត់គេចចេញបាន ថ្ងៃទី ២ ដើរមកដល់ដងទង់ ថ្ងៃទី ៣ នៅភូមិសូភី ថ្ងៃទី ៤ នៅស្រែជា ថ្ងៃទី ៥ នៅកំពង់ត្រាច ថ្ងៃទី ៦ នៅវិទ្យាល័យទូកមាស ថ្ងៃទី ៧ ដេកនៅច្រកសៀម ថ្ងៃទី ៨ ដេកនៅតានី ថ្ងៃទី ៩ ដេកនៅបារាយវិហារពីរ ថ្ងៃទី ១០ ដល់ស្រុកកំណើត ភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្ត តាកែវ (ថ្ងៃ ១៩ កុម្ភៈ ១៩៧៩) មកដល់ស្រុកកំណើតវិញ ខាងភូមិគេប្រគល់ផ្ទះខ្ទម ១ ប្រហែល ៣ ម x ៤ ម និងស្រូវប្រហែលជា ១០ តៅ។ ពេលនោះខ្ញុំ និងប្រពន្ធក៏ខំប្រឹងដើររើសគួរស្រូវ បូតបានគ្រាន់ហូបនឹងគេ។ ដល់ខែមេសា គេឲ្យចូលធ្វើគ្រូបង្រៀនក្មេងដែលសល់ពីជំនាន់ ប៉ុល ពត ពេលនោះបង្រៀនផង ធ្វើស្រែផង ព្រោះមានភ្លៀងធ្លាក់បណ្ដើរៗ ហើយឯស្រែ គឺធ្វើតាមក្រុមរួម។ ដល់ខែកក្កដា ១៩៧៩ ខ្ញុំមកភ្នំពេញម្ដង ដើម្បីរកបងប្អូន មិត្តភ័ក្ដិ ពេលនោះខ្ញុំមកជួបមិត្តភ័ក្ដិ ដែលនៅរស់គេមកចាប់អោបខ្ញុំ ហើយយំទាំងអស់គ្នា។ ពេលនោះខ្ញុំមិនទាន់ចូលធ្វើការទេ។ ខែមករា ១៩៨០ ខ្ញុំមកភ្នំពេញទៀត ហើយដាក់ពាក្យចូលធ្វើការនៅមន្ទីរពាណិជ្ជកម្មក្រុងភ្នំពេញ។ ខែមីនា ១៩៨០ រដ្ឋបានចាប់ផ្ដើមបោះក្រដាសប្រាក់ចាយ ខ្ញុំក៏បានចូលធ្វើការនៅខែមីនា ១៩៨០ នោះដែរ ដោយបានប្រាក់បៀវត្សរ៍មួយខែ ១០៥ រៀល។ ពេលធ្វើការនៅមន្ទីរពាណិជ្ជកម្មក្រុង គឺខ្ញុំត្រូវចាត់តាំងធ្វើជាគណនេយ្យនៅអគារតំបន់ ៤ (ភ្លើងស្ទប់ទេពផន) ហើយផ្ទះរដ្ឋឲ្យនៅពីលើអាគារតែម្ដង។ ធ្វើជាគណនេយ្យនៅអាគារតំបន់ ៤ នេះបានរហូតដល់ខែមករា ១៩៨១ មន្ទីរបានចាត់តាំងឲ្យខ្ញុំមកធ្វើជាគណនេយ្យបូកសរុបនៅក្រុមហ៊ុនស្បៀងវិញ។ ធ្វើជាគណនេយ្យបូកសរុបបាន ៣ ខែ មន្ទីរបានចាត់តាំងរូបខ្ញុំឲ្យធ្វើជាប្រធានគណនេយ្យ ក្រុមហ៊ុនប្រេងឥន្ធនៈដែលមានទីតាំងនៅខាងកើតសណ្ឋាគារស (ឈ្មោះពីមុន សណ្ឋាគារប៉ៃលិន)។ ធ្វើជាប្រធានគណនេយ្យក្រុមហ៊ុននេះ ដែលគ្រប់គ្រងសាខាក្រោមឱវាទ ២២ សាខា។ ចាប់ពីខែមីនា ១៩៨១ ដល់ចុងឆ្នាំ ១៩៩០ សាខាក្រុងតំរូវឲ្យខ្ញុំមកធ្វើជាអនុប្រធានគណនេយ្យអគ្គិសនីកម្ពុជាវិញ ដោយយោងតាមប្រវត្តិខ្ញុំធ្លាប់ធ្វើជាគណនេយ្យអគ្គិសនីកម្ពុជានេះពីសង្គមចាស់ រហូតដល់ថ្ងៃ ១៧ ឧសភា ១៩៧៥។ ធ្វើជាអនុប្រធានគណនេយ្យបានមួយឆ្នាំ ខ្ញុំត្រូវក្រុមហ៊ុនចាត់ឲ្យទៅធ្វើជាអនុប្រធានអគ្គិសនីក្រុងព្រះសីហនុ ដែលមុខខ្ញុំទៅធ្វើនេះ (ជំនាន់លោក ឃឹម បូ ជាចៅហ្វាយក្រុង) ភ្លើងកំពង់សោមឆេះបានតែ ៦ ម៉ោងទេ គឺបើកម៉ោង ១៨:០០ ដល់ម៉ោង ២៤:០០ តែក្រោយពេលដែលមានការគ្រប់គ្រង និងរៀបចំបានត្រឹមត្រូវ ភ្លើងកំពង់សោម គឺ ២៤ លើ ២៤ ម៉ោង ដែលធ្វើឲ្យលោកចៅហ្វាយក្រុងមានការសរសើរយ៉ាងខ្លាំង។ ឆ្លៀតពេលនៅកំពង់សោមនោះ ខ្ញុំក៏បានជួយមើលការខុសត្រូវសណ្ឋាគារមិត្តភ័ក្ដិម្នាក់ (សណ្ឋាគារ សុរិយា) ដែលចាប់ដំណើរកាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៩៣ តមក។ ក្រោយពេលបោះឆ្នោតឆ្នាំ ១៩៩៣ ខ្ញុំក៏ត្រឡប់មកនៅភ្នំពេញវិញ។ សម្រាកមួយរយៈ ក៏បានជួបមិត្តភ័ក្ដិគេអោយចូលធ្វើការជាគណនេយ្យនៅក្រុមហ៊ុនហូលីម៉េច (របស់ថៅកែ ហ៊ឹម ហុង)។ ធ្វើបានជិតមួយឆ្នាំ ពេលនោះប្អូនថៅកែហុងក៏បានបើកក្រុមហ៊ុនថ្មីមួយទៀត ខ្ញុំក៏បានចេញមកធ្វើការជាមួយក្រុមហ៊ុនថ្មី (តាំង សេង) ពីខែកក្កដា ១៩៩៤ រហូតដល់សព្វថ្ងៃនេះ។
មនុស្សច្រើនលាននាក់ណាស់ ដែលរស់នៅហើយមានការចងចាំនូវមហាអាស្រូវ មហាយង់ឃ្នងរបស់ពួក ប៉ុល ពត។ ប្រហែលក្មេងៗសម័យក្រោយនេះគិតថា ជារឿងមួយដែលខ្ញុំបានប្រឌិត។ តាមពិតទៅវាជារឿងពិត ហើយមហាសង្វេគណាស់ក្នុងរបប ប៉ុល ពត នេះ។ តាមពិតខ្ញុំលើកមិនអស់ទេនូវសកម្មភាព ដែលឃើញជាក់ស្ដែង ហើយលើកមិនបានគ្រប់ជ្រុងជ្រោយទេ។ ខ្ញុំសូមជម្រាបថា តែរយៈពេលមួយប៉ប្រិចភ្នែក គឺ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្ញុំត្រូវបាត់បង់សមាជិកគ្រួសារអស់ ១៤ នាក់ (ឪពុកបង្កើត បងប្អូនបង្កើត ក្មួយដែលមិនទាន់ដឹងអី) ។
ជាទីបញ្ចប់នៃជីវិតខ្ញុំនេះក៏ដូចជាបងប្អូនប្រជាជនកម្ពុជាទាំងអស់ គឺចង់ឃើញ ចង់បានតុលាការយុត្តិធម៌មួយ កាត់ទោស ពួកមេដឹកនាំប្រល័យពូជសាសន៍នេះ ដើម្បីឲ្យវិញ្ញាណក្ខន្ធអ្នកដែលស្លាប់នោះអស់ចិត្ត និងដើម្បីឲ្យព្រលឹងអ្នកដែលបានស្លាប់បានសោយសុខក្នុងសុគតិភពផង។
ភ្នំពេញ, ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០០
ស៊ឹន អ៊ាន
ស៊ឹន អ៊ាន